មន្ត្រី​ស្និទ្ធ​នឹង​សម្ដេច​ក្រុម​ព្រះ ប្រកាស​លា​លែង​ពី​បក្ស​តាម​ព្រះ​អង្គ

ភ្លាមៗ​នៅ​ក្រោយ​ការ​លា​លែង​ពី​ប្រធាន​គណបក្ស និង​ឈប់​ធ្វើ​នយោបាយ​ជាថ្មី​ម្ដង​ទៀត​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ មន្ត្រី​មួយ​ចំនួន​ដែល​ស្និទ្ធ​នឹង​សម្ដេច​ក្រុម​ព្រះ ក៏​បាន​ប្រកាស​លា​លែង​តាម​ព្រះ​អង្គ​ដែរ។
ដោយ សុ ជីវី
2012-08-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ចំណែក​អគ្គលេខាធិការ​គណបក្ស​នេះ​បាន​ប្រកាស​ថា គេ​គ្រោង​នឹង​ធ្វើ​សមាជ​ប្ដូរ​ឈ្មោះ​គណបក្ស នរោត្តម រណឫទ្ធិ ដោយ​ត្រឡប់​ទៅ​ប្រើ​ឈ្មោះ​គណបក្ស​ជាតិ​និយម ឡើង​វិញ។

ប្រធាន​ស្ដីទី​គណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង និង​មន្ត្រី​អ្នក​នាំ​ពាក្យ លោក ប៉ែន សង្ហា ប្រកាស​លា​ឈប់​ពី​គណបក្ស​នេះ និង​ឈប់​ធ្វើ​នយោបាយ​ត​ទៅ​ទៀត។

ការ​ប្រកាស​លា​ឈប់​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​លិខិត​ពីរ​ផ្សេង​ពី​គ្នា ដែល​មាន​ចុះ​កាល​បរិច្ឆេទ​ថ្ងៃ​ទី​១១ ខែ​សីហា។

លិខិត​លា​លែង​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រធាន​ស្ដីទី​គណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង បាន​បញ្ជាក់​ថា លោក​បាន​ដង្ហែ​តាម​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ អស់​រយៈពេល​ជាង​២៨​ឆ្នាំ​មក​ហើយ។ នៅ​ពេល​ឃើញ​សម្ដេច​ក្រុម​ព្រះ​លា​លែង​ពី​គណបក្ស ទើប​លោក​សម្រេច​លា​ឈប់។

លោក ឈឹម សៀកឡេង មាន​ប្រសាសន៍​បន្ថែម​ថា ម្យ៉ាង​ដោយ​សារ​ពុំ​មាន​វត្តមាន​សម្ដេច​ក្រុម​ព្រះ ម្យ៉ាង​ដោយ​សារ​លោក​មាន​វ័យ​កាន់​តែ​ចាស់ ដែល​ត្រូវ​ការ​សម្រាក៖ «ខ្ញុំ​ដង្ហែ​សម្ដេច​ក្រុម​ព្រះ​មក​បាន ឥឡូវ​បើ​លោក​ឈប់​ហើយ ខ្ញុំ​ចង់​សម្រាក​ថែ​រក្សា​សុខភាព​ខ្ញុំ​នៅ​ផ្ទះ»

លិខិត​មួយ​ដែល​មាន​ព្រះហស្តលេខា​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​សុក្រ ទី​១០ សីហា ពី​ប្រទេស​បារាំង មាន​ខ្លឹមសារ​ខ្លី​ថា ព្រះអង្គ​ឈប់​ធ្វើ​នយោបាយ និង​សេចក្ដី​សម្រេច​ផ្សេងៗ​របស់​គណបក្ស​នេះ​ត​ទៅ​ទៀត​ហើយ។ នៅ​ក្នុង​លិខិត​នោះ​ពុំ​មាន​ការ​ពន្យល់​ច្បាស់​លាស់​ពី​ហេតុផល​នៃ​ការ​លា​ឈប់​ពី​នយោបាយ​របស់​ព្រះអង្គ ក្រៅ​អំពី​ថា ព្រះ​អង្គ​នឹង​ចាប់​ផ្ដើម​បំពេញ​កិច្ចការ​មនុស្ស​ធម៌ សង្គម​កិច្ច ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ។ ការ​ប្រកាស​ឈប់​ប្រឡូក​នយោបាយ​របស់​សម្ដេច​ក្រុម​ព្រះ​នោះ គឺ​មិន​មែន​ជា​លើក​ទី​១​ទេ។ ការ​ប្រកាស​លា​លែង​នេះ នៅ​បន្ទាប់​ពី​មាន​ជម្លោះ​ផ្ទៃ​ក្នុង រវាង នរោត្តម រណឫទ្ធិ និង​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ ដែល​រហូត​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​សំណាក់​លោក សៅ រ៉ានី ថែម​ទៀត​ផង។

អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ លោក សៅ រ៉ានី មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​នឹង​ជួប​ប្រជុំ​សមាជិក​សមាជិកា នៅ​ថ្ងៃ​ចន្ទ សប្ដាហ៍​ក្រោយ។ លោក សៅ រ៉ានី បន្ត​ថា លោក​នឹង​បញ្ឈប់​ពាក្យ​បណ្ដឹង​របស់​លោក​នៅ​តុលាការ និង​រៀបចំ​សមាជ​ប្ដូរ​ឈ្មោះ​គណបក្ស​ទៅ​ប្រើ​ឈ្មោះ​គណបក្ស​ជាតិ​និយម​ឡើង​វិញ៖ «គណបក្ស​មិន​ប្រើ​ព្រះ​នាម​សម្ដេច​ក្រុម​ព្រះ​ត​ទៅ​ទៀត​ទេ ដោយ​សារ​លោក​លា​ឈប់​ពី​ឆាក​នយោបាយ​ហើយ។ លោក​ទៅ​បម្រើ​ជា​សង្គម​កិច្ច​នៅ​ក្នុង​ព្រះ​បរម​រាជវាំង។ ហើយ​គណបក្ស​នឹង​ធ្វើ​សមាជ​មួយ​ប្ដូរ​ទៅ​ជា​គណបក្ស​ជាតិ​និយម​វិញ»

លោក សៅ រ៉ានី បញ្ជាក់​ថា បន្ទាប់​ពី​សមាជ​ប្ដូរ​ឈ្មោះ គណបក្ស​នេះ​ក៏​គ្រោង​នឹង​ចាប់​ផ្ដើម​ការ​ចរចា​ជា​ថ្មី​ទៀត ជា​មួយ​គណបក្ស ហ៊្វុនស៊ិនប៉ិច សម្រាប់​គម្រោង​ច្របាច់​ចូល​គ្នា​រវាង​គណបក្ស​ទាំង​ពីរ។ លោក សៅ រ៉ានី បញ្ជាក់​ថា បើ​ទោះ​ជា​សម្ដេច​ក្រុម​ព្រះ​បាន​លា​ឈប់​ធ្វើ​នយោបាយ​ក៏​ដោយ ក៏​លោក​នៅ​តែ​ប្រកាន់​ជំហរ​ថា អាច​នឹង​យាង​ព្រះ​អង្គ​អោយ​ចូល​ក្នុង​ឆាក​នយោបាយ​នៅ​ពេល​ណា​មួយ​នៅ​ក្រោយ​ពេល​ដែល​គណបក្ស​ទាំង​ពីរ គឺ​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ បាន​ច្របាច់​បញ្ចូល​គ្នា​រួច​រាល់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

For Ranarith members, Do you not any knowledge for other work ???

Aug 13, 2012 12:58 AM

អ្នក​អាន​អនាមិក

ពី LOS ANGELES USA

THAT SURELY MADE ME LOL!!!

Aug 11, 2012 08:44 PM

កូន ខ្មែរ

ពី ភព

សុំសួរថាតើគណបក្យថ្មីនេះនៅតែអែបអបហ៊ុន សែនដដែល
ឬយ៉ាងណា?។

Aug 11, 2012 07:20 PM

Youn

ពី Newyork

នេះជាបរិបទថ្មីដើម្បីជួយបក្សប្រជាជនឲមានការចាប់អារម្មណ៏​ និងជឿទុកចិត្តថែមទៀតពីប្រជាជន ។​​​ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកនយោបាយទាំងអស់បើចង់ជាប់ឆ្នោតមានតែធ្វើឲសភា តុលា​​​​ បណ្តាញផ្សព្វផ្សាយ និងមន្រ្តីរាជការងករាជ្យទេ ទើបធ្វើឲអ្នកផ្សេងមានឪកាសឈ្នះ​និងប្រជាជនយើងមានទម្លាប់ប្រជាធិបតេយ្យ ខ្លាំង។​

Aug 11, 2012 02:11 PM

samer

ពី samer

funcunpech rememered. you are belong to seiha party before after ranarith took over from khmer amerincan at long beach, but right now where are the patriot you are? tell you family do not do that to cambodian.

Aug 11, 2012 12:19 PM

មើល​មតិ​ទាំង​អស់.