ការ​កត់​សម្គាល់​អំពី​ការ​កាត់​ក្តី ឌុច របស់​សាលា​ក្តី​ខ្មែរ​ក្រហម

2009-06-24

ការ​កាត់​ក្ដី កាំង ហ្កេកអ៊ាវ ហៅ ឌុច បាន​ប្រព្រឹត្ត​ទៅ​ជិត​៣​ខែ​ហើយ តាំង​ពី​ចុង​ខែ​មីនា ឆ្នាំ​២០០៩ នេះ​មក ការ​កាត់​ក្ដី​នេះ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​ពី​ខ្មែរ​ទាំង​ក្នុង​ទាំង​ក្រៅ​ប្រទេស។

RFA PHOTO

កញ្ញា សេង ធារី នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថ្ងៃទី ២៣ មិថុនា ២០០៩។

ក្នុង​ចំណោម​បុគ្គល​និង​អង្គការ​ដែល​បាន​តាម​ឃ្លាំ​មើល​នីតិ​វិធី​របស់​តុលាការ​នេះ មាន​មជ្ឍមណ្ឌល​អភិវឌ្ឍន៍​សង្គម ក្រោម​ការ​ដឹក​នាំ​របស់​កញ្ញា ធារី សេង។

ក្នុង​សេចក្ដី​សង្កេត​កត់​សម្គាល់​អំពី​ការ​កាត់​ទោស កាំង ហ្កេកអ៊ាវ ហៅ ឌុច ដែល​ជា​ប្រធាន​បទ​នៃ​នាទី​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ នាយិកា​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​មាន​ប្រសាសន៍​ថា ជា​ការ​ចាំបាច់​ណាស់​ដែល​ត្រូវ​តែ​តាម​សង្កេត​មើល​ថា នីតិវិធី​តុលាការ​កូន​កាត់​នេះ​ស្រប​ទាំង​ស្រុង​នឹង​គតិយុត្ត។

កញ្ញា ធារី សេង មាន​ប្រសាសន៍​ដូច្នេះ ៖ «យើង​ជា​ប្រទេស​មួយ​ដែល​បាន​ទទួល​ស្គាល់​កតិកា​សញ្ញា​និយាយ​អំពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ដែល​បាន​បែង​ចែក​អ្វី​ទៅ​ជា​សិទ្ធិ​នៅ​ក្នុង​នីតិ​វិធី​តុលាការ ហើយ​អ្វី​ដែល​បាន​កើត​ឡើង​ជាក់​ស្ដែង»

កញ្ញា ធារី សេង បាន​កត់​សម្គាល់​ថា ក្នុង​ការ​ឃ្លាំ​មើល​រយៈ​ពេល ៨​សប្ដាហ៍​មក​នេះ គេ​ឃើញ​មាន​បញ្ហា​មួយ​ចំនួន ជា​ពិសេស​បញ្ហា​បក​ប្រែ​ភាសា ព្រោះ​ក្រៅ​ពី​មាន​មន្រ្តី​ពាក់​ព័ន្ធ​និង​តុលាការ​ជា​ជន​ជាតិ​ខ្មែរ​ហើយ នៅ​មាន​សហ​ចៅក្រម សហ​ព្រះរាជអាជ្ញា និង​សហ​មេធាវី​បរទេស​ផង​ដែរ។

កញ្ញា ធារី សេង ឲ្យ​ដឹង​ដូច្នេះ​ទៀត​ថា ៖ «យើង​ដឹង​ថា​តុលាការ​ខ្មែរ​ក្រហម​មាន​ភាសា​ជា​ផ្លូវការ​៣ ជា​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​បារាំង។ ហើយ​យើង​ឃើញ​ថា​ឯកសារ​ទាំង​អស់​អត់​ទាន់​បាន​បក​ប្រែ​ជា​ភាសា​ទាំង​៣ ទេ ខ្លះ​មាន​តែ​ភាសា​ខ្មែរ ខ្លះ​ជា​ភាសា​អង់គ្លេស។ ឧទាហរណ៍​មេធាវី​របស់ ខៀវ សំផន លោក ហ្សាក់ វ៉ែកហ្សេស (Jacque Verges) គាត់​ជា​ជន​ជាតិ​បារាំង គាត់​ទាមទារ​ថា​ឯកសារ​ទាំង​អស់​ត្រូវ​ការ​បក​ប្រែ​ជា​ភាសា​បារាំង​មុន​គាត់​ចូល​រួម ឬ​មុន​គាត់​អាច​ការពារ​កូន​ក្ដី​គាត់​ឲ្យ​វា​សមរម្យ។ បញ្ហា​បក​ប្រែ​យើង​ឃើញ​ថា​ជា​បញ្ហា​ស្មុគស្មាញ​មួយ​ដែល​យើង​បាន​ឃើញ​តាំង​ពី​អាទិត្យ​ទី​១ តាំង​ពី​ដើម​មក​ដល់​ឥឡូវ​នេះ»

ថែម​លើ​នេះ​ក៏​មាន​ការ​កត់​សម្គាល់​ជា​ចម្ងល់​របស់​ជន​រង​គ្រោះ​ខ្លះ​ដែល​សង្ស័យ​ថា ហេតុ​អ្វី​បាន​ជា​ក្នុង​ការ​កាត់​ទោស ឌុច នេះ មិន​យក​តែ​ជន​រង​គ្រោះ​ពី​របប​ខ្មែរ​ក្រហម​មក​ជា​សាក្សី ព្រោះ​មាន​ព័ត៌មាន​ពី​ឧក្រិដ្ឋកម្ម​របស់ ឌុច។

កញ្ញា ធារី សេង បាន​អធិប្បាយ​ថា ព័ត៌មាន​អាច​ផ្ដល់​បាន​ដោយ​កូន​ចៅ​ខ្មែរ​ក្រហម​ផ្ទាល់ និង​ដោយ​អ្នក​ដែល​ដឹង​ច្បាស់​ពី​ប្រវត្តិ​សាស្រ្ត​នៃ​របប​កម្ពុជា​ប្រជាធិបេតយ្យ​និង​ស្ថានការណ៍​កម្ពុជា​ក្នុង​ជំនាន់​នោះ​ផង។

ពាក់​ព័ន្ធ​នឹង​ការ​កាត់​ទោស ឌុច នេះ អ្នកស្រី ពុធ សុខសាន្ត ពី​សហរដ្ឋ​អាមេរិក​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​សាក្សី​ក្នុង​តុលាការ​នេះ ៖ «ខ្ញុំ​គិត​ថា​អ្នក​ដែល​អាច​ធ្វើ​ជា​សាក្សី​បាន ប្រហែល​ជា​មាន​ច្រើន តែ​ប្រហែល​ជា​គេ​ខ្លាច​សន្តិសុខ​មិន​ល្អ។ យើង​គិត​លៃ​យ៉ាង​ម៉េច​ធ្វើ​ឲ្យ​សន្តិសុខ​អ្នក​ដែល​ធ្វើ​ជា​សាក្សី​ហ្នឹង​ឲ្យ​មាន​ការ​ទុក​ចិត្ត»

ទោះ​ជា​យ៉ាង​ណា​ក្ដី នាទី​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​កាល​ពី​ម្សិលមិញ​ពុំ​បាន​ទទួល​ចំណាប់​អារម្មណ៍​របស់​មិត្ត​អ្នក​ស្ដាប់​ស្ដី​ពី​ការ​កាត់​ទោស ឌុច នេះ បាន​យ៉ាង​ទូលំ​ទូលាយ​ឡើយ ដោយ​ពេល​វេលា​របស់​កម្មវិធី​មាន​កម្រិត៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ