អង្គការ​ក្នុង​ប្រទេស​អាស៊ាន​ស្នើ​ឲ្យ​កម្ពុជា​ដោះស្រាយ​ជម្លោះ​ដី​នៅ​ខេត្ត​កោះកុង

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ជាង ២០០​គ្រួសារ កំពុង​រស់នៅ​ក្នុង​ភាព​តោកយ៉ាក ដោយ​សារ​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​សម្បទាន​ដី​ដាំ​អំពៅ និង​ផលិត​ស្ករស​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

0:00 / 0:00

ករណី​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ប្រទេស​សមាជិក​អាស៊ាន រួម​នឹង​ប្រទេស​ទីម័រខាងកើត និង​កូរ៉េខាងត្បូង ចាត់​ទុក​ថា រដ្ឋាភិបាល​កម្ពុជា មិន​អើពើ​ដោះស្រាយ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ដោយ​ចេះ​តែ​បន្ត​អោយ​ជម្លោះ​នេះ​អូស​បន្លាយ។

តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន​៣១ ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស មក​ពី​ប្រទេស​ជា​សមាជិក​សមាគម​អាស៊ាន​ចំនួន​៥ រួម​នឹង​ទីម័រខាងកើត និង​កូរ៉េខាងត្បូង អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា អោយ​ចាត់​វិធានការ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ឃុំ​ជីខលើ ដើម្បី​អោយ​ពលរដ្ឋ​ទទួល​បាន​អត្ថប្រយោជន៍​ពិត​ប្រាកដ​ពី​ការ​អភិវឌ្ឍ​ក្នុង​តំបន់​ដែល​ពួក​គាត់​កំពុង​រស់នៅ។

សេចក្ដី​ថ្លែងការណ៍​រួម​ជា​ចំហ​របស់​អង្គការ​ទាំង​នោះ ចេញ​ផ្សាយ​នៅ​ក្រោយ​ពី​បាន​បញ្ចប់​សិក្ខាសាលា ស្ដីពី​សិទ្ធិ​មនុស្ស និង​កសិពាណិជ្ជកម្ម​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១១ ខែ​តុលា។ ក្រុម​អ្នក​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ បាន​លើក​ឡើង​ថា ការ​បន្ត​អូស​បន្លាយ​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​ក្រុមហ៊ុន​សម្បទាន​ដី​ចំនួន​២ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ គឺ​កោះកុង​ស៊ូហ្គើ អិនដាសស្រ្ទី (Koh Kong Sugar Industry) និង​កោះកុង​ផ្លែនថេសិន (Koh Kong Plantation) គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

មេធាវី​នៃ​គម្រោង​ច្បាប់​ដីធ្លី និង​ធនធាន​ធម្មជាតិ នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អ្នកស្រី នី សោភណ្ឌនារី អោយ​ដឹង​ថា ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​នោះ​ចង់​អោយ​ក្រុមហ៊ុន​ធានា​អនុវត្ត​បទបញ្ជា​០១ របស់​រដ្ឋាភិបាល​កម្ពុជា ស្ដីពី​ដី​សម្បទាន៖ «បទ​បញ្ជា​០១ របស់​សម្ដេច​ហ្នឹង ដោយ​សារ​តែ​ថ្មីៗ​ហ្នឹង​គាត់​បាន​បញ្ជាក់​ថា ទាក់​ទិន​នឹង​សម្បទាន​ដែល​ប៉ះពាល់​ដី​ប្រជាពលរដ្ឋ ក្រុមហ៊ុន​ត្រូវ​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ។ ប្រសិន​បើ​មិន​ដោះស្រាយ​ទេ រដ្ឋាភិបាល​អាច​នឹង​ផ្អាក​ដំណើរ​ការ​ក្រុមហ៊ុន​ហ្នឹង»

សេចក្ដី​ថ្លែងការណ៍​ក៏​បាន​អំពាវនាវ​ចំហ​ទៅ​ដល់​ក្រុមហ៊ុន​របស់​ថៃ ខេ.អេស.អិល (KSL) និង​ក្រុមហ៊ុន​តៃវ៉ាន់ វ៉េវ៉ុង (Ve Wong) ដែល​ជា​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​កោះកុង​ស៊ូហ្គើ​អិនដាសស្រ្ទី និង​កោះកុង​ផ្លែនថេសិន អោយ​ពិចារណា​ផ្ដល់​ដី​អោយ​ប្រជា​សហគមន៍​វិញ។ ជា​មួយ​គ្នា​នេះ ក៏​បាន​ស្នើ​ដល់​សហភាព​អឺរ៉ុប និង​ក្រុមហ៊ុន​ទទួល​ទិញ​ស្ករស​ពី​កម្ពុជា ទាំង​នៅ​ប្រទេស​អង់គ្លេស និង​សហរដ្ឋ​អាមេរិក អោយ​ស៊ើប​អង្កេត​ចំពោះ​ឧស្សាហកម្ម​ស្ករស​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​ពិចារណា​ផ្អាក​ទិញ​ផលិត​ផល​ស្ករស​រហូត​ដល់​មាន​ដំណោះ​ស្រាយ​ដល់​ពលរដ្ឋ​រងគ្រោះ។

តំណាង​ពលរដ្ឋ លោក តេង កៅ មាន​ប្រសាសន៍​ថា ជម្លោះ​ដី​ធ្លី​នៅ​ឃុំ​របស់​គាត់ បាន​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៦ មក។ ប្រជាពលរដ្ឋ​បាន​ស្វែង​រក​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​ការ​ដាក់​ពាក្យ​បណ្ដឹង​ផ្អាក​ការ​អនុវត្ត​កិច្ចសន្យា​របស់​ក្រុមហ៊ុន ពុំ​បាន​ទទួល​លទ្ធផល​ឡើយ។ បើ​ទោះ​ជា​ជួប​ការ​លំបាក ក៏​ពលរដ្ឋ​ទាំង​ជាង ២០០​គ្រួសារ​នៅ​តែ​ទទូច​អោយ​ក្រុមហ៊ុន​ផ្ដល់​ដី​ស្រែ​ចម្ការ​អោយ​ពួក​គេ​វិញ៖ «ខ្ញុំ​ដើរ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ ទៅ​រដ្ឋសភា ព្រឹទ្ធសភា ដើម្បី​ដោះស្រាយ។ ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ខេត្ត​កោះកុង ទៅ​តុលាការ នៅ​ខាង​តុលាការ​បង្វែរ​ទៅ​ខាង​សុរិយោដី។ ទាម​ទារ​រាល់​ថ្ងៃ ចង់​បាន​តែ​ដី​ទេ​បង ព្រោះ​រាល់​ថ្ងៃ​ពលរដ្ឋ​រស់នៅ​លើ​ដី មាន​ដីធ្លី​ដើម្បី​ចិញ្ចឹម​ជីវិត។ បាត់​បង់​ដី គឺ​ស្មើ​នឹង​បាត់​បង់​ជីវិត»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខេត្ត​កោះកុង បាន​ទេ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី១៣ ខែ​តុលា។

ពលរដ្ឋ​ចំនួន ២០៧​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​ចំនួន​៣ ក្នុង​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ដាំ​អំពៅ​កោះកុង​ស៊ូហ្គើ​អិនដាសស្រ្ទី និង​ក្រុមហ៊ុន​ផលិត​ស្ករស​កោះកុង​ផ្លែនថេសិន ថា ឈូស​ឆាយ​រំលោភ​ដីធ្លី​ពួក​គេ​សរុប​ជាង ១.៥០០​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។