មន្រ្តី​ខ្មែរ៖ ស្ថានការណ៍​នៅ​តំបន់​ព្រំដែន​ខ្មែរ-​ថៃ​មាន​សភាព​ស្ងប់ស្ងាត់

លោក​ឧបនាយករដ្ឋ​មន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​កាល​ពី​ល្ងាច​ថ្ងៃ​២ ធ្នូ​ថា គ្មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​ថៃ-​ខ្មែរ​ឡើយ បើ​ទោះ​បី​ជា​ក្នុង​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​កម្ពុជា​និង​ថៃ មាន​ការវិវត្តន៍​ប្រែប្រួល ឬ​ក៏​មាន​ការ​វាយ​ប្រហារ​ដោយ​ប្រើ​ពាក្យ​សម្តី​ដាក់​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ថៃ​ក៏ដោយ។

0:00 / 0:00

លោក ទៀ បាញ់ បាន​អះអាង​ថា បច្ចុប្បន្ន​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​គឺ​ស្ថិត​នៅ​ស្ងប់​ស្ងាត់​ជា​ធម្មតា មិន​តែ​ប៉ុណ្ណោះ​មេបញ្ជាការ​កងទ័ព​ទាំង​ពីរ​ប្រទេស​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ​នៅ​ព្រំដែន​មាន​ជម្លោះ​បាន​​​ជួប​ប្រជុំ​គ្នា​ជាប់​ជានិច្ច ដើម្បី​ធ្វើ​យ៉ាង​ណា​រក្សា​មិន​បង្ក​ឲ្យ​សង្គ្រាម​ប្រដាប់​អាវុធ​កើត​ឡើង​ជា​ថ្មី​ទៀត​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ។

លោក ទៀត បាញ់ មាន​ប្រសាសន៍​ដូច្នេះ ៖ «រឿង​ព្រំដែន និយាយ​រួម​គឺ​នៅ​ស្ងប់ស្ងាត់​នៅ​ឡើយ​ទេ ពិត​មែន​តែ​កន្លង​មក​យើង​ឃើញ​មាន​បញ្ហា​​ប្រទូស្តប្រទាំស​គ្នា​រវាង​ក្រុង​ភ្នំពេញ-​បាងកក ប៉ុន្តែ​យើង​បាន​ឃើញ​ហើយ ព្រំដែន​នៅ​តែ​ស្ងប់ស្ងាត់​ទេ។ និយាយ​ឲ្យ​ចំ​ទៅ​ទាហាន​នៅ​តែ​និយាយ​គ្នា​បាន ទៅ​មក​រក​គ្នា មាន​ស្អី​ពិភាក្សា​គ្នា រក្សា​បាន​អ្វី​ដែល​យើង​ហៅ​ថា ចៀស​វាង​បំផុត​កុំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិចគ្នា នេះ​ជា​បញ្ហា​ដ៏​ធំ​បំផុត។ អត់​មាន​បញ្ហា​អី​ទេ នៅ​បន្ត​ស្ងប់ស្ងាត់»

លោក ចន ចនសុន (John Johnson) មន្ត្រី​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ មាន​ប្រសាសន៍​ជា​ភាសា​ខ្មែរ​យ៉ាង​ច្បាស់​ថា ជម្លោះ​ព្រំដែន​ដែល​កើត​មាន​រវាង​កម្ពុជា-​ថៃ ដែល​អូស​បន្លាយ​ពេល​ជា​យូរ​និង​កំពុង​បន្ត​កើត​មាន សហរដ្ឋ​អាមេរិក​មិន​លូក​ដៃ​ចូល​ទេ ព្រោះ​ជា​រឿង​ទ្វេ​ភាគី​រវាង​កម្ពុជា-​ថៃ ដែល​ត្រូវ​ដោះស្រាយ ៖ «យើង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អំពី​រឿង​ហ្នឹង​ទេ»

លោក កុយ គួង អនុ​រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា មាន​ប្រសាសន៍​ថា ទំនាក់​ទំនង​រវាង​កម្ពុជា-​ថៃ គឺ​ស្ថិត​នៅ​ធម្មតា បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​បាន​ដក​ឯក​អគ្គ​រាជ​ទូត​ចេញ​ពី​ប្រទេស​រៀង​ខ្លួន​បែប​ណា​ក៏ដោយ។

ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ គឺ​បាន​កើត​មាន​ឡើង​ជា​ថ្មី ក្រោយ​មួយ​សប្តាហ៍​ ដែល​ប្រទេស​កម្ពុជា បាន​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ កន្លង​មក ដែល​រហូត​មក​ដល់​ពេល​នេះ​ជម្លោះ​នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ៕