សង្គម​ស៊ីវិល​រង់ចាំ​ចម្លើយ​ពី​រដ្ឋាភិបាល​ដើម្បី​ប្រគល់​ញត្តិ​ប្រឆាំង​ពុករលួយ

2008-05-19

សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ដែល​ជា​សមាជិក​នៃ​សម្ព័ន្ធ​អង្គការ​សង្គមស៊ីវិល​កម្ពុជា ប្រឆាំង​អំពើ​ពុករលួយ​នោះ កំពុងតែ​រង់ចាំ​ចម្លើយ​ពី​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពួកគេ​ប្រគល់​ញត្តិ​នឹង​ស្នាម​ផ្តិតមេដៃ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ១​លាន​៩​ម៉ឺន​នាក់ ក្នុង​ការទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការធ្វើ​សេចក្តីព្រាង​ច្បាប់​ប្រឆាំង​អំពើពុករលួយ ។

RFA Photo

សកម្មជន​នៃ​អង្គការ​សង្គមស៊ីវិល​នាំគ្នា​ដង្ហែ​ក្បួន​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​ធ្វើ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ចុង​ឆ្នាំ​២០០៦ ។

លោក យង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​ចំនួន​៤០ ជា​សមាជិក​នៃ​សម្ព័ន្ធ​នោះ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ៖ «យើង​អត់​ទាន់​បាន​ចម្លើយ​ថា​ពេល​ណា​ដែល​រដ្ឋាភិបាល​ឲ្យ​ចូល​ជួប មិន​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ ប៉ុន្តែ​គ្រាន់​តែ​ថា អ្វី​ដែល​សំខាន់​ហ្នឹង​យើង​ហាក់​ដូច​ជា​ទន្ទឹង​រង់​ចាំ​យូរ​ពេក ក្នុង​ការ​ឆ្លើយ​តប​នេះ»

ការទន្ទឹង​រង់ចាំ​ចម្លើយ​ពី​រដ្ឋាភិបាល​នោះ គឺ​ចាប់តាំង​ពី​ខ្លួន​បាន​ដាក់សំណើ​ទៅ​រដ្ឋាភិបាល​កាល​ពី​មុន​ចូល​ឆ្នាំ​ខ្មែរ​ក្នុង​ខែ​មេសា កន្លង​ទៅ ។

គ្មាន​ប្រភព​ពី​មន្រ្តី​រដ្ឋាភិបាល​ណា​មួយ​អាច​បញ្ជាក់​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ថា​តើ​គេ​នឹង​ទទួល​យក​ឬ​មិន​ទទួល​យក​ញត្តិ​និង​ស្នាម​ផ្តិតមេដៃ​នោះ ប៉ុនែ្ត លោក ខៀវ កាញារីទ្ធ មន្រ្តី​នាំពាក្យ​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ទាក់ទង​នឹង​បញ្ហា​ញតិ្ត​និង​ស្នាម​ផ្ដិត​មេដៃនោះថា ៖ «ពី​ព្រោះ​ឥឡូវ​ហ្នឹង សភា​គេ​ចប់​ហើយ ហើយ​ទីពីរ​សេចក្ដីព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នេះ​មាន​ហើយ តើ​មាន​បាន​ឲ្យ​យោបល់​ថា តើ​គួរ​កែ​កន្លែងណា​ទេ ។ រួច​ឆ្នាំ​ទៅ​មិញ ក៏​មិន​ធ្វើ ម៉េច​ក៏​មក​ធ្វើ​ឆ្នាំ​ហ្នឹង​អ៊ីចឹង​?»

កាលពីថៃ្ង​ទី​១៦ ខែ​ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​ប្រមាណ ២០០​នាក់ បាន​ដើរ​ដង្ហែញតិ្ត​និង​ស្នាម​ផ្តិតមេដៃ ជាង​១​លាន ៩​ម៉ឺន​នាក់ បាន​ប្រគល់​ឲ្យ​សភាជាតិ ដោយ​ជោគជ័យ នៅសល់​តែ​រដ្ឋាភិបាល​មួយ​ទៀត​ប៉ុណ្ណោះ ដែល​សកម្មជន​ទាំងនោះ​ចង់​ប្រគល់​ញតិ្ត​និង​ស្នាម​ផ្តិតមេដៃ​ដូចគ្នា​នោះ​ដែរ ។

កាលពី​ឆ្នាំ​២០០៦ កន្លង​ទៅ ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ដាក់​ញតិ្ត​និង​ស្នាម​ផ្តិតមេដៃ​នោះ ជូន​សភា​ជាតិ និង​រដ្ឋាភិបាល​រួចម្តង​ទៅហើយ ដើម្បីទ​ទូច​សុំ​ឲ្យ​ពន្លឿន​ការធ្វើ​សេចក្តីព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ឲ្យ​បានឆាប់ ។

សូមរំឭក​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សន្យា​ចំពោះមុខ​ប្រទេស​ម្ចាស់ជំនួយ​អន្តរជាតិ​រយៈពេល​ជាង ១០​ឆ្នាំ មក​ហើយ ចាប់តំាង​ពី​ឆ្នាំ​១៩៩៤ មកម៉្លេះ ប៉ុន្តែ​សេចក្តីព្រាង​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​នោះ នៅ​មិនទាន់​បាន​បញ្ជូន​មក​សភា​ជាតិ​ដើម្បី​អនុម័ត​នៅទ្បើយ​ទេ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា សេចក្តីព្រាង​ច្បាប់​នោះ កំពុង​ស្ថិត​ក្នុង​ដៃ​របស់​រដ្ឋាភិបាល​នៅ​ទ្បើយ រហូត​មកដល់​ពេល​នេះ ។

ប្រទេស​កម្ពុជា ជា​ញឹកញាប់​តែងតែ​រង​ការរិះគន់​ថា មាន​ការរីក​រាលដាល​នៃ​អំពើ​ពុករលួយ​ក្នុង​វិស័យ​សំខាន់​ៗ ដូចជា គយ យោធា នគរបាល ពាណិជ្ជកម្ម វិស័យអប់រំ និង​តុលាការ ។

ការសិក្សា​នានា​កន្លង​មក​បាន​រកឃើញ​ថា ប្រទេស​កម្ពុជា​បាន​បាត់​ប្រាក់​ចំណូល​ថវិការដ្ឋ​រវាង​ពី ៤០០​លាន​ដុល្លារ​អាមេរិក​ទៅ ៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​ៗ ដោយសារ​អំពើ​គេច​ពន្ធ និង​អំពើ​ល្មើស​ច្បាប់​នានា​នៃ​អំពើ​ពុករលួយ​នោះ ៕

អត្ថបទ​ដែល​ទាក់ទង

កង​វិស្វកម្ម​នៅ​ស្រុក​បាធាយ​ចោទ​ថា មេ​របស់​ខ្លួន​កិបកេង​ប្រាក់​ឧបត្ថម្ភ

ប៉ូលិស​ប្រឆាំង​ការជួញដូរ​មនុស្ស​នៅ​បាត់ដំបង​រង​ការចោទ​ប្រកាន់​ថា​ពុក​រលួយ

សង្គម​ស៊ីវិល​និងបក្ស​នយោបាយ​គ្រោង​ប្រជុំ​ពី​បញ្ហា​ពុករលួយ

សង្គមស៊ីវិល​និង​ការ​ជំរុញ​ឲ្យ​មាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ

ការក្លែងបន្លំ​ឯកសារ​អត្តសញ្ញាណ​និង​អំពើ​ពុករលួយ​នៅ​ច្រក​ប៉ោយប៉ែត

ហ៊ុន សែន ព្រមានពី​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​ពី​ជន​ពុករលួយ

បេក្ខជន​ដាក់ពាក្យ​សុំធ្វើការ​ជា​អ្នក​រៀបចំ​បោះឆ្នោត​ចោទ​ថា មាន​ការទារ​ប្រាក់

ប៉េអឹម​ស្រុក​ដូនកែវ​ខេត្ត​តាកែវ​ជំរិត​ទារ​ប្រាក់​អ្នក​លក់​ឱសថ​បុរាណ

រឿង​ពុករលួយ​ក្នុង​ការចេញ​ប័ណ្ណ​ឆ្លង​ដែន​នៅ​ច្រក​ប៉ោយប៉ែត​ត្រូវ​បាន​ទម្លាយ

ពលរដ្ឋ​ខ្មែរ​ត្អូញ​ត្អែរ​អំពី​ការទារ​ប្រាក់​នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត