សភាពការណ៍​ទូទៅ​នៅ​តំបន់​ព្រំដែន​ភាគ​ពាយ័ព្យ

2010-02-08

ស្ថានការណ៍​ទូទៅ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា ដោយ​កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ថៃ បាន​ធ្វើការ​ចល័ត​និង​ផ្លាស់​ប្តូរ​ទ័ព​នៅ​ទឹក​ដី​រៀងៗ​ខ្លួន មិន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ទេ។

RFA/Sophal Mony

ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។

លោក ចាន់ សោភ័ណ្ឌភា នាយ​រង​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-​ថៃ ប្រចាំ​ទិស​ពោធិ៍សាត់ ប៉ៃលិន និង​បាត់ដំបង បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យ ទី​៧ ខែ​កុម្ភៈ ថា ចាប់​តាំង​ពី​មាន​ព្រឹត្តិការណ៍​ចុង​ក្រោយ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កងទ័ព​ខ្មែរ-​ថៃ​នៅ​តំបន់​ភ្នំ​ទ្រព្យ ខេត្ត​ព្រះវិហារ នៅ​តាម​បណ្តោយ​ព្រំដែន​ខ្មែរ​ក្នុង​ខេត្ត​បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ជាប់​ខេត្ត​ស្រះកែវ ខេត្ត​ត្រាត និង​ខេត្ត​ចាន់បូរី​ថៃ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា។

លោក ចាន់ សោភ័ណ្ឌភា មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​ក្តាប់​ផ្ទាល់​រាល់​ថ្ងៃ​ហ្នឹង វា​អត់​មាន​អី​ប្រែ​ប្រួល​ទេ សភាពការណ៍​យើង​តាម​ព្រំដែន​ចន្លោះ​ពី​ស្មាច់​មក​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ប៉ៃលិន នៅ​រក្សា​ភាព​ដដែល គ្រាន់​តែ​ការ​ចល័ត​ផ្លាស់​ប្តូរ​ទ័ព​ហ្នឹងង ខាង​យើង​ក៏​មាន​ការ​ផ្តាស់​ប្តូរ​ពី​ជួរ​មុខ​មក​ក្រោយ​ពី​ក្រោយ​មក​មុខ​អ៊ីចឹង​ដែរ។ ក្នុង​១​ខែ​ខាង​ជើង​ទឹក​ថៃ​គេ​ផ្លាស់​ប្តូរ​ម្តង​អ៊ីចឹង​ទៅ ១៥​ថ្ងៃ​គេ​ផ្លាស់​ប្តូរ​ម្តង​អ៊ីចឹង​ទៅ»

ទោះ​យ៉ាង​នេះ​ក្តី ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​សំឡូត​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​ដែរ​ថា ខាង​ភាគី​ថៃ​មាន​ការ​បង្កើន​កម្លាំង​ទ័ព​ច្រើន​ជាង​មុន ជាក់​ស្ដែង​ដូច​ជា​នៅ​ព្រំដែន​ខេត្ត​ត្រាត​ជាប់​ច្រក​៤០០ ក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ៖ «មាន​ការ​ផ្លាស់​ប្តូរ​ចល័ត​ខ្លះ​នៅ​ទល់​មុខ​ច្រក​៤០០ ពី​មុន​វា​ធ្លាប់​ដាក់​ប្រចាំ​ការ​តែ​បួន​ប្រាំ​នាក់ ប៉ុន្តែ​ឥឡូវ​វា​ដាក់​ដល់​៦-​៧​នាក់​អ៊ីចឹង​ទៅ។ អាហ្នឹង​ចម្ងាយ​១៥​ម៉ែត្រ​ពី​យើង។ ការ​ផ្លាស់​ប្តូរ​កើត​មាន​តាំង​ពី​ការ​ប៉ះ​គ្នា​នៅ​ភ្នំ​ទ្រព្យ»

ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សំឡូត​កត់​សម្គាល់​ថា ប្រជាពលរដ្ឋ​ថៃ​ដែល​ធ្លាប់​ចេញ​ចូល​តាម​ច្រក​៤០០​មក​លក់​ដូរ​ទំនិញ​លើ​ទឹក​ដី​ខ្មែរ​បាន​ផ្អាក​មិន​មាន​ឆ្លង​មក​ដូច​សព្វ​ដង​ទេ ៖ «យក​មក​លក់​ជាប់​តាំង​ពី​ងាវ មឹក បង្កង ផ្លែ​ក្រូច ផ្លែ​ម្នាស់ ផ្លែ​ក្រូច​ថ្លុង មក​រៀង​រាល់​សប្តាហ៍ ទើប​អត់​ឃើញ​ពីរ​សប្តាហ៍​នេះ​ឯង»

លោក ហែន សុផល អភិបាល​ស្រុក​សំឡូត បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​មូលដ្ឋាន​ជាប់​ព្រំដែន​ថៃ មិន​មាន​ការ​ភ្ញាក់​ផ្អើល​អ្វី​ទេ ទោះ​បី​កន្លង​មក​នេះ​មាន​ដំណឹង​ពី​ការ​ចល័ត​ទ័ព​នៅ​តាម​បណ្តោយ​ព្រំដែន​ក៏ដោយ។

លោក ហែន សុផល មាន​ប្រសាសន៍​ថា ៖ «រឿង​ចល័ត​ទ័ព​ក្នុង​ដី​គេ​ជា​រឿង​ផ្សេង តែ​នៅ​តាម​ព្រំដែន​ជិត​នេះ​អត់​មាន​ទេ មាន​តែ​អ្នក​ប្រចាំ​នៅ​តាម​ច្រក​ធម្មតា​ដូច​រាល់​ថ្ងៃ​អ៊ីចឹង។ សភាពការណ៍​ប្រជាពលរដ្ឋ​ស្ងប់​ស្ងាត់​ធម្មតា»

ចាប់​តាំង​ពី​ក្រោយ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ កង​ទ័ព​ខ្មែរ-​ថៃ​បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​ប្រដាប់​អាវុធ​ជា​ច្រើន​លើក​ច្រើន​សា​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ទាំង​សង​ខាង។ ក្រោយ​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​មក​គេ​សង្កេត​ឃើញ​ថា កងទ័ព​ប្រទេស​ទាំង​ពីរ​កម្ពុជា-​ថៃ ត្រូវ​បាន​បង្កើន​និង​ចល័ត​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​រៀង​ខ្លួន​មិន​ទាន់​ឃើញ​មាន​ការ​ថមថយ​ឡើយ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ចម្លង​រឿង​នេះ​ទុក
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

មន្ត្រី​ខ្មែរ​៖ កម្ពុជា​ជោគជ័យ​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​គម្រោង​អភិរក្ស​ប្រាសាទ​ព្រះវិហារ

ថៃ​គំរាម​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​ជុំវិញ​រឿង​គម្រោង​អភិវឌ្ឍន៍​ប្រាសាទ​ព្រះវិហារ

មេ​ទ័ព​ខ្មែរ​៖ កម្ពុជា​ត្រៀម​កម្លាំង​ជា​ស្រេច​ដើម្បី​ឆ្លើយ​តប​នឹង​ថៃ

ដំណើរការ​សង់​អគារ​សម្រាប់​កង​ទ័ព​តាម​ព្រំដែន​មិន​ទាន់​ចប់​សព្វ​គ្រប់

Google កែ​តម្រូវ​ផែនទី​ទាក់ទង​នឹង​ទីតាំង​ប្រាសាទ​ព្រះវិហារ

វៀតណាម​ហាម​ពលរដ្ឋ​ខ្មែរ​នៅ​ជិត​ព្រំដែន​មិន​ឲ្យ​ភ្ជួរ​ស្រែ​ជា​ថ្មី

មន្ត្រី​ខ្មែរ​គ្រោង​ចូលរួម​កិច្ច​ប្រជុំ​​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក

លាវ​បញ្ជូន​ពលករ​ខ្មែរ​១៩​នាក់​មក​កម្ពុជា​វិញ

មន្ត្រី​កម្ពុជា​នឹង​ចូល​រួម​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ​នៅ​ប្រេស៊ីល

វៀតណាម​បន្ត​ចូល​មក​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​រតនគិរី