ចាងហ្វាងកាសែតខ្មែរអមតៈ លោក ប៊ុន ថា កំពុងតែរងការប្ដឹងដោយឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ជាអគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច ក្រោមបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ ដោយសារតែកាសែតនេះបានចុះផ្សាយព័ត៌មានកាលពីខែកុម្ភៈ កន្លងទៅ ចោទប្រកាន់ថា លោក ញឹក ប៊ុនឆៃ បានប្រព្រឹត្តអំពើពុករលួយ និងបានលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងទីក្រុងភ្នំពេញ ដោយខុសច្បាប់។
ព្រះរាជអាជ្ញានៃតុលាការក្រុងភ្នំពេញ លោក ហ៊ឹង ប៊ុនជា បានចេញដីកាកោះហៅលោក ប៊ុន ថា ទៅសាកសួរនៅថ្ងៃទី១៨ ខែមីនា នៅវេលាម៉ោង ៨កន្លះព្រឹក។ ដីកានោះចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១១។
ចាងហ្វាងកាសែតខ្មែរអមតៈ លោក ប៊ុន ថា អាយុ ៤៦ឆ្នាំ ដែលកាសែតរបស់លោកមាននិន្នាការគាំទ្រគណបក្ស នរោត្តម រណឫទ្ធិ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែមីនា ថា លោកកំពុងតែស្វែងរកមេធាវីដើម្បីការពារក្ដីនេះហើយ ៖ «នេះបើនិយាយទៅវាមិនមែនជាចេតនានយោបាយទេ វាជាការបំភិតបំភ័យព័ត៌មាន ពីព្រោះឯកសារយើងទទួលបានជាក់ស្ដែង មានទាំងត្រាគណបក្ស មានទាំង Logo (រូបសញ្ញា) បក្ស ហើយរឿងនេះជារឿងផ្ទាល់ខ្លួន ដល់ពេលវាបែកធ្លាយទៅ គាត់ធ្វើការបំភ័យ ឬបំបាក់ស្មារតី»។
លោកបានឲ្យដឹងថា លោក ញឹក ប៊ុនឆៃ បានប្ដឹងរូបលោកក្រោយពីកាសែតខ្មែរអមតៈបានចុះផ្សាយព័ត៌មាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១១ និយាយថា លោក ញឹក ប៊ុនឆៃ បានប្រព្រឹត្តអំពើពុករលួយក្នុងការលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងទីក្រុងភ្នំពេញ និងបានរំលោភលើច្បាប់លក្ខន្តិកៈផ្ទៃក្នុងគណបក្ស និងបានប្រើប្រាស់តួនាទីជាឧបនាយករដ្ឋមន្ត្រី ក្នុងការលក់ទីស្នាក់ការបក្សនោះ។
ប្រតិកម្មទៅនឹងការចោទប្រកាន់ និងការប្ដឹងលោក ប៊ុន ថា នោះ ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ជាអគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ថា ការចុះផ្សាយកន្លងមកគ្មានការពិតទេ ហើយលោកបានហៅលោក ប៊ុន ថា មកជួបរូបលោក ដើម្បីកែតម្រូវព័ត៌មាននោះ ប៉ុន្តែលោក ប៊ុន ថា មិនព្រមកែតម្រូវតាមសំណើ។ ការប្ដឹងនេះជាជម្រើសចុងក្រោយ។
លោក ញឹក ប៊ុនឆៃ បន្តថា ៖ «ខ្ញុំបានជម្រាបគាត់ថា បញ្ហាហ្នឹងសុំឲ្យមកជួបខ្ញុំ ខ្ញុំនឹងបង្ហាញឯកសារទាំងអស់ ពីព្រោះឯកសារមិនមានតែមួយសន្លឹកហ្នឹងទេ ឯកសារមានទាំងកិច្ចសន្យា មានច្រើនសន្លឹកណាស់។ មុននឹងចុះផ្សាយឲ្យមកមើលឯកសារខ្ញុំសិន បើថា វាយ៉ាងម៉េចចាំចុះផ្សាយចុះ ខ្ញុំមិនហាមទេ ព្រោះជាសិទ្ធិសារព័ត៌មាន ប៉ុន្តែគាត់មិនបានទទួលសុំពីខ្ញុំនោះ គឺអត់ទេ»។
ឯកសារដែលវិទ្យុអាស៊ីសេរី ទទួលបាន បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ និងជាអគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច បានចុះហត្ថលេខា និងបោះត្រាគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៨ ដើម្បីលក់ទីស្នាក់ការគណបក្សហ៊្វុនស៊ិនប៉ិច នៅក្នុងខណ្ឌចំការមន ក្រុងភ្នំពេញ ក្នុងតម្លៃ ៤០លានយន់ ស្មើនឹងជិត ៦លានដុល្លារអាមេរិក ឲ្យទៅក្រុមហ៊ុនចិនមួយឈ្មោះ Speedy Best Technology Limited។
ឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ បានរងការប្ដឹងវិញដែរ ដោយលោក ប៊ុន ថា ទៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១១ ដើម្បីសុំឲ្យស៊ើបអង្កេតសំណុំរឿងនេះ។
លោក ញឹក ប៊ុនឆៃ បានមានប្រសាសន៍ថា តំណាងក្រុមហ៊ុនចិន និងឯកអគ្គរដ្ឋទូតចិន នៅកម្ពុជា គ្រោងនឹងមកជួបរូបលោកនៅសប្ដាហ៍ខាងមុខនេះ ដើម្បីបំភ្លឺ និងបញ្ជាក់រឿងនេះថា លោកគ្មានការពាក់ព័ន្ធដូចការចោទប្រកាន់នោះទេ៕
