ទីផ្សារ​អចលនទ្រព្យ​មិន​ទាន់​មាន​ចលនា​នៅ​ឡើយ​ក្នុង​ឆ្នាំ​២០១០

អ្នក​ជំនាញ​និង​អ្នក​ប្រកប​មុខ​របរ​ជំនួញ​ខាង​អចលនទ្រព្យ​នៅ​​កម្ពុជា បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ​ទីផ្សារ​អចលនទ្រព្យ​នៅ​បន្ត​ស្ងប់ស្ងាត់​មិន​មាន​អ្នក​ទិញ រី​ឯ​តម្លៃ​ដី​នៅ​តែ​មាន​តម្លៃ​ខ្ពស់​ដដែល។

0:00 / 0:00

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​អចលនវត្ថុ​ជាតិ​​កម្ពុជា លោក សឹង ប៊ុណ្ណា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ មិន​មាន​អ្នក​ជំនាញ​ណា​មួយ​ហ៊ាន​វាយ​តម្លៃ​ពី​ស្ថានការណ៍​ទីផ្សារ​អចលនទ្រព្យ​ថា មាន​ចលនា​នៃ​ការ​​ទិញ​ដូរ​បាន​ច្រើន​ដូច​មុន​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​​​នោះ​ទេ តែ​លោក​មាន​ជំនឿ​ថា ក្នុង​រង្វង់​២​ឆ្នាំ​ទៅ​មុខ​ទៀត​ទើប​អាច​មាន​សង្ឃឹម។

លោក ប៊ុណ្ណា ឲ្យ​ដឹង​ថា ទីផ្សារ​អចលនទ្រព្យ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១០​នេះ ឃើញ​មាន​ចលនា​នៃ​ការ​ទិញ​លក់​ខ្លះៗ​ទៅ​លើ​ដីធ្លី​និង​ផ្ទះ​នៅ​តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​និង​មាន​ទីតាំង​ល្អ។

លោក សឹង ប៊ុណ្ណា បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «នៅ​ដើម​ត្រីមាស​ទី​១​ដើម​ឆ្នាំ​២០១០​នេះ ក៏​វា​មិន​មាន​សកម្មភាព​ដែរ បាន​ន័យ​ថា វា​ជា​ពេល​វេលា​មួយ​ដែល​អ្នក​ទិញ​តែ​កាលណា​ដល់​បាត​គេ​ហ៊ាន​ទិញ​ហើយ ក៏ប៉ុន្តែ​វា​ជា​ការ​ទិញ​ដូរ​ដែល​មាន​លក្ខណៈ​ប្រយ័ត្ន​ប្រយែង​បំផុត គឺ​គេ​ទិញ​តែ​របស់​ណា​ដែល​មាន​សក្ដានុពល​ទេ ដែល​មាន​ចំណូល មាន​ទីតាំង​ល្អ ផ្លូវ​ធំ អ៊ីចឹង​វា​មាន​សកម្មភាព​មួយ​ចំនួន​ហើយ»

ស្ត្រី​បម្រើការ​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ព្រីនថោន មាន​ប្រសាសន៍​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ផ្ទះ​ល្វែង​ដ៏​ប្រណីត មាន​ទីតាំង​ធំ​ទូលាយ​នៅ​ជាប់​ផ្លូវ​ធំ​ក្នុង​បុរី​ព្រីនថោន​លក់​មិន​ដាច់​និង​ពុំ​មាន​អ្នក​​​មក​រក​ទិញ​ទៀត​ទេ បើ​ទោះ​បី​មាន​ការ​បញ្ចុះ​តម្លៃ​ពិសេស​បែប​ណា​ក៏ដោយ ៖ «លក់​អត់​ដាច់ អត់​សូវ​មាន​ភ្ញៀវ​ទិញ ទិញ​លក់​បន្ត​ក៏​ស្ងាត់ មូលហេតុ​សេដ្ឋកិច្ច​វា​ធ្លាក់»

មន្ត្រី​សមាគម​អភិវឌ្ឍន៍​អចលនទ្រព្យ​កម្ពុជា លោក គង់ វណ្ណសុធី មាន​ប្រសាសន៍​ដោយ​ខ្លី​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០១០ គឺ​មិន​មាន​អ្វី​ខុស​គ្នា​នឹង​ស្ថានការណ៍​នៃ​ការ​ធ្លាក់​ចុះ​តម្លៃ​ទីផ្សារ​អចលនទ្រព្យ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០០៩​នោះ​ទេ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ទីផ្សារ​ដី​នៅ​តែ​មាន​តម្លៃ​ខ្ពស់ រី​ឯ​អ្នក​រក​ទិញ​មាន​​​ចលនា​ខ្លះ​ដែរ ប៉ុន្តែ​ចង់​បាន​តម្លៃ​ទាប។ លោក សុធី ឲ្យ​ដឹង​ថា សកម្មភាព​ទិញ​ដូរ​អចលនទ្រព្យ​នៅ​ប្រទេស​​​​​​កម្ពុជា​បច្ចុប្បន្ន គឺ​មាន​សកម្មភាព​ខ្លះ​ៗ​តែ​ទៅ​លើ​ផ្ទះ​មាន​ទីតាំង​ល្អ​និង​តម្លៃ​ទាប ចំណែក​ម្ចាស់​ផ្ទះ​ឬ​ដី​មិន​ទម្លាក់​តម្លៃ គឺ​មិន​មាន​អ្នក​រក​ទិញ​ឡើយ។

បុគ្គលិក​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​ជ័យមង្គល លោកស្រី កែវ សាម៉ាដា មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា មក​ដល់​ឆ្នាំ​២០១០​នេះ ចលនា​នៃ​ការ​ទិញ​លក់​ផ្ទះ​នៅ​បុរី​ជ័យមង្គល​មាន​ចលនា​ខ្លះៗ​តែ​ទៅ​លើ​អ្នក​មក​រក​ទិញ​ផ្ទះ​ក្នុង​តម្លៃ​ទាប​ទុក​សម្រាប់​ធ្វើ​លំនៅ ប៉ុន្តែ​សម្រាប់​ឈ្មួញ​​មក​​ទិញ​​​ទុក​លក់​បន្ត​មិន​មាន​ដូច​ពេល​មុន​ពិភពលោក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ទៀត​ឡើយ ទោះបី​ក្រុមហ៊ុន​បាន​បញ្ចុះ​តម្លៃ​ទាប​បែប​ណា​ក៏ដោយ។

ក្រៅ​ពី​​​​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​លក់​ផ្ទះ​ល្វែង លោកស្រី សាម៉ាដា បន្ត​ថា ច្បាប់​ថ្មី​ដែល​រដ្ឋាភិបាល​ទើប​បង្កើត​យក​ពន្ធ​ទៅ​លើ​ដីធ្លី ផ្ទះ​សម្បែង ក៏​ជា​ដើម​ហេតុ​ធ្វើ​ឲ្យ​ចលនា​ទិញ​លក់​អចលនទ្រព្យ​នៅ​កម្ពុជា​គាំង​មិន​ដំណើរការ​ផង​ដែ។

លោកស្រី កែវ សាម៉ាដា មាន​ប្រសាសន៍​ថា ៖ «មនុស្ស​ដែល​ទិញ​ទុក​លក់​យក​ចំណេញ​ហ្នឹង​គេ​អត់​ទិញ​ទៀត​ទេ​ឥឡូវ​នោះ។ ឥឡូវ​រដ្ឋាភិបាល​គាត់​មាន​គោលការណ៍​បង់​ពន្ធ​ផ្ទះ បង់​ពន្ធ​អី​អ៊ីចឹង​អតិថិជន​គេ​រអា​ចិត្ត​បន្តិច។ វា​មិន​ដូច​មុន​ទេ​ឥឡូវ​នេះ តម្លៃ​ក៏​ធ្លាក់​ចុះ ហើយ​ពិបាក​លក់​ជាង​មុន...»

ពាក់ព័ន្ធ​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​នេះ លោក ប៊ុណ្ណា បាន​ព្យាករណ៍​ថា ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​នឹង​មាន​តម្លៃ​និង​ចលនា​ឡើង​វិញ​ក្នុង​រង្វង់​២​ឆ្នាំ​ទៀត៕