ខ្មែរ​នៅ​ក្រៅ​ប្រទេស​សុំ​ឲ្យ​មេ​ដឹកនាំ​ស.រ.អា.​ពិនិត្យ​ស្ថានភាព​ខ្មែរ​ក្រោម​និង​កម្ពុជា

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កំពុង​ប្រមែ​ប្រមូល​ហត្ថលេខា​នៅ​ក្នុង​ញត្តិ​មួយ​ផ្ញើ​ជូន​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋការ​លោក​ធ្វើការ​ត្រួត​ពិនិត្យ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​បាន​ត្រូវ​រង​ការគាប​សង្កត់​ពី​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម​និង​ការហូរ​ចូល​នៃ​ជនជាតិ​វៀតណាម​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។
ដោយ ម៉ៅ សុធានី
2009.05.10

លោក​បណ្ឌិត ទិត្យ ណារ៉ាញ់គិរី សាស្ត្រាចារ្យ​នៃ​សកល​វិទ្យាល័យ John Hopkins និង​ជា​អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​អំពី​គោល​បំណង​នៃ​ញត្តិ​នេះ​យ៉ាង​ដូច្នេះ ៖ «យើង​ចង់​ឲ្យ​លោក អូបាម៉ា យក​ទៅ​ពិនិត្យ​រឿង​ហ្នឹង បើ​លោក​ចង់​និយាយ​ថា​លោក​ចង់​ឲ្យ​មាន គោរព​សិទ្ធិ​មនុស្ស យើង​ចង់​ឲ្យ​គោរព​យុត្តិធម៌ មិន​ត្រឹម​តែ​ស្រុក​នេះ​ទេ ទាំង​មួយ​ទ្វីប ហើយ​សេរីភាព​ទាំងអស់​ហ្នឹង។ យើង​សុំ​លោក​តែ​ប៉ុណ្ណឹង ថា​សុំ​លោក​ពិនិត្យ​ពិចារណា​ទៅ​មើល​ស្រុក​ខ្មែរ ខ្មែរ​ក្រោម​ផង គេ​ធ្វើ​បាប​យ៉ាង​ម៉េច? និយាយ​អ៊ីចឹង​ទៅ លោក​ទៅ​ការពារ Darfur បាន ម៉េច​ក៏​លោក​ការពារ​នៅ​ស្រុក​ខ្មែរ​ផង នៅ​ខាង​ខ្មែរ​ក្រោម​បាន​ទេ? ត្រង់​ហ្នឹង យើង​មិន​មែន​សុំ​គេ​ឲ្យ​ជួយ​កន្លែង​ណា​ដែល​គេ​ធ្វើ​មិន​បាន​ទេ យើង​សុំ​គេ​មក​ជួយ​ដែល​គេ​ថា​គេ​ជួយ​បាន​នោះ។ បើ​យើង​មិន​រំឭក​គេ មាន​អ្នក​ណា​ទៅ​រំឭក​គេ»

លោក​បណ្ឌិត ទិត្យ ណារ៉ាញ់គិរី មាន​ប្រសាសន៍​បន្ត​ថា លោក​មាន​ការព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​អនាគត​ប្រទេស​កម្ពុជា​និង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​វៀតណាម​ខាង​ត្បូង។

លោក​បណ្ឌិត​បញ្ជាក់​ប្រាប់​ពី​គោល​ចំណុច​សំខាន់​ពីរ​ក្នុង​ញត្តិ​នោះ​ថា ៖ «ទី​១ រឿង​ខ្មែរ​ក្រោម​ដែល​យួន​ធ្វើ​បាប​យ៉ាង​ម៉េច។ ទី​២ ពួក​យួន​ដែល​ចូល​មក​ស្រុក​ខ្មែរ​យើង​អត់​មាន​ច្បាប់​ទម្លាប់​នេះ គឺ​ថា​កាល​យួន​ចូល​មក​យក​ស្រុក​យើង​នោះ​ពី​ឆ្នាំ​១៩៧៩​នោះ​គេ​មាន​ស៊ីញ៉េ​ត្រេតេ​មួយ គេ​ថា​ត្រូវតែ​មាន​មិត្តភ័ក្ដិ​ជាមួយ​យួន​ហ្នឹង ធ្វើ​ជាមួយ​គ្នា​ហ្នឹង។ គឺ​ថា​គេ​យក​អា​ត្រេតេ​ហ្នឹង​យក​មក​ក្នុង​ស្រុក​យើង យើង​ថា​ទេ​មិន​កើត ម៉្លោះ​ហើយ​គេ​ថា សម្លុត​យើង​ឲ្យ​យើង​យក គេ​ថា​ស្រុក​ខ្មែរ​យើង​អត់​មាន​ឯករាជ​ទេ ដែល​យួន​ឲ្យ​យក​ត្រេតេ​ហ្នឹង​មក​ថា​ម៉េច ទៅ​ស្ដាំ ហ៊ុន សែន ទៅ​ស្ដាំ​ភ្លាម ទៅ​ឆ្វេង យើង​ទៅ​ឆ្វេង។ យួន​ចូល​មក​ស្រេច​តែ​នឹង​ចិត្ត មាន​អ្នក​ណា​ទប់​បាន ហើយ​ខ្មែរ​យើង​ពុក​រលួយ​ផង យួន​យក​លុយ​មក​ទិញ​ក៏​វា​បាន​ហើយ ព្រោះ​អី ហ៊ុន សែន អត់​ហ៊ាន​ថា​អី​ឲ្យ​យួន​ទេ ព្រោះ​អី​យួន​វា​ឲ្យ​យើង​ធ្វើ​ធំ។ ត្រង់​ហ្នឹង​ដែល​ខ្ញុំ​ថា យើង​បំបែក​វា​មិន​កើត ព្រោះ​អី​យួន​ចង់​រំលាយ​ខ្មែរ​ក្រោម​ផង ចង់​ឲ្យ​យក​មក​ចូល​ដល់​ស្រុក​ខ្មែរ​យើង​ផង សព្វថ្ងៃ​ហ្នឹង​វា​បាន​ទាំង​ពីរ អ៊ីចឹង​បាន​ខ្ញុំ​ភ័យ​មែនទែន ខ្ញុំ​ថា​យួន​ចូល​មក​ស្រុក​ខ្មែរ​ម្ដង​ហ្នឹង​យើង​គេច​អត់​រួច​ទេ»

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។