កម្មវិធីនេះក៏ដើម្បីប្រមែប្រមូលកុមារកូនចៅអ្នកស្រុកនៅជនបទក្នុងខេត្តទាំងពីរនោះ បានអានសៀវភៅ និងបង្កើនចំណេះដឹងដល់ការសិក្សារបស់គេ ពីព្រោះថា សព្វថ្ងៃកុមារនៅតំបន់ជនបទនៃខេត្តទាំងនោះភាគច្រើនគេពុំសូវមានលទ្ធភាពក្នុងការអានសៀវភៅទេ ហើយចំណេះដឹងទូទៅរបស់គេក៏នៅខ្សោយដែរ។
អ្នកជំនាញផ្នែកវិស័យអប់រំបានបញ្ជាក់ថា ការអានសៀវភៅឲ្យបានច្រើន និងញឹកញាប់នោះ គឺជាផ្នែកមួយជួយបណ្ដុះបញ្ញាដល់អ្នកអាន ឬក៏អាចពង្រីកចំណេះដឹងបានកាន់តែខ្ពស់ ពោលគឺគេអាចដឹងអំពីព្រឹត្តិការណ៍ផ្សេងៗដែលបានកើតមាននៅក្នុងសង្គមជាតិផង ហើយនិងបានដឹងនូវរាល់បញ្ហាទាំងឡាយក្នុងពិភពលោកផង។
ដោយឡែកនៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃ ចំពោះការអានសៀវភៅគេឃើញហាក់នៅមានកម្រិតទាបនៅឡើយទាំងមនុស្សពេញវ័យ និងកុមារ ពិសេសគឺកុមារដែលនៅតំបន់ដាច់ស្រយាលក្នុងខេត្តនានា។ បញ្ហានេះក៏ដោយសារតែកត្តាច្រើនយ៉ាងដូចជាពុំសូវមានការជួយលើកទឹកចិត្តឲ្យកុមារចូលចិត្តអានសៀវភៅ មានបញ្ហាខ្វះខាតបណ្ណាល័យនៅក្នុងសាលារៀន ហើយនិងនៅតាមសហគមន៍ ឬមួយក៏ខ្វះសៀវភៅសម្រាប់ឲ្យកុមារអានជាដើម។
ដើម្បីជួយដោះស្រាយបញ្ហានេះ មានអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងក្រៅស្រុកមួយចំនួនដែលកំពុងជួយអភិវឌ្ឍន៍ផ្នែកវិស័យអប់រំនៅកម្ពុជា ដូចជាអង្គការស៊ីប៉ាជាដើម បានបង្កើតនូវបណ្ណាល័យតាមសាលារៀននានានៅក្នុងខេត្តផ្សេងៗ។ រហូតមកដល់ពេលនេះមានបណ្ណាល័យប្រមាណជាង ២០០កន្លែង ដែលកំពុងបម្រើការអានរបស់កុមារសិស្សានុសិស្សនៅក្នុងសាលារៀន។
បើទោះបីជាយ៉ាងនេះក៏ដោយ គេឃើញមានកុមារជាច្រើនទៀតដែលនៅក្រៅសាលា គឺនៅមិនទាន់អាចមានឱកាសបានអានសៀវភៅនៅឡើយទេ។
ប្រការនោះហើយទើបអង្គការស៊ីប៉ា ដោយសហការជាមួយអង្គការយុវតារាកម្ពុជា គេបានបង្កើតបណ្ណាល័យចល័តនៅតាមតំបន់ភូមិស្រុកក្នុងខេត្តផ្សេងៗបន្ថែមទៀត។ តួយ៉ាងដូចជាប៉ុន្មានឆ្នាំកន្លងមកនេះ គេបានបង្កើតបណ្ណាល័យចល័តនៅក្នុងឃុំចំនួន ១០ នៃខេត្តព្រៃវែង ហើយនិងនៅឃុំផ្សេងទៀតនៅខេត្តក្រចេះ។
មន្ត្រីកម្មវិធីនៃអង្គការយុវតារាកម្ពុជា អ្នកស្រី ស លីនី បានឲ្យដឹងថា ការបង្កើតបណ្ណាល័យចល័តនៅទីនោះ គឺគេធ្វើទៅតាមរយៈអ្នកស្ម័គ្រចិត្តដែលជាយុវជនរបស់អង្គការយុវតារា ដែលយុវជនទាំងនោះបាននាំគ្នាស្ពាយសៀវភៅដាក់ក្នុងសំពៀត ឬកាតាប ដើម្បីយកទៅឲ្យកុមារនៅក្នុងសហគមន៍ទាំងឡាយនោះបានអានសៀវភៅ។
មន្ត្រីដដែលបានបន្តថា ការបង្កើតបណ្ណាល័យចល័តតាមវិធីបែបនេះ គឺជាយុទ្ធសាស្ត្រមួយដែលគេហៅថា យុទ្ធសាស្ត្រអប់រំដើម្បីអភិវឌ្ឍន៍សហគមន៍ក្រីក្រ៖ «អ្នកស្ម័គ្រចិត្តហ្នឹងជិះកង់ទៅតាមភូមិទៅ ហើយគាត់ស្វែងរកក្មេងៗ ដើម្បីឲ្យក្មេងៗហ្នឹងមានឱកាសបានទទួលអាសេវាកម្មអានហ្នឹងណា តាមរយៈមណ្ឌលអានផង ហើយនិងតាមរយៈអ្នកស្ម័គ្រចិត្តផង ដោយសារគេយល់ថា វាជាឧបករណ៍មួយដើម្បីអភិវឌ្ឍន៍សហគមន៍ដែរ ហើយដែលគេគិតថា ឧបករណ៍ហ្នឹងវាអាចជួយដល់សហគមន៍ដែលគាត់ងាយរងគ្រោះអ៊ីចឹងណា ក្មេងដែលខ្សត់ខ្សោយ ឬក្មេងដែលបោះបង់ការសិក្សាចោល»។
ការផ្ដល់បណ្ណាល័យចល័ត ឬគេហៅថា យុទ្ធសាស្ត្រអប់រំដើម្បីអភិវឌ្ឍន៍សហគមន៍ក្រីក្រនៅតាមជនបទដាច់ស្រយាល ដូចជានៅក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ជាដើមនោះ ក្រៅពីផ្ដល់ឱកាសឲ្យកុមារនៅទីនោះបានអានសៀវភៅ ក្នុងនោះគេក៏មានកម្មវិធីជួយអប់រំដល់មនុស្សចាស់ ឬមាតាបិតាឲ្យចេះអានសៀវភៅ និងអប់រំអំពីការប្រៀនប្រដៅកូនឲ្យស្រឡាញ់ការអាន ឬឲ្យស្រឡាញ់ការសិក្សា ។ល។
លោក ហុក សិទ្ធិ នាយកអង្គការ ស៊ីប៉ា។ លោកបានមានប្រសាសន៍ថា ក្រោយពីបានបង្កើតបណ្ណាល័យចល័តដែលមានក្រុមអ្នកស្ម័គ្រចិត្តរបស់អង្គការយុវតារាកម្ពុជា បានជិះកង់ស្ពាយសៀវភៅទៅឲ្យកុមារបានអាននោះមក គេឃើញថា នៅក្នុងខេត្តទាំងពីរនោះ គឺមានបញ្ហាចោទច្រើនទៅលើផ្នែកអប់រំ ពោលគឺទាំងមនុស្សចាស់ និងកុមារ មិនសូវមានចំណេះដឹងខ្ពស់ទេ។
លោកបានបន្តថា ប្រការនោះហើយទើបសម្រេចបង្កើតឲ្យមានកម្មវិធីផ្សេងៗជាច្រើនទៀតនៅក្នុងបណ្ណាល័យចល័តនោះ ដើម្បីជួយឲ្យកុមារ និងឪពុកម្ដាយរបស់គេ យ៉ាងហោចណាស់បានឆ្លងផុតពិគ្រោះមិនចេះអក្សរខ្លះៗ៖ «យើងឃើញថា នៅក្នុងខេត្តទាំងពីរហ្នឹងមិនត្រឹមតែខ្វះខាតនូវបណ្ណាល័យ និងសៀវភៅអាននោះទេ គឺគាត់ខ្វះខាតផ្នែកអប់រំទូទៅតែម្ដងតាំងពីកុមារតូចតាច កុមារដែលនៅមត្តេយ្យសាលា រហូតដល់កុមារដែលចូលបឋមសិក្សាហើយនោះណា។ អ៊ីចឹងហើយបានជាយើងមានគម្រោងមួយដោយសហការជាមួយនឹងយុវតារាហ្នឹង គឺដើម្បីផ្ដល់នូវសេវាអប់រំ។ អប់រំហ្នឹងដោយមានច្រើនប្រភេទ ទាំងពីជួយបំប៉នសិស្សខ្សោយជួយអប់រំឪពុកម្ដាយត្រូវថែទាំកូនយ៉ាងម៉េច ត្រូវឲ្យកូនទៅសាលាអ៊ីចឹងទៅ ដែលសេវានៃការអប់រំក្រៅប្រព័ន្ធនៅក្រៅសាលារៀនតែម្ដង»។
ចំពោះសៀវភៅដែលផ្ដល់ឲ្យទៅបណ្ណាល័យតាមសាលារៀន ឬបណ្ណាល័យចល័តវិញនោះ ជាទូទៅគឺគេផ្ដល់ជាសៀវភៅដែលតម្រូវទៅនឹងវ័យរបស់កុមារផង ហើយនិងមួយចំនួនទៀតជាសៀវភៅសម្រាប់មនុស្សពេញវ័យផង។ រីឯការផ្ដល់សៀវភៅទៅឲ្យបណ្ណាល័យនីមួយៗនោះ គឺមានចំនួនពី ២.០០០ក្បាល ទៅ ៣.០០០ក្បាល និងមានចំណងជើងប្រមាណពី ៥០០ ទៅ ៦០០ ចំណងជើង។
លោក ហុក សិទ្ធិ នាយកអង្គការ ស៊ីប៉ា។ លោកបានមានប្រសាសន៍ថា ទាក់ទងទៅនឹងបណ្ណាល័យក្នុងសាលារៀននីមួយៗក្តី ឬបណ្ណាល័យចល័តនៅក្នុងសហគមន៍ក្តី ដែលអង្គការស៊ីប៉ា និងយុវតារាកម្ពុជា បានជួយនោះ គឺចាំបាច់ត្រូវតែមានសៀវភៅតម្កល់ទុកនៅក្នុងបណ្ណាល័យទាំងនោះឲ្យបានច្រើនក្បាល និងច្រើនចំណងជើង ដើម្បីបំពេញតម្រូវការអានរបស់អ្នកអាន ពិសេសគឺកុមារ។
លោកបានបន្ថែមទៀតថា ម្យ៉ាងទៀតការផ្ដល់សៀវភៅនោះក៏ត្រូវតែមានការផ្លាស់ប្ដូរឲ្យបានញឹកញាប់ផងដែរ ដើម្បីចៀសវាងការមិនចង់អានរបស់កុមារ៖ «ពីព្រោះសៀវភៅដដែលៗ គេលែងខ្ចី គេលែងចាប់អារម្មណ៍ ហើយសៀវភៅហ្នឹងគឺយើងអត់ឲ្យទេ យើងឲ្យគាត់អាន។ យើងអាចឲ្យខ្ចីបាន ហើយអាទិត្យក្រោយឲ្យគាត់សងមកវិញ។ ខ្ចីហ្នឹងបើក្មេងតូចទាល់តែឪពុកម្ដាយគេមកខ្ចីឲ្យ តែបើក្មេងធំគាត់អាចខ្ចីខ្លួនឯងបានអ៊ីចឹងណា»។
ការបង្កើតឲ្យមានបណ្ណាល័យនៅតាមសាលារៀន ឬនៅតាមសហគមន៍ដែលគេហៅថា បណ្ណាល័យចល័តនោះ ក្រៅពីមានការជួយពីអង្គការ ស៊ីប៉ា និង យុវតារាកម្ពុជា ក្នុងនោះគេឃើញមានអង្គការផ្សេងទៀត ដូចជាអង្គការ រូម ធូរីដ (Room to read) ជាដើម ក៏បានជួយនៅក្នុងវិស័យនេះដែរ។
អង្គការនេះកន្លងមកបានជួយបង្កើតបណ្ណាល័យនៅតាមសាលារៀនបានជាង ១.០០០កន្លែងនៅតាមខេត្តនានា ដូចជានៅខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងខេត្តកំពង់ចាម ជាដើម។ ថ្មីៗនេះ អង្គការ រូម ធូរីដ ក៏បានត្រៀមនឹងបង្កើតបណ្ណាល័យចំនួន ២០ ផ្សេងទៀតនៅក្នុងសាលារៀននានានៅខេត្តព្រៃវែង នៅដើមឆ្នាំ២០១៣ នេះ។
រីឯគោលបំណងនៃការបង្កើតបណ្ណាល័យនៅក្នុងសាលារៀនក្ដី ឬជាបណ្ណាល័យចល័តនៅតាមសហគមន៍ក្តី ដែលអង្គការក្រៅរដ្ឋាភិបាលទាំងអស់នោះបានជួយជ្រោមជ្រែងគេមានទិសដៅដូចគ្នា គឺដើម្បីផ្ដល់ឱកាសដល់កុមារនៅតំបន់ជនបទនៃប្រទេសកម្ពុជា បានសិក្សារៀនសូត្រ ឬបានអានសៀវភៅឲ្យបានច្រើន ពីព្រោះថា ប្រសិនបើកុមារបានអានសៀវភៅច្រើននោះ គឺគេនឹងមានការលូតលាស់ផ្នែកបញ្ញាស្មារតី ឬការអប់រំរបស់គេក៏បានខ្ពង់ខ្ពស់ទៅតាមហ្នឹងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
