បន្ទាប់ពីតុលាការខេត្តតាកែវកាលពីព្រឹកថ្ងៃសុក្របានលើកលែងការចោទប្រកាន់ចំពោះលោក សុខ សេរី ដែលជាអ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរីក្នុងបណ្តឹងផ្សាយព័ត៌មានមិនពិតនោះមក ក្លឹបអ្នកកាសែតកម្ពុជា (កអក) បានសម្ដែងការស្វាគមន៍ និងអបអរចំពោះការសម្រេចរបស់សាលាដំបូងខេត្តតាកែវនេះ ហើយនិងចាត់ទុកថា ការសម្រេចខាងលើគឺជាគំរូមួយក្នុងការអនុវត្តនីតិវិធីលើរឿងក្តីទាក់ទងនឹងសេរីភាពសារព័ត៌មាន ហើយនិងអ្នកកាសែតដែលបំពេញតួនាទីដ៏សំខាន់ដើម្បីបម្រើផលប្រយោជន៍សាធារណៈនោះ។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី១៩ កុម្ភៈ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានចេញសេចក្តីប្រកាសព័ត៌មានស្វាគមន៍ចំពោះការសម្រេចរបស់តុលាការខេត្តតាកែវដែរដែលលើកលែងការចោទប្រកាន់លោក សុខ សេរី បើទោះបីជាមជ្ឈមណ្ឌលមានការសោកស្តាយចំពោះការផ្តន្ទាទោសពលរដ្ឋម្នាក់ឈ្មោះ នី សាន ពីបទបំផ្លាញទ្រព្យសម្បត្តិដោយចេតនានោះក្តី។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបន្តថា ការសម្រចស្តីពីការលើកលែងការចោទប្រកាន់នេះជាការជួយជំរុញដល់ការអភិវឌ្ឍសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ហើយមជ្ឈមណ្ឌលក៏សម្ដែងក្តីសង្ឃឹមថា ការសម្រេចនេះនឹងជាគំរូដល់ប្រព័ន្ធតុលាការក្នុងការប្រឹងប្រែងលើកតម្កើងសិទ្ធិមនុស្សជាមូលដ្ឋាននិងជាសកលនេះ៕
