មន្ត្រី​កសិកម្ម​នៅ​បន្ទាយមានជ័យ​រង​ការចោទ​ថា​ជំរិត​ទារ​ប្រាក់​កសិករ

លោក ម៉េវ សាម៉េត កសិករ​រស់​នៅ​ឃុំ​ទៀកាំ ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ បាន​ចោទ​ថា លោក អូច សាវន ប្រធាន​ការិយាល័យ​ផលិតកម្ម​បសុសត្វ​បាន​ជំរិត​ទារ​លុយ​ចំនួន​៤​លាន​រៀល ជា​ថ្នូរ​នឹង​ការអនុញ្ញាត​ដោះលែង​ក្របី​ចំនួន​១៤​ក្បាល​ដែល​លោក​បាន​ទិញ​មក​ទុក​សម្រាប់​ភ្ជួរ​ស្រែ ។

0:00 / 0:00

ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​១៧ កក្កដា​នេះ លោក ម៉េវ សាម៉េត អះអាង​ថា​ការទិញ​ក្របី​១៤​នោះ​មាន​លិខិត​អនុញាត​ពី​លោក​មេ​ភូមិ និង​លោក ខ្លូត សារី ប្រធាន​ការិយាល័យ​បសុសត្វ​ស្រុក​ព្រះនេត្រ​ព្រះ​ត្រឹមត្រូវ ប៉ុន្តែ​ខាង​មន្ត្រី​កសិកម្ម​ខេត្ត​នៅ​តែ​ចោទ​ថា លិខិត​នោះ​ពុំ​មាន​ឯកសារ​គ្រប់គ្រាន់ ។

លោក ម៉េវ សាម៉េត បាន​ឲ្យ​ដឹង​ថា ៖ «ខ្ញុំ​អ្នក​ទិញ​មិនមែន​ជួញដូរ​ឆ្លង​ប្រទេស​ទេ ទិញ​ប្រើប្រាស់​ស្រុក​ខ្មែរ​យើង ស្រុក​ព្រះនេត្រ​ព្រះ​ហ្នឹង​ឯង ។ ក្របី​១៤​ក្បាល​ខ្ញុំ​ទិញ​ត​ពី​ស្វាយ​ចេក​មក គេ​ចាប់​ជំរិត​យក​តែម្ដង»

លោក ម៉េវ សាម៉េត បាន​បន្ត​ថា​កាលពី​ថ្ងៃ​ទី​១៥ កក្កដា សត្វ​ក្របី​ចំនួន​១៤​ក្បាល​នោះ លោក​បាន​ទិញ​មក​ពី​អ្នក​ផ្សេង​នៅ​ស្រុក​ស្វាយ​ចេក ហើយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ហើយ​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទុក​សម្រាប់​ភ្ជួរ​ស្រែ​នៅ​ក្នុង​ស្រុក​ព្រះនេត្រ​ព្រះ ត្រូវ​បាន​កងកម្លាំង​អាជ្ញាធរ​ប៉េអឹម​ចាប់​បញ្ជូន​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ​ជំរិត​ទារ​លុយ​១០​លាន​រៀល ហើយ​ព្រម​ទទួល​យក​៤​លាន​រៀល​វិញ​ក្រោយ​ពី​មាន​ការអង្វរករ ។

លោក អូច សាវន ប្រធាន​ការិយាល័យ​ផលិតកម្ម​បសុសត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា​លុយ​ចំនួន​៤​លាន​លោក​បាន​ទទួល​មែន ប៉ុន្តែ​មិន​មាន​ជា​ការជំរិត​ទេ​គឺ​ជា​ការអនុវត្ត​ច្បាប់ ។

លោក អូច សាវន បាន​មាន​ប្រសាសន៍​ថា ៖ «មិនមែន​ជា​ការជំរិត​ទេ គឺ​ការអនុវត្ត​វិធានការ​ច្បាប់ អ៊ីចឹង​ក៏​យើង​ទទួល​ប្រាក់​៤​លាន​ជា​ការផាកពិន័យ​មិនមែន​យើង​ជំរិត​ទេ»

លោក​បន្ត​ថា​ការផាកពិន័យ​នេះ​គឺ​ផ្អែកលើ​អនុក្រឹត្យ​រាជ​រដ្ឋាភិបាល​លេខ​១៦ មាត្រា​៩ និង​យោង​មាត្រា​៦១, ៦២ នៃ​ច្បាប់​គ្រប់គ្រង​សុវត្ថិភាព ហើយ​ថា​ការចេញ​លិខិត​អនុញ្ញាត​របស់​លោក ខ្លូត សារី គឺ​ជា​ខុស​ច្បាប់ ។

លោក ខ្លូត សារី ប្រធាន​ការិយាល័យ​ស្រុក​ព្រះនេត្រ​ព្រះ​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រតិកម្ម​ថា​ការចេញ​លិខិត​អនុញ្ញាត​ឲ្យ​មាន​ការចរាចរ​សត្វ​ពាហនៈ​ក្នុង​ស្រុក​ព្រះនេត្រ​ព្រះ គឺ​មិនមែន​ជា​ការខុស​ច្បាប់​ទេ ព្រោះ​មូលដ្ឋាន​ស្រុក​ព្រះនេត្រ​ព្រះ​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក ។

លោក ខ្លូត សារី បាន​បញ្ជាក់​ថា ៖ «បើ​ថា​ខ្ញុំ​ចេញ​ក្រៅ​ពី​ស្រុក​ខ្ញុំ​អា​ហ្នឹង​បាន​ថា​ខ្ញុំ​រំលោភ​សិទ្ធិ​ថ្នាក់​ខេត្ត»

លោក ស៊ុម ចាន់គា មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែង​ថា​ករណី​ខាង​លើ​នេះ​ប្រៀប​បាន​ជា​ការចាប់​ជំរិត ហើយ​រូបភាព​បែប​នេះ​មិនគួរ​កើត​មាន​នោះ​ទេ ។

លោក ស៊ុម ចាន់គា បាន​មាន​ប្រសាសន៍​ថា ៖ «អា​ហ្នឹង​គឺ​ជា​អំពើ​ចាប់​ជំរិត​មួយ​ហើយ ។ បបូរ​មាត់​លោក​ថា​ហ្នឹង​មិន​គួរ​ណា​កើត​មាន​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក ខ្លូត សារី ប្រធាន​ការិយាល័យ​បសុសត្វ​ស្រុក​ព្រះនេត្រ​ព្រះ បាន​ថ្លែង​ថា លោក ម៉េវ សាម៉េត គួរ​ទទួល​បាន​ការព្រមាន​អប់រំ​តាម​ការចែង​របស់​ច្បាប់ ពីព្រោះ​សត្វ​ក្របី​ទាំង​នោះ​គាត់​ទិញ​យក​ទុក​ភ្ជួរ​ស្រែ មិន​ជួញដូរ​ដូច​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​នោះ​ទេ ៕