ក្នុងអង្គជំនុំជម្រះដែលចាប់ផ្ដើមនៅពេលរសៀល យើងសង្កេតឃើញថា សវនាការដេញដោលសាក្សី ឆាំង យុ មានភាពតឹងតែងខ្លះៗ នៅពេលមេធាវីការពារក្ដីជនជាប់ចោទ នួន ជា ចង់ទាញឯកសារខ្មែរក្រហមឱ្យជាប់ពាក់ព័ន្ធនឹងលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា។
ភាពតានតឹងនោះ គឺមេធាវីការពារក្ដីអន្តរជាតិរបស់ជនជាប់ចោទ នួន ជា គឺលោក ចាស្ពើរ ប៉ាវ (Jasper Pauw) ម្ដងហើយម្ដងទៀត បានលើកយកឯកសារមួយរបស់អ្នកស្រាវជ្រាវ ស្ទីវ ហេឌ័រ (Steve Heder) ដែលសរសេរអំពីកម្មាភិបាលជាន់ខ្ពស់ និងកម្មាភិបាលខ្មែរក្រហមនៅមូល ដោយចោទប្រកាន់លោក ជា ស៊ីម ថា មានការទទួលខុសត្រូវចំពោះការសម្លាប់មនុស្សនៅខេត្តកំពង់ចាម។
លោក ចាស្ពើរ ប៉ាវ៖ «ជា ស៊ីម ត្រូវបានចោទប្រកាន់ពីការទទួលខុសត្រូវក្នុងការសម្លាប់មនុស្សប្រជាជនថ្មី និងអ្នកដទៃទៀត នៅពញាក្រែក ក្នុងភូមិភាគបូព៌ា ហើយខាងក្រោមមកទៀត យើងឃើញថា មានអ្នកផ្ដល់ព័ត៌មានថា មានប្រជាជនរាប់ពាន់នាក់ស្លាប់នៅក្នុងស្រុក នៅពេលដែលលោក ជា ស៊ីម ជាលេខាស្រុកនេះ នៅចុងឆ្នាំ ១៩៧៧ និងដើមឆ្នាំ ១៩៧៨»។
មេធាវីបានលើកយកឯកសារនេះមកសួរសាក្សី ឆាំង យុ ថា តើលោកបានសិក្សាស្រាវជ្រាវលើការចោទប្រកាន់នេះដែរ ឬទេ? សហព្រះរាជអាជ្ញាជំទាស់នឹងការលើកយកយកឯកសារនេះ ហើយសុំឱ្យមេធាវីសួរសំណួរផ្សេង។
ប្រធានចៅក្រមនៃជំនុំជម្រះ លោក និល ណុន បញ្ជាមិនឲ្យសាក្សី ឆាំង យុ ឆ្លើយតបនឹងសំណួររបស់មេធាវីជនជាប់ចោទទេ ដោយសម្អាងថា ការលើកយកឯកសារនេះមកសាកសួរ មិនពាក់ព័ន្ធនឹងកិច្ចដំណើរការរឿងក្ដីនេះឡើយ។
បើទោះជាដូច្នេះក្ដី មេធាវីជនជាប់ចោទនៅតែព្យាយាមលើកហេតុផលរបស់ខ្លួនថា មូលហេតុដែលខ្លួនសួរនេះ ព្រោះវាជាព័ត៌មានសំខាន់សម្រាប់ដោះបន្ទុកកូនក្ដីរបស់លោក។
ចំណុចមួយទៀតមេធាវីប៉ាវ ក៏លើកយករដ្ឋាភិបាលកម្ពុជាមកពាក់ព័ន្ធដែរ៖ «ខ្ញុំនឹងឡើងចំៗ តែម្ដង គឺនៅថ្ងៃនេះយើងស្វែងរកឱ្យឃើញថា តើរដ្ឋាភិបាលបានជ្រៀតជ្រែកមកដល់កិច្ចការរបស់ ឌី.ស៊ី ខែម (DC-Cam) ដែរ ឬក៏យ៉ាងណា ទាក់ទងទៅនឹងតថាភាពពិតនៅក្នុងសង្គមកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ ហើយដោយសារថា រាជរដ្ឋាភិបាលកម្ពុជា គឺមិនទាន់ដក់ខ្លួនចេញពីការជ្រៀតជ្រែកមកក្នុងកិច្ចដំណើរការរបស់តុលាការនេះនៅឡើយទេ ហើយដូចសហចៅក្រមអន្តរជាតិបានលើកឡើង»។
ទោះបីជាមេធាវីខំការពារហេតុផលរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ប្រធានចៅក្រមលោក និល ណុន មិនអនុញ្ញាតដែរ៖ «អង្គជម្រះមិនអនុញ្ញាតឱ្យលោកធ្វើសេចក្ដីថ្លែងការណ៍អ្វីផ្សេងទៀតឡើយ។ ប្រសិនបើលោកអស់សំណួរ យើងនឹងបញ្ចប់ការសួរដេញដោលរបស់លោកចំពោះសាក្សីរូបនេះ។ ដោយឡែកសំណួរអម្បាញ់មិញនេះ ការជំទាស់របស់ព្រះរាជអាជ្ញាមានប្រសិទ្ធភាព។ ដូច្នេះសាក្សីមិនចាំបាច់ឆ្លើយនឹងសំណួរចុងក្រោយ ដែលក្រៅអង្គហេតុនេះទេ។ ប្រសិនបើលោកព្យាយាមសួររបៀបនេះទៀត គឺអង្គជម្រះនឹងមិនអនុញ្ញាតឱ្យលោកដាក់ឯកសារនេះដេញដោលទៀតទេ»។
សវនាការនេះ គឺបានបញ្ចប់មុនម៉ោងកំណត់ ១ម៉ោង ដោយសារតែមេធាវីរបស់ជនជាប់ចោទ អៀង សារី បោះបង់ពេលវេលាសួរដេញដោល។
ប្រធានចៅក្រមសាលាដំបូង លោក និល ណុន បានប្រកាសថា សវនាការនឹងធ្វើបន្តនៅថ្ងៃពុធ ទី ៨ ខែកុម្ភៈ ឆ្នាំ ២០១២។
អង្គជំនុំជម្រះនឹងសួរដេញដោលជនជាប់ចោទ នួន ជា ជាបន្តទៀតនៅពេលព្រឹក ហើយពេលរសៀល គឺពិនិត្យឯកសារដែលភាគីបានដាក់នៅចំពោះមុខអង្គជំនុំជម្រះ ដែលទាក់ទងទៅបរិបទ (ជុំវិញ) ប្រវត្តិបក្សកុម្មុយនិស្តកម្ពុជា។ បន្ទាប់ពីនោះកិច្ចពិភាក្សាដេញដោលនឹងចូលដល់វគ្គទីពីរ ស្ដីពីរចនាសម្ព័ន្ធរដ្ឋបាល និងការងារនៃរបបកម្ពុជាប្រជាធិបតេយ្យ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
