ក្រុមមន្ត្រីអង្គការ Oxfam America ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) ក៏ដូចជាក្រុមមន្ត្រីពីបណ្ដាអង្គការសង្គមស៊ីវិលមួយចំនួនទៀតនៅក្នុងសហរដ្ឋអាមេរិក បានឲ្យដឹងថា ច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការក្រៅរដ្ឋាភិបាល ឬហៅកាត់ថា ច្បាប់ NGO អាចជាឧបសគ្គរារាំងដំណើរការអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា។
លោក ហ្គ្រេហ្គោរី អាដាម (Gregory Adams) នាយកផ្នែកប្រសិទ្ធភាពជំនួយរបស់អង្គការ Oxfam America ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំតាមទូរស័ព្ទ ឬហៅថា Conference call កាលពីថ្ងៃអង្គារ ទី១៤ មិថុនា ថា លោកមានក្ដីបារម្ភថា ច្បាប់នោះនឹងអាចប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងជីវភាពរបស់ពលរដ្ឋខ្មែរ។
លោកបន្តថា ៖ «ខ្ញុំគិតថា ច្បាប់នេះនឹងជះឥទ្ធិពលអវិជ្ជមានដល់ពលរដ្ឋកម្ពុជា ប៉ះពាល់សិទ្ធិជួបប្រជុំ សិទ្ធិចូលរួមអភិវឌ្ឍប្រទេស និងការជះឥទ្ធិពលអាក្រក់ទៅដល់សិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដែលបុគ្គលនីមួយៗអាចមានសិទ្ធិក្នុងការចូលរួមក្នុងសកម្មភាពនៃសង្គមស៊ីវិល។ អ្នកមិនអាចដាក់សម្ពាធទៅលើសិទ្ធិរបស់ពលរដ្ឋក្នុងក្ដីសង្ឃឹមឲ្យមានការអភិវឌ្ឍទៅមុខបាននោះឡើយ។ ការអភិវឌ្ឍអាចធ្វើឡើងទៅបាន គឺអាស្រ័យទៅលើការគោរពសិទ្ធិមនុស្ស ហើយការបដិសេធទៅលើសិទ្ធិណាមួយវាអាចប៉ះទង្គិចដល់សិទ្ធិជាច្រើនទៀត»។
នៅក្នុងកិច្ចប្រជុំនោះ ទាំងអង្គការ Oxfam America អង្គការ Care International អង្គការទស្សនៈពិភពលោក (World Vision) អង្គការ Freedom House និងអង្គការ Save The Children បានលើកឡើងដូចៗគ្នាថា រដ្ឋាភិបាលកម្ពុជា ត្រូវតែមានដំណោះស្រាយចំពោះបញ្ហាទាក់ទងនឹងសេចក្ដីព្រាងច្បាប់ NGO នេះ ដើម្បីជួយភាគីទាំងសងខាងឲ្យមានដៃគូល្អជាមួយរដ្ឋាភិបាល។
លោកស្រី ស៊ូ ហ្គន់ណាវ៉ាឌីណា វ៉ង់ (Sue Gunawardena Vaughn) មន្ត្រីទទួលបន្ទុកកិច្ចការតំបន់អាស៊ីអាគ្នេយ៍របស់អង្គការឃ្លាំមើលសេរីភាពពិភពលោក (Freedom House) មានប្រសាសន៍ថា អង្គការ Freedom House កន្លងមកបានដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសគ្មានសេរីភាព ហើយប្រសិនបើកម្ពុជា បង្កើតច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលនេះមែន កម្ពុជានៅតែមានឈ្មោះថា ជាប្រទេសគ្មានសេរីភាពដដែល។
លោកស្រីមានប្រសាសន៍បន្ថែមដូច្នេះ ៖ «ប្រសិនបើសេចក្ដីព្រាងច្បាប់នេះត្រូវបានអនុម័តមែននោះ បទបរិហារកេរ្តិ៍ បទផ្សាយព័ត៌មានមិនពិត បទញុះញង់ អាចមានភាពងាយស្រួលសម្រាប់រដ្ឋាភិបាលក្នុងការបកស្រាយខ្លឹមសារនៃច្បាប់នោះតាមទំនើងចិត្តនៅពេលណាក្រុមសិទ្ធិមនុស្សលើកយកបញ្ហាសំខាន់ណាមួយរបស់ពលរដ្ឋខ្មែរឲ្យរដ្ឋាភិបាលជួយដោះស្រាយនោះ»។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមាន ១១ជំពូក និង ៥៨មាត្រា។ សេចក្ដីព្រាងច្បាប់នេះបានកំណត់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលត្រូវតែចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ ហើយក៏តម្រូវឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវរៀបចំលក្ខន្តិកៈរបស់ខ្លួនដាក់របាយការណ៍សកម្មភាព និងរបាយការណ៍ហិរញ្ញវត្ថុ មានទីស្នាក់ការកណ្ដាលនៅក្នុងប្រទេសកម្ពុជា និងមានការកំណត់ថ្លៃចុះបញ្ជីផងដែរ។
តំណាងរាស្ត្រគណបក្សកាន់អំណាច លោក ជាម យៀប ធ្លាប់មានប្រសាសន៍ថា ការបង្កើតច្បាប់គ្រប់គ្រង NGO គឺដើម្បីការពារដល់សង្គមស៊ីវិល និងធ្វើឲ្យមានតម្លាភាព ហើយដោយសារសមាគមន និងអង្គការក្រៅរដ្ឋាភិបាលមានចំនួនដ៏ច្រើននៅកម្ពុជា ដូច្នេះប្រទេសគួរមានច្បាប់មួយដើម្បីការពារ និងគ្រប់គ្រងឲ្យមានសណ្ដាប់ធ្នាប់។
លោក ជាម យៀប មានប្រសាសន៍បញ្ជាក់ដូច្នេះ ៖ «បើយើងនិយាយពី NGO ឬអង្គការសង្គមស៊ីវិលនៅកម្ពុជា វាមានជាង ២.០០០ ដូច្នេះជាង ២.០០០នេះ គឺត្រូវទាមទារឲ្យមានច្បាប់មួយដើម្បីគ្រប់គ្រងឲ្យបានល្អប្រសើរ។ ធ្វើច្បាប់ហ្នឹងគឺដើម្បីការពារទាំងអស់ មិនមែនការពារត្រឹម NGO ហ្នឹងទេ គឺសម្រាប់អ្នកគ្រប់គ្រង NGO ផង ដែលមានរាជរដ្ឋាភិបាល និងជាទូទៅផង»។
អ្នកឃ្លាំមើលឯករាជ្យអំពីដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏ធ្លាប់មានប្រសាសន៍ផងដែរថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសង្គមស៊ីវិលនេះ មិនស្របទៅតាមឆន្ទៈរបស់រដ្ឋធម្មនុញ្ញ ហើយលោកបានឲ្យពិន្ទុដល់រដ្ឋាភិបាលកម្ពុជាលេខ ០ ដែលគ្មានចក្ខុវិស័យគ្រប់គ្រាន់ក្នុងការជួយលើកស្ទួយ និងទ្រទ្រង់ដល់សង្គមស៊ីវិលឲ្យមានសេរីភាពក្នុងបំពេញភារកិច្ចដើម្បីជួយដល់វិស័យអភិបាលកិច្ច និងដើម្បីជួយសម្រាលបន្ទុករបស់សង្គមនោះ។
ចំណែកលោ គ្រីស្តូហ្វ ប៉េស៊ូ (Christophe Peschoux) អតីតតំណាងការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា មានប្រសាសន៍ថា កម្ពុជាមិនចាំបាច់មានច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលទេ ពីព្រោះថា អង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជា ត្រូវបានគ្រប់គ្រងដោយច្បាប់មួយចំនួនដែលកំពុងចូលជាធរមានស្រាប់រួចទៅហើយ ក្នុងនោះមានច្បាប់ព្រហ្មទណ្ឌ ច្បាប់ប្រឆាំងអំពើភេរវកម្មជាដើម៕