សម្រាប់លោក នួន ជា អតីតប្រធានសភានៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានអ្នកស្រី លី គឹមសេង ប្រពន្ធរបស់គាត់ប្រាប់ថា គ្រួសារកូនចៅមិនបានមកសួរសុខទុក្ខគាត់ទេក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ព្រោះពួកគាត់ត្រូវជួបជុំសមាជិកគ្រួសារដទៃទៀតនៅឯផ្ទះនាខេត្តប៉ៃលិនដែរ។
សម្រាប់លោក អៀង វុធ ជាកូនរបស់លោក អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេសនិងលោកស្រី អៀង ធីរិទ្ធ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច មានប្រសាសន៍ថា លោកមិនបានទៅសួរសុខទុក្ខឪពុកម្តាយរបស់លោកទេ ក្នុងឱកាសចូលឆ្នាំខ្មែរនេះ ដោយសារលោកជាប់រវល់។
លោកបញ្ជាក់ដោយខ្លីដូច្នេះថា ៖ «ខ្ញុំនៅប៉ៃលិន អត់ទាន់បានឡើងទៅមើលផង គេបិទអត់ឲ្យចូលផងចូលឆ្នាំ ថ្ងៃសម្រាក សៅរ៍ អាទិត្យ ហើយថ្ងៃបុណ្យ គេអត់ឲ្យចូលទេ»។
ចំណែកឯក្រុមគ្រួសាររបស់លោក ខៀវ សំផន មិនអាចទាក់ទងបានទេនៅថ្ងៃនេះ ក៏ប៉ុន្តែលោក រាជ សម្បត្តិ មន្រ្តីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឱ្យដឹងថា នៅមុនពេលចូលឆ្នាំថ្មី គឺកាលពីចុងសប្តាហ៍កន្លងទៅ អង្គភាពមន្ទីរឃុំឃាំងនៅក្នុងសាលាក្តីខ្មែរក្រហម បានរៀបចំឱ្យមានពិធីសូត្រមន្តមួយសម្រាប់អតីតមេដឹកនាំខ្មែរក្រហមដែលកំពុងជាប់ឃុំទាំងនោះ ហើយយ៉ាងហោចណាស់មានកូនចៅនិងគ្រួសាររបស់អ្នកទាំងនោះចូលរួមនៅក្នុងពិធីនោះផងដែរ។
លោក រាជ សម្បត្តិ មានប្រសាសន៍ដូច្នេះថា ៖ «ពួកគាត់ត្រូវបានអង្គភាពកន្លែងឃុំឃាំងហ្នឹង គេនិមន្តលោក ២អង្គ កាលពីថ្ងៃទី១១ ហើយក្រុមគ្រួសារកូនចៅលោក អៀង សារី បានមកចូលរួម ៤-៥នាក់ ហើយនិងប្រពន្ធលោក ខៀវ សំផន និងកូនគាត់ក៏មកដែរ»។
ចំពោះអ្នកស្រី លី គឹមសេង ប្រពន្ធរបស់លោក នួន ជា បានប្រាប់វិទ្យុអាស៊ីសេរីថា អ្នកស្រីក៏ដូចជាកូនចៅដទៃទៀតដែរ មិនបានចូលរួមក្នុងពិធីពេលនោះទេ ព្រោះមិនបានដឹង។
ចំណែកឯអ្នកស្រី គឹមហុង ប្អូនស្រីពៅរបស់លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ដែលសាលាក្តីខ្មែរក្រហមកំពុងតែជំនុំជម្រះរឿងក្តីរបស់គាត់នោះ បានប្រាប់វិទ្យុអាស៊ីសេរីថា គាត់មិនបានដឹងថា កូនៗ បងស្រី និងម្តាយរបស់គាត់មកសួរសុខទុក្ខ ឌុច បងប្រុសរបស់គាត់ឬក៏អត់នោះទេ ហើយអ្នកស្រីក៏មិនបានមកសួរសុខទុក្ខដែរ ៖ «ក្រុមគ្រួសារខ្ញុំអត់មានលុយទៅលេង កូនចៅរឹតតែអត់ទៀត ជាប់ធ្វើចម្ការធ្វើអីអស់ហើយ»។
លោក រាជ សម្បត្តិ មន្រ្តីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានបញ្ជាក់ថា ទោះយ៉ាងណា អតីតមេដឹកនាំខ្មែរក្រហម ដែលកំពុងជាប់ឃុំទាំងនេះ ត្រូវបានផ្តល់នូវពិធីសូត្រមន្តតាមពុទ្ធសាសនានៅមុនពេលចូលឆ្នាំថ្មី ដូចអ្នកជាប់ឃុំនៅពន្ធនាគារដទៃ លើកលែង លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ម្នាក់ប៉ុណ្ណោះ ជាគ្រិស្តសាសនិកជន៕