អង្គការ​អន្តរជាតិ​អបអរ​និង​បារម្ភ​ចំពោះ​ដំណើរការ​តុលាការ​ខ្មែរ​ក្រហម

អង្គការ​អន្តរជាតិ​ដែល​ឃ្លាំ​មើល​សាលាក្ដី​ខ្មែរ​ក្រហម បាន​សម្ដែង​ការ​អបអរ​សាទរ លាយឡំ​នឹង​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរការ​តុលាការ​ខ្មែរ​ក្រហម ក្រោយ​ពេល​តុលាការ​នេះ​បាន​កាត់​ទោស​អតីត​ប្រធាន​មន្ទីរ ស-២១ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣៥​ឆ្នាំ។

0:00 / 0:00

អង្គការ​ទាំង​នោះ​កំពុង​ព្រួយ​បារម្ភ​ចំពោះ​ការ​កាត់​ទោស​បន្ត​បន្ទាប់​ទៀត លើ​ករណី​សំណុំរឿង ០០៣ និង ០០៤ ដោយ​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ទៅ​ក្នុង​តុលាការ​ខ្មែរ​ក្រហម។ កន្លង​មក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​មិន​ឲ្យ​មាន​ការ​សេចក្ដី​ជន​សង្ស័យ​បន្ថែម​ទៀត ដោយ​សំអាង​ថា ខ្លាច​កើត​មាន​សង្គ្រាម​ស៊ីវិល​ឡើង​វិញ។

អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ ដែល​ឃ្លាំ​មើល​ដំណើរ​តុលាការ​ខ្មែរ​ក្រហម និង​ប្រទេស​ម្ចាស់​ជំនួយ បាន​ស្វាគមន៍​ចំពោះ​ការ​កាត់​ទោស​អតីត​ប្រធាន​មន្ទីរ ស-២១ កាំង ហ្កេកអ៊ាវ ហៅ ឌុច ឲ្យ​ជាប់​ពន្ធនាគារ ៣៥​ឆ្នាំ ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​ក្នុង​មន្ទីរ ស-២១ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង ១​ម៉ឺន​នាក់។

ទោះ​បី​ជា​យុត្តិធម៌​ដំបូង​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​ជន​រងគ្រោះ ក្នុង​រយៈពេល​ជាង ៣០​ឆ្នាំ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ កក្កដា ក៏​ដោយ ប៉ុន្តែ​អង្គការ​ទាំង​នោះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរការ​បន្ត​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ក្នុង​ការ​កាត់​ក្តី​ករណី ០០៣ និង ០០៤ ដោយសារ​មាន​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​ពី​សំណាក់​រដ្ឋាភិបាល មិន​ចង់​ឲ្យ​មាន​កាត់​ទោស​ជន​សង្ស័យ​បន្ថែម។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ជាតិ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០០៩ បាន​ដាក់​បន្ថែម​សំណុំរឿង ០០៣ និង ០០៤ ដោយ​បាន​បង្ហាញ​ជន​សង្ស័យ​បន្ថែម​ចំនួន ៥​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ចំនួន ៤០​ករណី ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វៀល រ៉ូប៉ឺតសុន (Phil Robertson) នៅ​ថ្ងៃ​អង្គារ ទី​២៧ កក្កដា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ស៊ើប​អង្កេត​លើ​ជន​សង្ស័យ​បន្ថែម​ក្នុង​ករណី ០០៣ និង ០០៤ ដោយ​កន្លង​មាន​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​តុលាការ​ខ្មែរ​ក្រហម ដោយ​មិន​ឲ្យ​មាន​ការ​កាត់​ទោស​បន្ថែម។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ Human Rights Watch កាល​ពី​ថ្ងៃ​ច័ន្ទ ថ្លែង​ថា ទោះ​បី​ការ​កាត់​ទោស ឌុច ឲ្យ​ជាប់​ពន្ធនាគារ​ជា​យុត្តិធម៌​ដំបូង​ក៏​ដោយ ប៉ុន្តែ​នៅ​មាន​ការ​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ច្រើន​ជាង​នេះ​ទៅ​ទៀត ដើម្បី​រក​ឲ្យ​បាន​យុត្តិធម៌​ពិត​ប្រាកដ​សម្រាប់​កម្ពុជា។ ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ដោយ​រដ្ឋាភិបាល​កម្ពុជា អាច​រារាំង​ការ​ចោទ​ប្រកាន់ និង​ការ​កាត់​ទោស​សំខាន់​ៗ​មួយ​ចំនួន​ទៀត។

កាល​ពី​ខែ​មិថុនា សហ​ចៅក្រម​ស៊ើប​អង្កេត​អន្តរជាតិ លោក ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) ប្រកាស​នឹង​បន្ត​ការ​ស៊ើប​អង្កេត​សំណុំរឿង ០០៣ និង ០០៤ ទោះ​បី​ជា​សម​ភាគី​របស់​គាត់ សហ​ចៅក្រម​ស៊ើប​អង្កេត​កម្ពុជា លោក យូ ប៊ុនឡេង ជំទាស់​មិន​ព្រម​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ដោយ​សំអាង​ថា តុលាការ​កំពុង​រវល់​នឹង​សំណុំរឿង ០០២។

លោក ហ្វៀល រ៉ូប៉ឺតសុន បន្ថែម​ថា បច្ចុប្បន្ន​នេះ​ពិត​ជា​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ចូល​កិច្ចការ​របស់​តុលាការ​ខ្មែរ​ក្រហម ៖ «ការ​ព្រួយ​បារម្ភ​របស់​យើង​ធំ​បំផុត​គឺ​ករណី ០០៣ និង ០០៤ ដែល​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ ​បាន​ស្នើ​ឲ្យ​ករណី​បន្ត​ទៅ​មុខ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា រួម​ទាំង​នាយក​រដ្ឋមន្ត្រី ធ្លាប់​បាន​មាន​ប្រសាសន៍​ថា ពួក​គេ​មិន​យល់ព្រម​ចំពោះ​ករណី​នេះ ហើយ​បាន​បញ្ជា​ឲ្យ​តុលាការ​ខ្មែរ​ក្រហម​ផ្នែក​ខាង​កម្ពុជា កុំ​ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ទាំង​នោះ។ នេះ​ជា​ការ​ព្រួយ​បារម្ភ ហើយ​ប្រសិន​បើ​ករណី​នេះ​នៅតែ​បន្ត វា​អាច​ក្លាយ​ជា​ការ​ជ្រៀតជ្រែក​នយោបាយ​ដែល​យើង​ត្រូវ​ប្រឆាំង»

ចំណែក​អង្គការ​សិទ្ធិ​មនុស្ស Amnesty International កាល​ពី​ថ្ងៃ​២៦ កក្កដា ក៏​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ស្រដៀង​នឹង​អង្គការ Human Rights Watch ដែរ​ថា មក​ទល់​នឹង​ពេល​នេះ​មានតែ​ជន​សង្ស័យ​មួយ​ចំនួន​តិចតួច​ប៉ុណ្ណោះ ដែល​នឹង​ត្រូវ​កាត់​ទោស​ដោយ​តុលាការ​ខ្មែរ​ក្រហម។

នាយក​រង​ប្រចាំ​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិច​របស់​អង្គការ Amnesty International លោក ដនណា ហ្កេស (Donna Guest) បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ កក្កដា ថា ការ​នាំ​ខ្លួន​ជន​សង្ស័យ​តិចតួច​មក​កាត់​ទោស វា​ជា​ការ​មិន​បាន​បំពេញ​តួនាទី​គ្រប់គ្រាន់​របស់​តុលាការ​ខ្មែរ​ក្រហម។ ការ​បង្ហាញ​ជន​សង្ស័យ​ចំនួន​តែ​ពី ៥ ទៅ ១០​នាក់ វា​មិន​គ្រប់គ្រាន់​ក្នុង​ការ​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាជន​កម្ពុជា ដែល​គួរតែ​ទទួល​បាន​យុត្តិធម៌​ពេញលេញ​តាម​ច្បាប់​អន្តរជាតិ។

តុលាការ​ខ្មែរ​ក្រហម បច្ចុប្បន្ន​កំពុង​ឃុំឃាំង​អតីត​មេ​ដឹកនាំ​ជាន់​ខ្ពស់​ខ្មែរ​ក្រហម​ចំនួន ៤​នាក់ ក្នុង​សំណុំរឿង ០០២ រួម​មាន នួន ជា, ខៀវ សំផន, អៀង សារី និង អៀង ធីរិទ្ធ។

មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​តុលាការ​ខ្មែរ​ក្រហម បដិសេធ​នៅ​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​មិន​បាន​ជ្រៀតជ្រែក​ចូល​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ទេ។

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​តុលាការ​ខ្មែរ​ក្រហម លោក រាជ សម្បត្តិ នៅ​ថ្ងៃ​អង្គារ​បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា មាន​ការ​គាប​សង្កត់​តុលាការ​ខ្មែរ​ក្រហម មិន​ឲ្យ​នាំ​ខ្លួន​ជន​សង្ស័យ​បន្ថែម​មក​តុលាការ។

លោក រាជ សម្បត្តិ បាន​បញ្ជាក់​ថា ៖ «គេ​បាន​សាទរ​ជាមួយ​នឹង​សាលក្រម​ហ្នឹង តែ​ពួក​ក្រុម​គាត់​ហ្នឹង​តាំង​ពី​ដើម​មក គាត់​មិន​ដែល​សាទរ​ទេ! អ៊ីចឹង​នេះ​ជា​ចំណុច​វិជ្ជមាន​ខ្លាំង​ណាស់​សម្រាប់​តុលាការ។ រឿង​រ៉ាវ​ដទៃ​ទៀត​ដែល​គេ​ព្រួយ​បារម្ភ គេ​ពុំ​ត្រូវ​សួរ​ទេ ទាក់ទង​នឹង​ការ​ជ្រៀតជ្រែក​ពី​ខាង​ក្រៅ​អី! យើង​ត្រូវ​ដឹង នេះ​គឺ​ជា​តុលាការ គេ​ធ្វើ​អី​ទៅ​តាម​ច្បាប់! អ្នក​ថា គាត់​ចេះ​តែ​ថា​ទៅ​ហ្នឹង!»

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​មិន​បាន​លូក​ដៃ​ចូល​កិច្ចការ​របស់​តុលាការ​ខ្មែរ​ក្រហម ក្នុង​ការ​សម្រេច​ចិត្ត​នាំ​ខ្លួន​ជន​សង្ស័យ​បន្ថែម​ទេ។ លោក​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​តែងតែ​ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ទាំង​នោះ​គ្មាន​ការ​ពិត​ទេ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ស្ថានទូត​បារាំង និង​ជប៉ុន នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា បាន​ស្វាគមន៍​ការ​ប្រកាស​សាលក្រម ឌុច។ សេចក្ដី​ថ្លែង​ការណ៍​ទាំង ៣ បាន​សរសើរ​ការងារ​ឯករាជ​របស់​ចៅក្រម​ជាតិ និង​អន្តរជាតិ ក្នុង​ការ​ពង្រឹង​យុត្តិធម៌​តាម​លក្ខណៈ​អន្តរជាតិ៕