ខ្មែរ​ថា​គ្មាន​ក្រុម​អាវ​ក្រហម​ថៃ​ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ​ទេ

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង នៅ​ថ្ងៃ​ចន្ទ ​ទី​១១ ខែ​តុលា បាន​ប្រកាស​បដិសេធ​ចោល​ភ្លាមៗ ចំពោះ​ការ​ចោទ​ប្រកាន់​ពី​មន្ត្រី​របស់​រដ្ឋាភិបាល​ថៃ​ថា មាន​ក្រុម​អាវ​ក្រហម​មក​ហ្វឹក​ហាត់​យុទ្ធ​សាស្ត្រ​យោធា​ក្នុង​ទឹក​ដី​កម្ពុជា​ តំបន់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នោះ។

ការ​ប្រកាស​បដិសេធ​ពី​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា​នេះ បន្ទាប់​ពី​មាន​សារព័ត៌មាន​ថៃ ​មួយ​ឈ្មោះ ឌឹ ណេហ្សិន (The Nation) ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ចន្ទ ទី​១១ ខែ​តុលា ដោយ​ដក​ស្រង់​ប្រសាសន៍​លោក​វរសនីយ៍​ទោ ផាយ៉ៅ ថោងសែន (Payao Thongsen) មន្ត្រី​ទទួល​បន្ទុក​ខាង​ស៊ើប​អង្កេត​ផ្នែក​ភេរវកម្ម​និយាយ​ថា គាត់​បាន​សួរ​ចម្លើយ​ក្រុម​ថៃ​អាវ​ក្រហម ១១​នាក់ ដែល​ប៉ូលិស​ថៃ​ចាប់​បាន​នៅ​ខេត្ត​ឈៀង​ម៉ៃ ហើយ​ពួក​គេ​បាន​ឆ្លើយ​ថា កម្ពុជា​បាន​បង្ហាត់​បច្ចេកទេស​ធ្វើ​សឹក​សង្គ្រាម​ដល់​ពួក​ថៃ​ចំនួន ៣៩​នាក់។

ក្រុម​អាវ​ក្រហម​នោះ​បាន​ឆ្លើយ​ថា ថៃ​ចំនួន ២៨​ បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប ដើម្បី​ទទួល​ការ​ហ្វឹក​ហាត់​ក្នុង​រយៈ​ពេល ៣​អាទិត្យ ហើយ​ជន​ជាតិ​ថៃ​ចំនួន ៣៥​នាក់​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ក្នុង​ខែ​សីហា​​កន្លង​ទៅ បន្ទាប់​ពី​បាន​ហ្វឹក​ហាត់​រួច។

លោក​វរសនីយ៍​ទោ ផាយ៉ៅ ថោងសែន បន្ត​ថា ក្រុម​ថៃ​​ទាំង​នេះ ត្រូវ​បាន​គេ​បង្ហាត់​​ឲ្យ​ស្អប់​ក្រុម​​ញាតិ​វង្សានុវង្ស​​​ស្តេច​ថៃ ឲ្យ​ចេះ​ប្រើ​អាវុធ​ច្រើន​យ៉ាង រួម​ទាំង​គ្រាប់​បែក​ផង។

ទាក់​ទិន​នឹង​បញ្ហា​នេះ លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា បាន​អធិប្បាយ​ពី​ការ​ចោទ​ប្រកាន់​របស់​ភាគី​ថៃ ​តាម​រយៈ​សារព័ត៌មាន​នេះ​ថា ជា​ទង្វើ​ដដែលៗ ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់ និង​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ ៖ «កម្ពុជា​តែង​តែ​ប្រកាន់​ភ្ជាប់​នូវ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ជា​ពិសេស​មាត្រា​ទី​៥៣ ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស​ណា​បោះ​ទីតាំង​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ទេ ដូច្នេះ​ការ​លើក​ឡើង​របស់​ភាគី​ថៃ​ថា​ មាន​ក្រុម​អាវ​ក្រហម​មក​ហ្វឹកហ្វឺន​ហាត់​បាញ់​អាវុធ​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ គឺ​ជា​រឿង​មិន​ពិត​ទេ​បាទ…!»

លោក កុយ គួង បន្ត​ថា នេះ​ជា​ការ​ទម្លាក់​កំហុស​មក​ឲ្យ​កម្ពុជា នៅ​ពេល​ដែល​ប្រទេស​ថៃ​ខ្លួន​ឯង​ពុំ​មាន​លទ្ធភាព​ដោះ​ស្រាយ​ជម្លោះ​ផ្ទៃ​ក្នុង​របស់​ខ្លួន​បាន​នោះ។ លោក​សំណូមពរ​ថា ភាគី​ថៃ​គួរ​បញ្ឈប់​ជា​បន្ទាន់​នូវ​ទង្វើ​ដែល​តែង​តែ​ព្យាយាម​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ ហើយ​ព្យាយាម​ដោះ​ស្រាយ​វិបត្តិ​ផ្ទៃ​ក្នុង​រវាង​​ថៃ និង​ថៃ​​គ្នា​ឯង​ឲ្យ​បាន​ល្អ​ទើប​ជា​ការ​ប្រសើរ៕