អង្គការសមាគមការពារសិទ្ធិមនុស្ស និងសិទ្ធិកុមារនៅកម្ពុជាយ៉ាងតិច ៦អង្គការធំៗ រួមមាន ADHOC និង CDP បានចេញសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃសុក្រថា អំពើហិង្សា និងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធមិនត្រឹមត្រូវ ប្រឆាំងនឹងប្រជាពលរដ្ឋស៊ីវិល ដែលទាក់ទិននឹងបញ្ហាវិវាទដីធ្លីប៉ុន្មានឆ្នាំមកនេះ បង្ហាញនូវកម្រិតប្រើអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើង ក្នុងការបង្ក្រាបអ្នកតវ៉ា។
បើគិតក្នុងអំឡុងពេលតែ ៥ខែ ដើមឆ្នាំ២០១២ គឺមានឧប្បត្តិហេតុហិង្សាប្រើអាវុធយ៉ាងតិច ៤ករណី រួមទាំងការបាញ់សម្លាប់កុមារី ហេង ចន្ថា នៅខេត្តក្រចេះ កាលពីថ្ងៃទី១៦ ខែឧសភា នេះផង។
អង្គការសង្គមស៊ីវិលទាំងនេះបញ្ជាក់ថា សហគមន៍ជាតិ និងអន្តរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការណ៍ដែលអាជ្ញាធររដ្ឋមិនអាចគ្រប់គ្រងលើកងកម្លាំងយោធា និងប៉ូលិស ដែលប្រើប្រាស់ហិង្សាបង្ក្រាបអ្នកតវ៉ា ដើម្បីការពារប្រយោជន៍ក្រុមហ៊ុនឯកជននោះ។
អង្គការមិនមែនរដ្ឋាភិបាលទាំងនោះអំពាវនាវឲ្យប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់ដទៃទៀតអនុវត្តអធិបញ្ជារបស់ខ្លួន ដើម្បីបញ្ឈប់អំពើបំពានច្បាប់ដែលឋិតក្រោមឥទ្ធិពលរបស់ក្រុមហ៊ុនឯកជន។
សេចក្ដីថ្លែងការណ៍អំពាវនាវអោយមានការស៊ើបអង្កេតជាបន្ទាន់ ដោយឯករាជ និងតម្លាភាពទៅលើករណីបាញ់សម្លាប់កុមារី ហេង ចន្ថា នៅខេត្តក្រចេះ និងករណីផ្សេងទៀត មានដូចជាករណីលោក ឈុត វុទ្ធី ជាដើម៕
