សេចក្តីប្រកាសព័ត៌មាននេះបានធ្វើឡើងនៅពេលដែលតុលាការខ្មែរក្រហមនឹងរៀបចំកិច្ចប្រជុំចាប់ពីថ្ងៃទី២ ដល់ទី៩ ខែកុម្ភៈខាងមុខនេះ ដើម្បីធ្វើវិសោធនកម្មទៅលើវិធានផ្ទៃក្នុងនិងបទបញ្ញត្តិនានាទាក់ទិននឹងការចូលរួមរបស់ជនរងគ្រោះនិងដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីឲ្យដំណើរការនីតិវិធីនៃតុលាការខ្មែរក្រហមមានប្រសិទ្ធភាពលើករណីសំណុំរឿង០០២។
ការទទូចសុំរបស់គណៈកម្មាធិការប្រព្រឹត្តិកម្មរួមមាន ៖ ទី១ តុលាការខ្មែរក្រហមគប្បីធានាឲ្យមានកម្មវិធីនានាសម្រាប់ឲ្យមានការចូលរួមពីជនរងគ្រោះ ដូចជាបង្កើតបទបញ្ញត្តិរដ្ឋបាល និងរចនាសម្ព័ន្ធថវិកាដែលមានប្រសិទ្ធភាពក្នុងការអនុវត្ត, ទី២ ធានាថា ក្របខ័ណ្ឌជំនួយផ្នែកច្បាប់ដែលមានលក្ខណៈត្រឹមត្រូវសម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី មានធនធានគ្រប់គ្រាន់ដើម្បីអាចមានតំណាងតាមផ្លូវច្បាប់ដ៏សមរម្យ, ទី៣ សម្រាប់តួនាទីរបស់មេធាវីដើមបណ្តឹងរដ្ឋប្បវេណីមិនត្រូវដាក់កម្រិតឲ្យហួសពីការចាំបាច់ ប្រយោជន៍ដើម្បីធានានូវប្រសិទ្ធភាពនៃសវនាការ, ទី៤ ពន្យារការធ្វើវិសោធនកម្មទៅលើវិធានមួយចំនួនដែលទាក់ទិននឹងសំណង ដោយទុកពេលវេលាឲ្យចៅក្រមពិនិត្យពិចារណាឲ្យបានពេញលេញនូវគោលនយោបាយសំណង ដោយមានការពិភាក្សាជាមួយភាគីពាក់ព័ន្ធដទៃទៀតផង៕
