លោក ម៉ាទីន ខាឡានេន ប្រធានក្រុមតំណាងអ្នកសង្កេតការណ៍របស់សហភាពអឺរ៉ុបដែលបានមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា កាលពីថ្ងៃទី២៧ កក្កដាកន្លងទៅ បានថ្លែងនៅក្នុងសន្និសីទកាសែតនៅក្រុងភ្នំពេញនៅថ្ងៃទី១៤ តុលា ថា នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនដែលតំណាងឲ្យក្រុមអ្នកសង្កេតការណ៍សហភាពអឺរ៉ុបដែលមកពី២៥ប្រទេសនោះបានលើកឡើងនូវអនុសាសន៍ទាក់ទងជាមួយការរៀបចំការបោះឆ្នោតលើកក្រោយឲ្យមានប្រសិទ្ធភាពនិងមានតម្លាភាព ចំណុចទាំងនោះរួមមានការចាត់វិធានការធ្វើយ៉ាងណាឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាស្ថាប័នឯករាជ្យមួយពេញលេញដែលគណបក្សនយោបាយនានាមានការទុកចិត្ត បទបញ្ញត្តិនិងនីតិវិធីនានារបស់គ.ជ.ប.មានភាពងាយស្រួលមិនសាំញ៉ាំពេក ការលុបចោលទម្រង់១០១៨ដែលគណបក្សប្រឆាំងចាត់ទុកថាជាឯកសារដែលងាយឲ្យមានការបន្លំឲ្យមានការបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច ការកែលម្អនីតិវិធីចុះឈ្មោះការបោះឆ្នោត ការលុបចោលតួនាទីប្រធានភូមិក្នុងការចែកប័ណ្ណព័ត៌មាន ការបង្កើតអាជ្ញាធរត្រួតពិនិត្យការផ្សាយព័ត៌មានឯករាជ្យមួយដើម្បីឲ្យទទួលបានថា បរិយាកាសផ្សព្វផ្សាយព័ត៌មានមានលក្ខណៈសេរី បានអនុវត្តការបើកទូលាយការអប់រំចំពោះប្រជាពលរដ្ឋជាដើម។
លោក ម៉ាទីន ខាឡានេន បានមានប្រសាសន៍ថា ៖ "ជាពិសេសនោះគឺការប្រើប្រាស់ទម្រង់១០១៨ក្នុងដំណើរការបោះឆ្នោតហ្នឹង គួរត្រូវបានលុបចោល"។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.បានមានប្រសាសន៍ថា គ.ជ.ប.នឹងពិនិត្យមើលអនុសាសន៍ដែលបានលើកឡើងដោយក្រុមអ្នកសង្កេតការណ៍សហភាពអឺរ៉ុបនោះ ៖ «អាចនិយាយថា អនុសាសន៍ខ្លះវានៅក្នុងសមត្ថកិច្ចរបស់គ.ជ.ប. ហើយអនុសាសន៍ខ្លះមិនមែនសមត្ថកិច្ចរបស់គ.ជ.បទេ វាទាក់ទងដល់ច្បាប់ អ៊ីចឹងទេ គ.ជ.ប.គ្រាន់តែជាស្ថាប័នដែលអនុវត្តច្បាប់តែប៉ុណ្ណោះ ហើយអ្វីដែលស្ថិតនៅក្នុងសមត្ថកិច្ចរបស់គ.ជ.ប.ហើយស្របច្បាប់ យើងនឹងពិនិត្យមើលដើម្បីធ្វើការកែលម្អសម្រាប់ការបោះឆ្នោតក្រោយៗទៀតឲ្យបានល្អ»។
លោក គល់ បញ្ញា នាយកប្រតិបត្តិរបស់ក្រុមអ្នកសង្កេតការណ៍ឯករាជ្យមួយឈ្មោះខុមហ្រ្វែល បានមានប្រសាសន៍ថា មតិនិងអនុសាសន៍នានាដែលលើកឡើងដោយតំណាងក្រុមអ្នកសង្កេតការណ៍សហភាពអឺរ៉ុបនោះមានប្រយោជន៍ បើសិនជាអនុវត្តបាននៅក្នុងការបោះឆ្នោតលើកក្រោយៗទៀតនៅកម្ពុជា ៖ «យើងបានអនុវត្តអនុសាសន៍ហ្នឹង... គិតថាការបោះឆ្នោតខាងមុខនេះកាន់តែល្អ»។
សូមជម្រាបថា ការបោះឆ្នោតនៅកម្ពុជាកាលពីថ្ងៃទី២៧ កក្កដាកន្លងទៅ មានការតវ៉ាជាច្រើនរបស់គណបក្សប្រឆាំងនៅកម្ពុជាក្រោយពេលមានការប្រកាសលទ្ធផលមកថា គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានទទួលឈ្នះ៩០អាសនៈក្នុងសភាដែលមានចំនួនកៅអី១២៣អាសនៈ៕
