ក្នុងដំណើរមកដល់របស់លោកប្រធានាធិបតីអាមេរិក នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គឺមិនពិធីធំដុំនោះទេ គឺមានរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្ត្រីជាន់ខ្ពស់ជិត ១០នាក់។ ប៉ុន្តែផ្នែកសន្តិសុខបានរឹតបន្តឹងយ៉ាងខ្លាំងរាប់ទាំងនៅតាមដងវិថី និងអាកាសយានដ្ឋានផង។
លោកប្រធានាធិបតីនឹងចូលរួមកិច្ចប្រជុំកំពូល អាស៊ីបូព៌ា និងជួបជាមួយមេដឹកនាំអាស៊ាន។ អំឡុងពេលជួបប្រាស្រ័យជាមួយមេដឹកនាំកំពូលៗនៅក្នុងតំបន់ លោកប្រធានាធិបតី នឹងពិភាក្សាកិច្ចការ និងបញ្ហាផ្សេងៗ រួមមាន ការរីកចម្រើននៃសេដ្ឋកិច្ច និងការបង្កើតឲ្យមានការងារតាមរយៈបង្កើនពាណិជ្ជកម្ម និងភាពជាដៃគូ កិច្ចសហប្រតិបត្តិការផ្នែកថាមពល និងសន្តិសុខ បញ្ហាសិទ្ធិមនុស្ស ព្រមទាំងចូលរួមចែករំលែកទុក្ខកង្វល់ ផលប្រយោជន៍ និងបញ្ហាផ្សេងៗក្នុងតំបន់ និងនៅក្នុងពិភពលោកទាំងមូល។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាមា (Barack Obama) នឹងចាកចេញពីប្រទេសកម្ពុជា វិញនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ក្រោយពេលដែលលោកបានចូលរួមកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់អាស៊ាន និងវេទិកាអាស៊ីបូព៌ាជាមួយអាមេរិកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។