លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ដែលជាអង្គការមួយក្នុងចំណោមអង្គការចំនួន៤០ ជាសមាជិកនៃសម្ព័ន្ធនោះ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា ៖ «យើងអត់ទាន់បានចម្លើយថាពេលណាដែលរដ្ឋាភិបាលឲ្យចូលជួប មិនដឹងពីមូលហេតុពិតប្រាកដ ប៉ុន្តែគ្រាន់តែថា អ្វីដែលសំខាន់ហ្នឹងយើងហាក់ដូចជាទន្ទឹងរង់ចាំយូរពេក ក្នុងការឆ្លើយតបនេះ» ។
ការទន្ទឹងរង់ចាំចម្លើយពីរដ្ឋាភិបាលនោះ គឺចាប់តាំងពីខ្លួនបានដាក់សំណើទៅរដ្ឋាភិបាលកាលពីមុនចូលឆ្នាំខ្មែរក្នុងខែមេសា កន្លងទៅ ។
គ្មានប្រភពពីមន្រ្តីរដ្ឋាភិបាលណាមួយអាចបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាលថាតើគេនឹងទទួលយកឬមិនទទួលយកញត្តិនិងស្នាមផ្តិតមេដៃនោះ ប៉ុនែ្ត លោក ខៀវ កាញារីទ្ធ មន្រ្តីនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីទាក់ទងនឹងបញ្ហាញតិ្តនិងស្នាមផ្ដិតមេដៃនោះថា ៖ «ពីព្រោះឥឡូវហ្នឹង សភាគេចប់ហើយ ហើយទីពីរសេចក្ដីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនេះមានហើយ តើមានបានឲ្យយោបល់ថា តើគួរកែកន្លែងណាទេ ។ រួចឆ្នាំទៅមិញ ក៏មិនធ្វើ ម៉េចក៏មកធ្វើឆ្នាំហ្នឹងអ៊ីចឹង?» ។
កាលពីថៃ្ងទី១៦ ខែឧសភា កន្លងទៅថ្មីៗនេះ សកម្មជនប្រឆាំងអំពើពុករលួយប្រមាណ ២០០នាក់ បានដើរដង្ហែញតិ្តនិងស្នាមផ្តិតមេដៃ ជាង១លាន ៩ម៉ឺននាក់ បានប្រគល់ឲ្យសភាជាតិ ដោយជោគជ័យ នៅសល់តែរដ្ឋាភិបាលមួយទៀតប៉ុណ្ណោះ ដែលសកម្មជនទាំងនោះចង់ប្រគល់ញតិ្តនិងស្នាមផ្តិតមេដៃដូចគ្នានោះដែរ ។
កាលពីឆ្នាំ២០០៦ កន្លងទៅ ក្រុមអង្គការក្រៅរដ្ឋាភិបាលបានដាក់ញតិ្តនិងស្នាមផ្តិតមេដៃនោះ ជូនសភាជាតិ និងរដ្ឋាភិបាលរួចម្តងទៅហើយ ដើម្បីទទូចសុំឲ្យពន្លឿនការធ្វើសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយឲ្យបានឆាប់ ។
សូមរំឭកថា រដ្ឋាភិបាលកម្ពុជាបានសន្យាចំពោះមុខប្រទេសម្ចាស់ជំនួយអន្តរជាតិរយៈពេលជាង ១០ឆ្នាំ មកហើយ ចាប់តំាងពីឆ្នាំ១៩៩៤ មកម៉្លេះ ប៉ុន្តែសេចក្តីព្រាងច្បាប់ប្រឆាំងអំពើពុករលួយនោះ នៅមិនទាន់បានបញ្ជូនមកសភាជាតិដើម្បីអនុម័តនៅទ្បើយទេ ។ ប្រភពបានឲ្យដឹងថា សេចក្តីព្រាងច្បាប់នោះ កំពុងស្ថិតក្នុងដៃរបស់រដ្ឋាភិបាលនៅទ្បើយ រហូតមកដល់ពេលនេះ ។
ប្រទេសកម្ពុជា ជាញឹកញាប់តែងតែរងការរិះគន់ថា មានការរីករាលដាលនៃអំពើពុករលួយក្នុងវិស័យសំខាន់ៗ ដូចជា គយ យោធា នគរបាល ពាណិជ្ជកម្ម វិស័យអប់រំ និងតុលាការ ។
ការសិក្សានានាកន្លងមកបានរកឃើញថា ប្រទេសកម្ពុជាបានបាត់ប្រាក់ចំណូលថវិការដ្ឋរវាងពី ៤០០លានដុល្លារអាមេរិកទៅ ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ដោយសារអំពើគេចពន្ធ និងអំពើល្មើសច្បាប់នានានៃអំពើពុករលួយនោះ ៕
