ក្រសួងមហាផ្ទៃបានចេញសេចក្ដីព្រាងច្បាប់លើក៣ ដែលមានការផ្ដល់យោបល់នៅថ្ងៃទី២៩ ខែកក្កដា ប៉ុន្តែក្រុមសង្គមស៊ីវិលមួយចំនួននៅតែមិនទាន់ចាត់ទុកថា គួរជាទីពេញចិត្តនៅឡើយ។
ថ្លែងជម្រាបកិច្ចប្រជុំមួយនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃសុក្រ ទី១២ ខែសីហា ដែលរៀបចំដោយអង្គការ Oxfam America លោក លុន បូរិទ្ធី នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែពិនិត្យពិចារណាថែមទៀតទៅលើអនុសាសន៍ពីក្រុមសង្គមស៊ីវិល ដែលបំពេញការងារក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ ទោះជាសេចក្ដីព្រាងច្បាប់លើកទី៣នោះ មានដាក់បញ្ចូលយោបល់ពីសង្គមស៊ីវិលខ្លះហើយក៏ដោយ។
លោកបន្តថា ៖ «យើងមានអារម្មណ៍ថា ជាការសំខាន់ណាស់ដែលសង្គមស៊ីវិលត្រូវមានភាពទូលំទូលាយ ដើម្បីអនុញ្ញាតឲ្យពួកគេអាចបន្តបម្រើជនក្រីក្រ និងមនុស្សដែលងាយទទួលរងគ្រោះ...»។
លោកបានលើកចំណុចមួយចែងក្នុងមាត្រា៦ ដែលថា គ្រប់អង្គការក្រៅរដ្ឋាភិបាល ទាំងអង្គការជាតិ បង្កើតឡើងតាមមូលដ្ឋាន ទាំងអង្គការអន្តរជាតិ ត្រូវចុះឈ្មោះក្នុងបញ្ជីរបស់រដ្ឋាភិបាលឡើងវិញនោះ ហើយថា ក្រុមសង្គមស៊ីវិលបានជួបផ្ដល់យោបល់ជូនក្រុមអ្នកធ្វើច្បាប់ក្នុងសភារួចហើយ។
លោក លុន បូរិទ្ធី មានប្រសាសន៍ទៀតថា ៖ «យើងបានចាត់វិធានការទៅជួបពិភាក្សាជាមួយសមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ដោយចែករំលែកការព្រួយបារម្ភ រួមនឹងអនុសាសន៍របស់យើង ថាតើគួរធ្វើបែបណាឲ្យក្រុមសង្គមស៊ីវិលអាចធ្វើការងារបានស្រួល ដើម្បីបម្រើប្រជាពលរដ្ឋនៅកម្ពុជា»។
អ្នកស្រី Sue Vaughn អ្នកចាត់ចែងកម្មវិធីសម្រាប់កិច្ចការអាស៊ីអាគ្នេយ៍ និងសាសនាអន្តរជាតិនៃអង្គការ Freedom House ថ្លែងស្របជាមួយនឹងលោក លុន បូរិទ្ធី នាឱកាសនោះថា ទោះជាជិតហួសពេលវេលាបន្តិចទៅហើយក្ដី ដែលថា សេចក្ដីព្រាងច្បាប់នោះនឹងចូលជាធរមាន ច្បាប់នោះក៏នៅសល់ពេលបន្តិចដែរដើម្បីនឹងកែលម្អ ៖ «ខ្ញុំគិតថា កម្ពុជាមានសន្តិភាពដែលមិនធ្លាប់មាននោះអស់រយៈពេលប្រមាណជាង ១០ឆ្នាំមកហើយ។ កម្ពុជាមានកំណើនសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុន។ ទាំងអស់នេះជាទិដ្ឋភាពល្អប្រពៃហើយដែលយើងត្រូវទទួលស្គាល់ ប៉ុន្តែបើមានសង្គមស៊ីវិលធ្វើការងាររស់រវើកថែមទៀតនោះ វានឹងកាន់តែនាំទៅរកការអនុវត្តលទ្ធិប្រជាធិបតេយ្យរស់រវើកផងដែរ»។
អ្នកស្រីបារម្ភថា ៖ «បើកម្ពុជាសម្រេចចិត្តយកច្បាប់បែបនោះដើម្បីអនុវត្ត ដែលនឹងរឹតត្បិតសង្គមស៊ីវិលទៅវិញនោះ កម្ពុជានឹងបាត់បង់កិត្តិនាមគួរឲ្យទុកចិត្ត ទាំងនៅក្នុងភូមិភាគនេះ ទាំងនៅលើឆាកអន្តរជាតិ»។
ជាមួយគ្នានេះ អ្នកស្រីបញ្ជាក់ថា កម្ពុជាត្រូវតែបង្ហាញសហគមន៍អន្តរជាតិ និងដៃគូក្នុងតំបន់អាស៊ីអាគ្នេយ៍ ថាខ្លួនយកចិត្តទុកដាក់ពិតប្រាកដនឹងរឿងប្រជាធិបតេយ្យ៕