ដំណោះស្រាយ​ក្នុង​ជម្លោះ​ដី​នៅ​តំបន់​ដី​ក្រហម​មិន​ទាន់​មាន​ច្រក​ចេញ

ដំណោះស្រាយ​រក​យុត្តិធម៌​ចំពោះ​ជន​រងគ្រោះ​នៃ​ជម្លោះ​ដី​តំបន់​ដី​ក្រហម​នៅ​មិន​ទាន់​រក​ច្រក​ចេញ។ អ្នក​ស្រុក​ដែល​រង​គ្រោះ​បាន​ព្យាយាម​នាំ​គ្នា​រក​ការជួយ​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ។

0:00 / 0:00

«យើង​ខ្ញុំ​ទាំងអស់​គ្នា​សូម​អំពាវនាវ​ដល់​សម្ដេច ហេង សំរិន សូម​លោក​ចេញ​មក​មើល​ប្រជាពលរដ្ឋ​នៅ​មុខ​សភា​ផង សូម​លោក​កុំ​បិទ​ទ្វារ​អី លោក​ចេញ​មក​មើល​ចុះ ប្រជាពលរដ្ឋ​ដី​ក្រហម​គ្រប់​គ្នា​ហូរ​ទឹក​ភ្នែក​រហាម» ៖ សម្រែក​អំពាវនាវ​រក​ការជួយ​របស់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ការប្រើ​អំពើ​ហិង្សា​ពី​ក្រុម​អាជ្ញាធរ​និង​ក្រុមហ៊ុន 7NG បាន​ឈាន​ដល់​ថ្ងៃ​ទី​៦​ហើយ​រហូត​មក​ទល់​នឹង​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ប៉ុន្តែ​មិន​ទាន់​បាន​ទទួល​ការឆ្លើយ​តប​ណា​មួយ​ពី​មន្ត្រី​ដឹកនាំ​រដ្ឋាភិបាល​នោះ​ឡើយ។

មន្ត្រី​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​មាន​ការប្រើ​ត្រាក់ទ័រ​ឈូស​រំលើង​ផ្ទះ​និង​ការប្រើ​អំពើ​ហិង្សា​វាយ​ដំ​បង្ក្រាប​ប្រជាជន​ឲ្យ​ខ្លាច​រអា​តាំង​ពី​ថ្ងៃ​ទី​២៤ មករា​នោះ​មក អ្នក​បាត់បង់​ទី​ជម្រក​នៅ​តំបន់​ដី​ក្រហម​មិន​ហ៊ាន​វិល​ត្រឡប់​ទៅ​នៅ​លើ​ដី​របស់​ខ្លួន​វិញ​ឡើយ។

មន្ត្រី​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឈឹម សាវុធ បាន​ថ្លែង​ថា ក្រុម​គ្រួសារ​អ្នក​រង​គ្រោះ​ទាំង​នោះ​បាន​នាំ​គ្នា​ស្នាក់នៅ​រាយប៉ាយ​ដែល​គ្មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​នោះ​ឡើយ។

មន្ត្រី​សិទ្ធិ​មនុស្ស​និយាយ​ថា អ្នក​ខ្លះ​ត្រូវ​ក្រុម​សិទ្ធិ​មនុស្ស​បាន​ទទួល​ឲ្យ​ស្នាក់នៅ​ជា​បណ្តោះ​អាសន្ន អ្នក​ខ្លះ​ត្រូវ​បង្ខំ​ចិត្ត​ដេក​នៅ​តាម​សួនច្បារ និង​អ្នក​ខ្លះ​ត្រូវ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ទទួល​ឲ្យ​ស្នាក់នៅ​បណ្តោះ​អាសន្ន។

លោក ឈឹម សាវុធ បាន​មាន​ប្រសាសន៍​ថា ៖ «សំខាន់​បំផុត​ការរស់នៅ​ជីវភាព​របស់​គាត់​ផ្ទាល់​ដោយសារ​អត់​មាន​ចាន​ឆ្នាំង អត់​មាន​អង្ករ​មាន​ស្អី​អ៊ីចឹង ដល់​អ៊ីចឹង​គាត់​រស់នៅ​ជាមួយ​គ្នា​វា​ពិបាក​មែនទែន ហើយ​បាន​ខាង​អង្គការ​គាត់​ជួយ​ឧបត្ថម្ភ​ជា​បន្ត​បន្តាប់»

ព្រឹត្តិការណ៍​បង្រ្កាប​ថ្ងៃ​ទី​២៤ មករា នៅ​លើ​តំបន់​ដី​ក្រហម​បាន​ធ្វើ​ឡើង​នៅ​ក្បែរ​រដ្ឋសភា​ចម្ងាយ​ប្រមាណ​ជិត​១០០​ម៉ែត្រ​ខាង​ត្បូង​អគារ​របស់​អ្នក​តាក់តែង​ច្បាប់​សម្រាប់​ប្រទេស​កម្ពុជា​ទាំង​មូល​នោះ។ ប៉ុន្តែ​ក្រុម​អ្នក​រងគ្រោះ​បាន​ថ្លែង​ថា ក្រុម​អ្នក​ធ្វើ​ច្បាប់​និង​តំណាង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​កម្ពុជា​នោះ បែរ​ជា​មិន​អាច​ជួយ​ធ្វើ​អន្តរាគមន៍​អ្វី​ជួយ​ដល់​អ្នក​រងគ្រោះ​ដែល​មាន​ជាង​១៥០​គ្រួសារ​នោះ​ឡើយ។

នៅ​ក្នុង​ការស្វែងរក​ក្រុម​អ្នក​តំណាងរាស្ត្រ​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​កាលពី​ក្នុង​សប្តាហ៍​នេះ ជន​រងគ្រោះ​ម្នាក់ លោក ច័ន្ទ វិចិត្រ បាន​ថ្លែង​អង្វរ​នៅ​ពី​មុខ​អគារ​រដ្ឋសភា​យ៉ាង​នេះ​ថា ៖ «អស់លោក​ដែល​ជា​តំណាងរាស្រ្ដ​គ្រាន់តែ​អើត​ចេញ​តាម​បង្អួច​មក​គឺ​ឃើញ​ហើយ នៅ​ដី​ក្រហម​ឃើញ​អេស្កាវ៉ាទ័រ​គេ​កំពុង​តែ​ចាប់​បំផ្លាញ​ផ្ទះ​បង​ប្អូន​នៅ​ដី​ក្រហម។ ឥឡូវ​នេះ​សូម្បីតែ​បាយ​ក៏​យើង​អត់​មាន​ហូប​ដែរ យើង​បាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​គាត់​ជួយ​មួយ​ពេលៗ​ដោះ​ទ័ល។ ឥឡូវ​នេះ​យើង​អស់​រលីង​ពី​ខ្លួន​ហើយ សូម្បីតែ​ចាន​បែក​មួយ​គេ​យើង​យក​មិន​បាន​ផង។ សូម​អំពាវនាវ​ដល់​អស់លោក លោកស្រី ខ្ញុំ​និយាយ ខ្ញុំ​អត់​មាន​ភាព​ក្លាហាន​ដូច​មុន​ទេ ខ្ញុំ​បាន​ត្រឹមតែ​ឈរ​មើល​គេ​វ៉ៃ​កម្ទេច​ផ្ទះ​របស់​ខ្លួន​ឯង ផ្ទះ​របស់​ប្រជាពលរដ្ឋ។ ឥឡូវ​នេះ​យើង​អស់​ហើយ យើង​រលីង​រលត់​ពី​ខ្លួន​ហើយ»

ក្រុម​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ថា មាន​ប្រជាជន​ចំនួន​ជិត​២០​នាក់​បាន​រង​របួស​ក្នុង​នោះ​មាន​៥​នាក់​បាន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ។ ស្ត្រី​ម្នាក់​ដែល​មាន​ផ្ទៃ​ពោះ​៧​ខែ​ត្រូវ​គេ​វាយ​ធ្វើ​បាប ផ្ទះ​ជន​រងគ្រោះ​ដែល​លក់​គ្រឿងទេស​ត្រូវ​ក្រុម​អ្នក​រុះរើ​ចូល​ប្លន់​យក​អីវ៉ាន់​តាម​ចិត្ត​ដោយ​គ្មាន​ការរារាំង​ណា​មួយ​ពី​ក្រុម​សមត្ថកិច្ច​នោះ​ឡើយ។

ស្ត្រី​ចាស់​ជរា​ម្នាក់​ឈ្មោះ ថាច់ រាំង បាន​មាន​ប្រសាសន៍​ទួញសោក​យ៉ាង​នេះ​ថា ៖ «ខ្ញុំ​គ្មាន​ដឹង​ថា​វា​មក​ធ្វើ​បាប​អ៊ីចឹង​ទេ មក​ធ្វើ​បាប​ប្រជាជន ផ្ទះ​ខ្ញុំ​វា​មក​វ៉ៃ​មុន​គេ វ៉ៃ​ត្រូវ​ចៅ កូន​ខ្ញុំ​ទាំងអស់ កូន​ខ្ញុំ​៤​-​៥​នាក់​ត្រូវ​របួស​ទាំងអស់​គ្នា ហើម​ជើង ដាច់​ជើង​ឈាម​ល្ហល្ហាច​គ្រប់​គ្នា​ទាំងអស់​កូន​ចៅ​ខ្ញុំ។ ខ្ញុំ​អាណិត​តែ​ចៅ​ខ្ញុំ​តូចៗ​នេះ វា​ដេក​មិន​បាន​ទេ​សព្វថ្ងៃ​នេះ ដេក​យំ​ថា​ឈឺ​ណាស់​យាយ​អើយ ឈឺ​ដេក​មិន​លក់​ទេ ខ្ញុំ​អាណិត​ចៅ​ខ្ញុំ​ណាស់​លោក​អើយ។ សូម​សម្ដេច ហ៊ុន សែន ជួយ​ខ្ញុំ​ផង ខ្ញុំ​ស្គាល់​សម្ដេច​ទាំង​បី ខ្ញុំ​សូម​គោរព​ម្រាម​ដៃ​១០ សូម​ឲ្យ​សម្ដេច​ជួយ​កូន​ចៅ​ដី​ក្រហម​នេះ​វេទនា​ខ្លាំង​ណាស់ៗ វេទនា​ប៉ុន្មាន​ខែ​ហើយ លោក​អើយ​ជួយ​ខ្ញុំ​ផងៗៗ សម្ដេច​ទាំង​៣ ជួយ​ខ្ញុំ​ផងៗៗ»

កាលពី​ថ្ងៃ​ពុធ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​និង​អង្គការ Human Rights Watchដែល​មាន​ទីតាំង​នៅ​បុរី​ញូវយ៉ក​បាន​ធ្វើការ​ថ្កោលទោស​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៤ មករា និង​បាន​ស្នើ​សូម​ឲ្យ​រាជ​រដ្ឋាភិបាល​ចាត់​វិធានការ​យក​ជន​ប្រើ​អំពើ​ហិង្សា​និង​រំលោភ​លើ​សិទ្ធិ​ទី​លំនៅ​របស់​ប្រជាពលរដ្ឋ​យក​ទៅ​ប្រឈម​មុខ​នឹង​ច្បាប់​តុលាការ។

អនុ​ប្រធាន​ប្រចាំ​ការិយាល័យ​អាស៊ី​នៃ​អង្គការ Human Rights Watch អ្នកស្រី Elaine Pearson បាន​មាន​ប្រសាសន៍​កត់សម្គាល់​យ៉ាង​នេះ​ថា ៖ "យើង​បាន​ទទួល​សេចក្តី​រាយការណ៍​មក​ថា មាន​ការប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​នៅ​ពេល​បង្ក្រាប​ប្រជាជន​និង​មាន​ការប្រើ​អំពើ​ហិង្សា​នានា​គំរាម​ដល់​អ្នក​ស្រុក។ ហើយ​បើសិន​ជា​មាន​សកម្មភាព​ទាំង​នោះ​បាន​ធ្វើ​ចំពោះ​សហគមន៍​អ្នក​ភូមិ​ទាំង​នោះ​មែន ជន​ដែល​ប្រព្រឹត្ត​មិន​ថា​ជា​ប៉ូលិស​ឬ​ជា​ប៉េអឹម​ដែល​ប្រព្រឹត្ត​អំពើ​ហិង្សា​ត្រូវតែ​នាំ​យក​ទៅ​កាត់​ទោស​នៅ​តុលាការ។ ប្រជាជន​ដែល​រងគ្រោះ​ទាំង​នោះ​បាន​រស់នៅ​លើ​តំបន់​ដី​ក្រហម​យូរយារ​ប្រមាណ​ច្រើន​ទសវត្ស​មក​ហើយ ហើយ​ដោយ​ពិត​ទៅ​ពួក​គាត់​មាន​សិទ្ធិ​រស់នៅ​លើ​ដីនោះ​យោងតាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១។ ដូច្នេះ​អ្វី​ដែល​ចាំបាច់​ត្រូវ​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ជាជាង​ការប្រកាន់​ទំនោរ​កាន់​ជើង​ចំពោះ​ក្រុមហ៊ុន 7NG នោះ"។

គួរ​រំឭក​ផងដែរ​ថា ព្រឹត្តិការណ៍​ជម្លោះ​ដី​នៅ​តំបន់​ដី​ក្រហម​បាន​កើត​តាំង​ពី​ចុង​ឆ្នាំ​២០០៥​ដែល​ពេល​នោះ​មាន​អ្នក​រស់នៅ​ទី​នោះ​ចំនួន​ជាង​១០០០​គ្រួសារ។ ក្រុម​សិទ្ធិ​មនុស្ស​បាន​រាយការណ៍​ថា ក្រុមហ៊ុន 7NG គ្រោង​យក​ដី​អ្នក​ភូមិ​ទាំង​នោះ​ធ្វើ​ជា​តំបន់​អភិវឌ្ឍន៍​សេដ្ឋកិច្ច ប៉ុន្តែ​មិន​មាន​សេចក្តី​រាយការណ៍​ច្បាស់លាស់​អំពី​គម្រោង​លម្អិត​នោះ​ទេ។ នា​ពេល​នេះ​ទី​បរិវេណ​ដែល​គេ​បណ្តេញ​ប្រជាជន​ចេញ​ត្រូវ​គេ​បិទ​ច្រក​មិន​ឲ្យ​មាន​មនុស្ស​ចេញ​ចូល​នោះ​ឡើយ។

ក្រុម​ជន​រងគ្រោះ​កាលពី​ថ្ងៃ​ព្រហសប្បតិ៍ ទី​២៩ មករា បាន​នាំគ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​តាខ្មៅ ហើយ​បាន​ដាក់​ញត្តិ​មួយ​ក្នុង​បំណង​រក​ការជួយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ។ ហើយ​រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​ព្រហស្បតិ៍​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការឆ្លើយតប​ណា​មួយ​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នោះ​នៅ​ឡើយ៕