កិច្ច​ចរចា​រៀបចំ​ដោយ​អាស៊ាន គ្មាន​ផល​ល្អ​សម្រាប់​កម្ពុជា

អ្នកវិភាគ​បាន​អះអាង​ថា កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) និង​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) នៅ​ថ្ងៃ​ទី​២៤-២៥ ខែ​មីនា ទំនង​ជា​មិន​ទទួល​បាន​លទ្ធផល​គាប់​ប្រសើរ​នោះ​ទេ។

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល រួម​ជា​មួយ​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ និង​ព្រំដែន​មួយ​ចំនួន​នៅ​កម្ពុជា បាន​ចាត់​ទុក​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) និង​គណៈកម្មការ​ព្រំដែន​ទូទៅ (GBC) កម្ពុជា-ថៃ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​មាន​ប្រធាន​អាស៊ាន​ជា​អាជ្ញា​កណ្ដាល នា​ខែ​មីនា​នេះ មិន​អាច​ជំរុញ​ច្រាន​ឲ្យ​ស្ថានការណ៍​ព្រំដែន​តំបន់​មាន​ជម្លោះ​ធូរ​ស្រាល​បាន​ទេ។

លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​ព្រំដែន បាន​ផ្ដល់​បទ​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​ថា កិច្ច​ប្រជុំ JBC និង GBC នៅ​ទីក្រុង​ប៊ូហ្គ័រ មិន​អាច​រក​ដំណោះ​ស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​បាន​ទេ។

តាម​លោក រ៉ុង ឈុន កិច្ច​ប្រជុំ​បន្ធូរបន្ថយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដែល​មាន​ប្រធាន​អាស៊ាន​ជា​អាជ្ញា​កណ្ដាល នៅ​ទីក្រុង​ប៊ូហ្គ័រ ប្រទេស​ឥណ្ឌូណេស៊ី នា​ខែ​មីនា​នេះ អាស៊ាន​មិន​មាន​អំណាច​បរិបូរណ៍​សម្រាប់​បញ្ចប់​ជម្លោះ​ព្រំដែន​នេះ​ទេ ៖ «គេ​មាន​ល្បិច​កល​ច្រើន​ណាស់ ពី​ព្រោះ​គេ​មាន​មហិច្ឆតា​ចង់​ឈ្លាន​ពាន ហើយ​គេ​ចង់​អូស​បន្លាយ​ស្ថានភាព​បញ្ហា​ព្រំដែន​នេះ ភ្ជាប់​ទៅ​នឹង​ស្ថានភាព​នយោបាយ​ក្នុង​ស្រុក​គេ»

លោក រ៉ុង ឈុន បាន​គូស​បញ្ជាក់​ថា យន្តការ​ល្អ​សម្រាប់​បញ្ចប់​ជម្លោះ​ព្រំដែន​តំបន់​កម្ពុជា-ថៃ ត្រូវ​លើក​យក​ជម្លោះ​នេះ ដាក់​ទៅ​តុលាការ​អន្តរ​ជាតិ ឲ្យ​បក​ស្រាយ​ខ្លឹមសារ​នៃ​សាល​ក្រម​ទីក្រុង​ឡាអេ ឆ្នាំ​១៩៦២ ជំនួស​វិញ ទើប​ប្រសើរ។

ស្រដៀង​គ្នា​ដែរ លោក​សាស្ត្រាចារ្យ​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​កម្ពុជា នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា មិន​រំពឹង​ទេ​ថា កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន និង​គណៈកម្មការ​ព្រំដែន​ទូទៅ​នា​សប្ដាហ៍​ខាង​មុខ​នេះ មាន​លទ្ធផល​អាច​ជំរុញ​ឈាន​ដល់​ការ​បោះ​បង្គោល​ព្រំដែន​ប្រកប​ដោយ​​សន្តិវិធី​ទេ ៖ «ចំណុច​ក្រោយ គឺ​យើង​មាន​តែ​ប្រមូល​ដៃ​គូ​អ្នក​ណា​ដែល​យល់​ថា បញ្ហា​កម្ពុជា​នេះ ជា​ការ​ត្រឹម​ត្រូវ​ដែល​ភាគី​កម្ពុជា​គោរព​ទៅ​តាម​គោល​ការណ៍​ច្បាប់។ ប៉ុន្តែ​វា​ទាក់​ទង​ទៅ​នឹង​នយោបាយ​ការ​បរទេស​មួយ ដែល​និយាយ​ថា គ្មាន​មិត្ត គ្មាន​សត្រូវ។ ចំណុច​នេះ​មហា​អំណាច​ចិន ក៏​ដើរ​តាម​ផ្លូវ​ហ្នឹង សហ​រដ្ឋ​អាមេរិក ក៏​ដើរ​តាម​ផ្លូវ​ហ្នឹង​ដែរ ដែល​ធ្វើ​ឲ្យ​លំបាក​នឹង​ទាញ​យក​ប្រទេស​អាស៊ាន​ធ្វើ​ជា​ដៃគូ​សម្រាប់​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជា​ជាតិ ដែល​ផល​ប្រយោជន៍​ប្រទេស​ទាំង​អស់​នោះ​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ»

យ៉ាង​នេះ​ក្ដី លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​ថា កិច្ច​ប្រជុំ JBC ដែល​នឹង​រៀបចំ​នៅ​ថ្ងៃ​ទី​២៤-២៥ ខែ​មីនា ប្រទេស​កម្ពុជា​​បាន​ត្រៀម​ឯកសារ​សំខាន់ៗ​មួយ​ចំនួន សម្រាប់​ប្រើ​ជា​ឧបករណ៍​រុក​រក​បង្គោល​ព្រំដែន​ជា​ដើម ៖ «យើង​មាន​បញ្ហា​មួយ​ចំនួន​ដែល​យើង​ត្រូវ​ដាក់​លើ​តុ​ចរចា អ្វី​ដែល​យើង​មិន​បាន​ធ្វើ​រហូត​មក​ដល់​សព្វ​ថ្ងៃ ដូច​ជា​ការ​ធ្វើ​ផែនទី​តាម​រូបថត​អាកាស នៅ​តាម​បណ្ដោយ​ព្រំដែន សម្រាប់​ជួយ​ក្នុង​ការ​រុក​រក​បង្គោល​ព្រំដែន»

ទោះ​ជា​បែប​នេះ លោក​ទេសរដ្ឋមន្ត្រី​ថា រហូត​មក​ដល់​ពេល​នេះ ខាង​ភាគី​ថៃ​ក៏​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​ផ្លូវ​ការ​មក​កម្ពុជា ឬ​ទៅ​កាន់​ប្រទេស​ឥណ្ឌូណេស៊ី ស្ដីពី​កិច្ច​ប្រជុំ​នេះ​នៅ​ឡើយ​ទេ។

ប៉ុន្តែ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ថៃ (TNA) កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា បាន​ដក​ស្រង់​សម្ដី​លោក​អាប់ភីស៊ីត វាចាជីវ៉ាក់ (Abhisit Vijjajiva) នាយក​រដ្ឋ​មន្ត្រី​ថៃ មក​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា ភាគី​ថៃ​បាន​ត្រៀម​លក្ខណៈ​រួច​ហើយ សម្រាប់​ចូល​រួម​តុ​ប្រជុំ​គណៈកម្មការ​ចម្រុះ​ព្រំដែន JBC រវាង​កម្ពុជា-ថៃ នៅ​ឥណ្ឌូណេស៊ី ក្នុង​ខែ​មីនា​នេះ។

លោក វ៉ា គឹម​ហុង ឲ្យ​ដឹង​ថា បង្គោល​ព្រំដែន​កម្ពុជា-ថៃ មាន​ចំនួន​សរុប ៧៣​បង្គោល។ ក្នុង​នោះ​មាន ៣៣​បង្គោល ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​ជា​មួយ​គ្នា។ មាន​១៥​បង្គោល​មិន​ទាន់​បាន​ឯកភាព និង​២៥​បង្គោល​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ៕