ក្រុមអ្នកឃ្លាំមើលនិយាយថា អវត្តមានរូបថតរបស់ប្រធានាធិបតីអាមេរិក ជាមួយមេដឹកនាំខ្មែរក្នុងអាល់ប៊ុមសេតវិមាន ជាចេតនារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន (Washington) ក្នុងការព្រមានដោយទន់ភ្លន់បែបចាស់ទុំ ចំពោះការរំលោភសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា និងបង្ហាញពីភាពសោះអង្គើយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
អ្នកតាមដានស្ថានការណ៍កម្ពុជា ពីប្រទេសហ្វាំងឡង់ លោក ប៉ាង សុឃឿន ថ្លែងថា ឧបសគ្គដែលរារាំងមិនឲ្យមានរូបថតរបស់លោក ហ៊ុន សែន ជាមួយលោក បារ៉ាក់ អូបាម៉ា ក្រោយពីជំនួបទ្វេភាគីនោះ គឺដោយសារបញ្ហានៃការរំលោភសិទ្ធិមនុស្ស ការរំលោភដីធ្លី ការឃុំឃាំងអ្នកទោសនយោបាយ និងបញ្ហានិទ្ទណ្ឌភាពដ៏ធ្ងន់ធ្ងរមិនទាន់បានដោះស្រាយនៅកម្ពុជា។
រូបថតក្នុងអាល់ប៊ុមរបស់សេតវិមាន គេឃើញមានរូបថតអនុស្សាវរីយ៍របស់លោក បារ៉ាក់ អូបាម៉ា ជាមួយមហាក្សត្រថៃ ភូមមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ចំនួនមួយសន្លឹកជាមួយនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ចំនួន ៤សន្លឹក ជាមួយអ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ប្រធានគណបក្សសម្ព័ន្ធប្រជាធិបតេយ្យចំនួន ៣សន្លឹក ហើយរូបថតមួយសន្លឹកទៀតជាមួយលោក ថេន សេន (Thein Sein) មេដឹកនាំភូមា។
ចំណែករូបថតក្នុងអាល់ប៊ុមរបស់សេតវិមានចំនួន ១៣សន្លឹកផ្សេងទៀត ដែលថតរូបលោក អូបាម៉ា ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងពិធីទទួលទានអាហារពេលល្ងាច ក៏មិនបានថតជាមួយលោក ហ៊ុន សែន ដែរ។ រូបថតខ្លះគេឃើញមានរូបលោក ហ៊ុន សែន ក្នុងនោះដែរ តែចំណងជើងនៃរូបថតមិនបានបញ្ជាក់អំពីឈ្មោះលោក ហ៊ុន សែន នោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោក បារ៉ាក់ អូបាម៉ា បានថតរូបជាមួយលោក ថេន សេន មេដឹកនាំនៃប្រទេសភូមា ដែលជាប្រទេសល្បីខាងការដឹកនាំផ្ដាច់ការបែបយោធានិយមទៅវិញ។
ចំណុចនេះ លោក ប៉ាង សុខឿន វិភាគថា រូបថតរបស់លោក អូបាម៉ា ជាមួយលោក ថេន សេន គឺចង់បង្ហាញពីការលូតលាស់ផ្នែកប្រជាធិបតេយ្យ សេរីភាព និងការកែទម្រង់នៅភូមា ក្រោយពីប្រទេសមួយនេះ បានដោះលែងអ្នកទោសនយោបាយរាប់រយនាក់ឲ្យមានសេរីភាព រួមទាំងមេបក្សប្រឆាំង អ្នកស្រី អ៊ុង សានស៊ូជី ហើយដោះដៃចេញពីមហាអំណាចចិន។
នៅក្នុងជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានព្រមានថា បញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា អាចជាឧបសគ្គរារាំងដល់ចំណងមិត្តភាពនៃប្រទេសទាំងពីរ។
ទាក់ទងនឹងសៀវភៅកម្រងរូបថតរបស់សេតវិមាន លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យនៅកម្ពុជា ថ្លែងថា តាមការកត់សំគាល់របស់លោកឃើញថា កាយវិការរបស់លោក អូបាម៉ា ជាមួយលោក ហ៊ុន សែន មានភាពសោះអង្គើយខ្លាំង ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងមិនល្អរវាងមេដឹកនាំនៃប្រទេសទាំងពីរ ហេតុដូច្នេះហើយទើបការថតរូបអនុស្សាវរីយ៍ គ្មានការចាំបាច់សំរាប់មេដឹកនាំសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិកថា នៅតែមានកិច្ចសហប្រតិបត្តិការដ៏ល្អរួមគ្នាលើគ្រប់វិស័យ ទាំងវិស័យការពារជាតិ ប្រឆាំងអំពើភេរវកម្ម ពានិជ្ចកម្ម និងការពង្រឹងលទ្ធិប្រជាធិបតេយ្យ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ទាំងការធ្វើទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទៅកាន់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ី និងករណីលោក អូបាម៉ា មិនបានថតជាមួយលោក ហ៊ុន សែន មិនមែនជាបញ្ហាសំខាន់នោះទេ ហើយក៏មិនមែនជាសញ្ញាមួយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងនៃប្រទេសទាំងពីរនោះដែរ។
នៅក្នុងអំឡុងការគ្រប់គ្រងអំណាចនៃរដ្ឋបាលរបស់លោក ហ៊ុន សែន គេនៅមិនទាន់ឃើញមានការធ្វើទស្សនកិច្ចជាផ្លូវរដ្ឋណាមួយរបស់ប្រធានាធិបតីអាមេរិក មកកាន់កម្ពុជានោះទេ ហើយកម្ពុជា ក៏មិនដែលត្រូវបានអញ្ជើញឲ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋក្នុងសហរដ្ឋអាមេរិកនោះដែរ។
ចំណែកដំណើរទស្សនកិច្ចរបស់លោក បារ៉ាក់ អូបាម៉ា មកកាន់កម្ពុជា កាលពីថ្ងៃទី១៩ វិច្ឆិកា នោះ គ្រាន់តែជាការចូលរួមកិច្ចប្រជុំកំពូលអាស៊ានប៉ុណ្ណោះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា រូបថតជាមួយប្រធានាធិបតីអាមេរិក សម្រាប់ចុះក្នុងអាល់ប៊ុមសេតវិមាន មានសារសំខាន់យ៉ាងធំធេងជាលក្ខណៈប្រវត្តិសាស្ត្រក្នុងការបង្ហាញពីមិត្តភាពល្អរបស់ខ្លួនជាមួយបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក។
លោកបន្តថា ការដែលលោក អូបាម៉ា មិនបានថតរូបជាមួយលោក ហ៊ុន សែន គឺជាចេតនារបស់អាមេរិក ក្នុងការសម្ដែងភាពអាក់អន់ចិត្តចំពោះដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងបោះជំហានថយក្រោយ។
ទន្ទឹមនឹងការដែលប្រធានាធិបតីអាមេរិក មិនបានថតរូបជាមួយលោក ហ៊ុន សែន មេដឹកនាំខ្មែរនេះដែរ សារព័ត៌មានអន្តរជាតិខ្លះបានចុះផ្សាយថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បញ្ចប់ដោយការមាក់ងាយពីអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀតផង។
សារព័ត៌មាន ដេលី មេល (Daily Mail) កាលពីថ្ងៃសៅរ៍ ទី២៤ វិច្ឆិកា រាយការណ៍ថា នៅមុនពិធីអាហារពេលល្ងាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំភរិយារបស់លោកទៅកាន់លោក អូបាម៉ា។ អ្នកស្រី ប៊ុន រ៉ានី នៅពេលនោះបានធ្វើគារវកិច្ចចំពោះលោក អូបាម៉ា ដោយលើកដៃសំពះត្រឹមដើមទ្រូង ដែលជាការសំពះមួយដោយខ្វះការគោរព និងជាការសំពះមួយចំពោះមនុស្សដែលមានឋានៈទាបជាងខ្លួន។
តាមទំនៀមខ្មែរ ការសំពះដោយដាក់ដៃត្រឹមបបូរមាត់ ទើបជាការគោរពដល់មនុស្សដែលមានឋានៈខ្ពស់។ រីឯសំពះដាក់ដៃត្រឹមច្រមុះ គឺជាការសំពះចំពោះឪពុកម្ដាយ ជីដូនជីតា ឬគ្រូបង្រៀន ហើយចំណែកសំពះដៃត្រឹមប្រជុំចិញ្ចើម ជាការសំពះចំពោះព្រះមហាក្សត្រ ឬព្រះសង្ឃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
