របាយការណ៍​អង្កេត​អំពី​សកម្មភាព​ការងារ​របស់​ចៅក្រម​​ក្នុង​ការ​កាត់​សេចក្ដី

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​ចេញ​របាយការណ៍​អង្កេត​មួយ​អំពី​សកម្មភាព​តុលាការ​នៅ​ខេត្ត ក្រុង ចំនួន ២ ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ ដោយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ចៅក្រម​ក្នុង​តុលាការ​កម្ពុជា កាត់​ក្ដី​មាន​ការ​គោរព​តាម​គោលការណ៍​ច្បាប់​បាន​ច្រើន​ជាង​មុន តែ​ក៏​នៅ​​មាន​ចំណុច​ខ្វះខាត​មួយ​ចំនួន​​ដែរ។

0:00 / 0:00

មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​ផ្សាយ​លទ្ធផល​អង្កេត​ស្រាវជ្រាវ​មួយ​លើ​សកម្មភាព​តុលាការ​កាត់​ក្ដី​លើ​សំណុំ​រឿង​ចំនួន ១.១១៧​ករណី នៅ​តុលាការ​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្ត​កណ្ដាល ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ។

របាយការណ៍​អង្កេត​នោះ​ផ្ដោត​ទៅ​លើ​ចំណុច​សំខាន់​ចំនួន ៧ គឺ​ទី​១ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ជា​សាធារណៈ ទី​២ សិទ្ធិ​មាន​មេធាវី ទី​៣ សិទ្ធិ​មាន​សេរីភាព ទី​៤ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​គ្មាន​ការ​ពន្យារ​ពេល ទី​៥ សិទ្ធិ​មិន​ត្រូវ​បាន​បង្ខិតបង្ខំ​ឲ្យ​សារភាព ទី​៦ ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​ពេល​សវនាការ និង​ទី​៧ សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ដោយ​តុលាការ​ឯករាជ្យ និង​មិន​លម្អៀង។

កញ្ញា ម៉ាង ម៉ូនីកា ប្រធាន​គម្រោង​សង្កេតការណ៍​សវនាការ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា ការ​ចេញ​ផ្សាយ​របាយការណ៍​សរុប​លទ្ធផល​អង្កេត​នេះ ដើម្បី​មន្ត្រី​តុលាការ និង​មន្ត្រី​ក្រសួង​ពាក់ព័ន្ធ​នានា ដែល​បំពេញ​ការងារ​ទាក់ទង​ការងារ​យុត្តិធម៌ មើល​ឃើញ និង​ដឹង​ថា តើ​ការងារ​ខាង​តុលាការ​នេះ​នៅ​មាន​ការ​ខ្វះខាត​អ្វី​ខ្លះ​ទៀត។

កញ្ញា​បន្ត​ថា ៖ «ចាស! និយាយ​ទៅ​គម្រោង​យើង​នេះ​យើង​បាន​អនុវត្ត​តាំង​ពី​ខែ​សីហា ឆ្នាំ​២០០៩ មក​ឯ​ណោះ។ មក​ដល់​បច្ចុប្បន្ន​នេះ ដោយសារ​យើង​គិត​ឃើញ​ថា យើង​ដំណើរការ​មក​បាន​ជិត ២​ឆ្នាំ​ហើយ អ៊ីចឹង​យើង​ក៏​បាន​ចងក្រង​ទិន្នន័យ​នេះ​សម្រាប់​ឆ្នាំ​២០១០ ហើយ​យើង​នឹង​ធ្វើ​អ៊ីចឹង​ទៀត​នៅ​ពេល​ដែល​យើង​បញ្ចប់​ការ​អង្កេត​សវនាការ​នៅ​ចុង​ឆ្នាំ​២០១១»

កញ្ញា ម៉ូនីកា បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ការ​អង្កេត​របស់​ខ្លួន របាយការណ៍​បាន​រក​ឃើញ​ថា នៅ​ក្នុង​ការ​កាត់​ក្ដី​រឿង​បទឧក្រិដ្ឋ ជន​ជាប់​ចោទ​មិន​ទាន់​មាន​មេធាវី​សម្រាប់​ការពារ​គ្រប់​គ្នា​នៅ​ឡើយ​ទេ ៖ «មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ។ ឧទាហរណ៍​ដូចជា​ករណី​មេធាវី មេធាវី​ការពារ​ជន​ជាប់​ចោទ​នោះ បើ​យើង​មើល​ទៅ​តាម​ដេតា​ឆ្នាំ​២០១០​នោះ យើង​ឃើញ​មាន​ចំណុច​វិជ្ជមាន វា​ទាក់ទង​ទៅ​នឹង​មេធាវី​ការពារ​បទឧក្រិដ្ឋា គឺ​យើង​ឃើញ​ថា ច្បាប់​តម្រូវ​ឲ្យ​មាន​ជា​ដាច់ខាត​នោះ គឺ​ពេញ​ស្ទើរ​តែ ១០០% ប៉ុន្តែ​បើ​យើង​មើល​ទៅ​លើ​ជន​ជាប់​ចោទ​ត្រូវ​មាន​មេធាវី​ដែរ បទមជ្ឈិម​គឺ​ថា យើង​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន។ ទាក់ទង​ជាមួយ​ការ​បិទ​ផ្សាយ​សិទ្ធិ​ទទួល​បាន​សវនាការ​ជា​សាធារណៈ​អី គឺ​យើង​ឃើញ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដោយសារ​កាល​ពី​មុន គឺ​យើង​អត់​មាន​សោះ»

នៅ​ក្នុង​ចំណុច​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​ជា​សាធារណៈ ក្រុម​អ្នក​អង្កេត​បាន​រក​ឃើញ​ថា ការ​ជូន​ដំណឹង​អំពី​សវនាការ​ក្នុង ៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១០ មិន​សូវ​មាន​បិទ​ផ្សាយ​ទេ។ ចំពោះ​ចំណុច​ការ​ទទួល​បាន​សិទ្ធិ​មេធាវី​ការពារ​វិញ នៅ​ក្នុង​ចំណោម​សវនាការ ១.១១៧​ករណី ដែល​បាន​អង្កេត​ក្នុង​ឆ្នាំ​២០១០ គឺ​មាន​តែ ៧០៤​ករណី​ប៉ុណ្ណោះ​ដែល​មាន​មេធាវី​ការពារ បើ​គិត​ជា​ភាគរយ​វិញ គឺ​មាន​ចំនួន ៦៣%។

ចំពោះ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ ក្រុម​អ្នក​អង្កេត​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​សវនាការ​បទឧក្រិដ្ឋ​ចំនួន ៤១៣​រឿង​នោះ គឺ​មាន ៩២% ដែល​ត្រូវ​ឃុំ​ខ្លួន។ ចំពោះ​ទោស​បទមជ្ឈិម​វិញ ក្នុង​សវនាការ​បទមជ្ឈិម​ចំនួន ៤០២​ករណី គឺ​មាន​ចំនួន ៦៨% ហើយ​ដែល​ត្រូវ​ឃុំ​ខ្លួន។ ចំពោះ​ការ​វាយ​ដំ​បង្ខំ​ឲ្យ​សារភាព ក្រុម​អង្កេត​បាន​រក​ឃើញ​ថា មាន​ជន​ជាប់​ចោទ​ជា​ច្រើន​នាក់​បាន​រង​អំពើ​ហិង្សា​ដោយ​ការ​វាយ​ដំ​ដើម្បី​ឲ្យ​សារភាព។

លោក ជីវ សុងហាក់ ប្រធាន​គណៈ​មេធាវី​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ថា របាយការណ៍​លើក​ឡើង​ពី​ការ​ខ្វះ​មេធាវី​ឡើង​ការពារ​កូន​ក្ដី​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​រឿង​ក្ដី​បទឧក្រិដ្ឋ និង​បទមជ្ឈិម​នោះ លោក​មិន​បាន​ដឹង​មូលហេតុ​ទេ ប៉ុន្តែ​លោក​បាន​អះអាង​ថា ចំនួន​មេធាវី​នៅ​កម្ពុជា មាន​គ្រប់​អាច​ការពារ​ក្ដី​បាន។

លោក​បន្ថែម​ថា ៖ «សព្វ​ថ្ងៃ​នេះ​យើង​មាន​មេធាវី​គ្រប់គ្រាន់ ពីព្រោះ​គណៈ​មេធាវី​យើង​មាន​នាយកដ្ឋាន​ការពារ​ជន​ក្រីក្រ​មួយ ដែល​ផ្ដល់​សេវា​ឲ្យ​មេធាវី​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ហើយ​យើង​មាន​កិច្ច​សហការ​ជាមួយ​មេធាវី​គ្មាន​ព្រំដែន​ប្រទេស​បារាំង​នោះ យើង​បញ្ជូន​មេធាវី​ទៅ​គ្រប់​ខេត្ត ក្រុង ទូទាំង​ប្រទេស។ ក្នុង​មួយ​ខេត្ត​មាន​មេធាវី​ម្នាក់។ ចំពោះ​ការ​កាត់​ក្ដី​អត់​មាន​មេធាវី ខ្ញុំ​ជឿ​ថា មិន​មែន​ជា​កំហុស​របស់​គណៈ​មេធាវី​ទេ។ យើង​ត្រូវ​អង្កេត​មើល​ថា តើ​តុលាការ​គាត់​ប្រើ​នីតិវិធី​យ៉ាង​ម៉េច​បាន​ជា​គាត់​ធ្វើការ​វិនិច្ឆ័យ​ដោយ​អត់​មាន​មេធាវី»

តាម​លោក ជីវ សុងហាក់ បាន​ឲ្យ​ដឹង​ថា ចំនួន​មេធាវី​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​មាន​ចំនួន​សរុប ៧៥១​រូប ក្នុង​នោះ​មេធាវី​ដែល​កំពុង​ប្រកប​ការងារ​មាន​ចំនួន ៥៩០​រូប និង​មេធាវី​កម្មសិក្សា​មាន​ចំនួន ៥៥​រូប ដែល​អាច​ចូល​រួម​ការពារ​ក្ដី​បាន​ដែរ។

ចំពោះ​របាយការណ៍​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លើ​វិស័យ​តុលាការ​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ជីវ កេង ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ បាន​ឡើយ។

វិទ្យុ​អាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​មន្ត្រី​ក្រសួង​យុត្តិធម៌ សុំ​ការ​អត្ថាធិប្បាយ​លើ​របាយការណ៍​នេះ​បាន​ដែរ។

របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស (Human Rights Watch) ឆ្នាំ​២០១១ បាន​សរសេរ​ត្រង់​ជំពូក​តុលាការ​ថា ក្នុង​ឆ្នាំ​២០១០ កន្លង​ទៅ រដ្ឋាភិបាល​មិន​បាន​ប្រឹងប្រែង​ក្នុង​ការ​ពង្រឹង​ឯករាជ្យ​ភាព​របស់​តុលាការ​ឡើយ។ របាយការណ៍​នោះ​បាន​លើក​ឡើង​ផង​ដែរ​ថា ប៉ូលិស និង​កងរាជអាវុធហត្ថ​បាន​ធ្វើ​ទារុណកម្ម​ទៅ​លើ​អ្នក​ជាប់​ឃុំឃាំង​ដើម្បី​យក​ចម្លើយ។

តុលាការ​មិន​មាន​ជោគជ័យ​ក្នុង​ការ​រក​ឲ្យ​ឃើញ​ការ​ធ្វើ​ទារុណកម្ម​មិន​ត្រឹម​ត្រូវ ហើយ​បាន​ប្រើ​ប្រាស់​ចម្លើយ​បង្ខិតបង្ខំ​នោះ ដើម្បី​កាត់​ទោស​ជន​ជាប់​ចោទ៕