ប្រធានគណបក្សនរោត្តមរណឫទ្ធិ បានមានព្រះបន្ទូលបញ្ជាក់ពីជំហររបស់ខ្លួនច្បាស់លាស់ ក្នុងការការពារបូរណភាពទឹកដីកម្ពុជា មិនឲ្យបាត់បង់នោះឡើយ ជាពិសេសគឺព្រំដែនប៉ែកខាងកើត រវាងកម្ពុជា-វៀតណាម ហើយព្រះអង្គមានការសោកស្ដាយដែលគណៈកម្មាធិការព្រំដែនកម្ពុជាកន្លងមក បានថ្វាយផែនទីខុសដល់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្តម សីហនុ ដែលព្រះអង្គជាប្រធានក្រុមប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការព្រំដែន កាលពីឆ្នាំ២០០៥។
ការថ្លែងដូច្នេះនៅបន្ទាប់ពីសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីទី១ និងអតីតជាប្រធានរដ្ឋសភា ដែលបានយាងចេញពីឆាកនយោបាយប្រមាណជា២ឆ្នាំមក។ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលនៅថ្ងៃទី១៤ ធ្នូ នៅដំណាក់របស់ព្រះអង្គ ក្នុងរាជធានីភ្នំពេញ ដោយចោទប្រកាន់លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជាថា បានកុហកអតីតព្រះមហាក្សត្រ អំពីការប្រើប្រាស់ផែនទីប្រទេសកម្ពុជាជាផ្លូវការ ដែលបានព្រមព្រៀងគ្នា ៖ "ក៏ប៉ុន្តែសូមឲ្យវៀតណាមទទួលស្គាល់នូវព្រំដែនបច្ចុប្បន្ននៃកម្ពុជា ដែលមានផែនទី UTM 1/100.000 ធ្វើដោយ Service de'lang grafic de'lang ducum មានច្បាស់ហើយ ហេតុអ្វីបានជាយើងចរចាជាមួយវៀតណាម មិនយកអាហ្នឹងជាមូលដ្ឋាន ពីព្រោះកាលណោះយៀកណាម យៀកកុងទទួលស្គាល់ហើយ ប៉ុន្តែមហាអកុសល្យ ព្រះករុណាសរសេរព្រះហស្ថឯង ឯកឧត្ដម វា គឹមហុង បោកប្រាស់លោក លោកថា អាណេះផែនទីសម័យសង្គមរាស្ត្រនិយម តែការពិតវាមិនមែនផែនទីសម័យសង្គមរាស្ត្រនិយម"។
ការចោទប្រកាន់នេះ នៅខណៈដែលក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង បាននាំគ្នាទៅពិនិត្យមើលការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅក្នុងស្រុកមេមត់ ខែត្រកំពង់ចាម ដែលប្រជាពលរដ្ឋអះអាងថា បង្គោលលេខ១០៩ គេបានបោះចូលមកដីចម្ការរបស់អ្នកភូមិនៅទីនោះផងដែរ។
លោក គឹម ហុង ប្រធានគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា បានមានប្រតិកម្មថា សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ បានបន្ទូលខុសពីការពិត ព្រោះថា ផែនទីដែលយកទៅថ្វាយព្រះករុណា ផ្នែកលើផែនទីអង្គការសហប្រជាជាតិ ឆ្នាំ១៩៦៤ ធ្វើជាមូលដ្ឋាន ដែលមានខ្នាត ១/១រយពាន់ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិន ដែលមាន ២៦ផ្ទាំង ហើយសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ក៏គេផ្អែកលើផែនទីនេះ ៖ "ហើយមួយទៀត ក្នុងនាមលោកជាប្រធានគណបក្សហ្វុនស៊ិនប៉ិច ដែលជាគណបក្សធ្វើសម្ពន្ធជាមួយគណបក្សប្រជាជនកម្ពុជា យើងបានទៅរាយការណ៍លោក ទៅដល់ស្នាក់ការហ្វុនស៊ិនប៉ិចទៀតផង លោកបានឯកភាពទាំងស្រុង លោកយល់នូវអ្វីដែលយើងយកជាមូលដ្ឋាន ប៉ុន្តែមួយទៀត ដែលលោកមានបន្ទូលមិញខុសទេ លោកថា យកផែនទី UTM ខ្នាត1/100.000 តែតាមពិតផែនទី UTM ខ្នាត1/50.000 របស់សហរដ្ឋអាមេរិក"។
កាលពីដើមខែធ្នូ គណៈកម្មការទទួលបន្ទុកកិច្ចការព្រំដែននៃប្រទេសខ្មែរ និងវៀតណាម បានប្រកាសបើកឲ្យមានការដាក់ដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនមួយ ក្នុងការផលិតឯកសារផែនទីព្រំដែនដីគោកនៃប្រទេសទាំងពីរ ដែលមានក្រុមហ៊ុនចំនួន៥ បានចុះបញ្ជីនៅក្នុងការដាក់ដេញថ្លៃនោះរួចហើយ។
ប៉ុន្តែយ៉ាងនេះក្តី ប្រធានគណៈកម្មការព្រំដែនខ្មែរ នៅប្រទេសបារាំង លោក ស៊ាន ប៉េងសែ បានពន្យល់ថា ផែនទីដែលធ្វើនៅសម័យបារាំងសុក្រឹតបំផុត ហើយគេអាចរាវរកបង្គោលចាស់មកវិញដោយងាយតាមរយៈម៉ាស៊ីន GPS ដែលដៅលើផែនទីស្រាប់។ លោកបញ្ជាក់ថា រដ្ឋាភិបាលខ្មែរមិនយកផែនទីចាស់មកអនុវត្តនោះទេ ដោយសារតែសន្ធិសញ្ញានាឆ្នាំ១៩៨៥ រវាងខ្មែរ និងវៀតណាម ត្រូវបានគេធ្វើជាថ្មី ក្រោមឥទ្ធិពលរបស់វៀតណាម៕