អ្នកភូមិឈ្មោះ វិន សុខឃីម ប្រជាសហគមន៍ភូមិទងក្រពូ ស្រុកអូរជុំ បញ្ជាក់ថា នាយអាវុធហត្ថខាងលើ និងបក្សពួកបានលួចចូលអារឈើប្រណីត ហើយដឹកជញ្ជូនចេញពីព្រៃ តាំងពីចុងឆ្នាំ២០០៧ រហូតមកទល់នឹងបច្ចុប្បន្ន បើទោះបីប្រជាសហគមន៍បានធ្វើការហាមឃាត់ជាច្រើនលើកមកហើយក្ដី ទើបនៅថ្ងៃទី ២៤ ឧសភា កន្លងទៅនេះ សហគមន៍បានធ្វើការស្ទាក់ចាប់រណារយន្តដែលប៉ុនប៉ងនាំចូលព្រៃ ដើម្បីអារឈើជាថ្មីទៀត ទើបនាយអាវុធហត្ថខឹងសម្បា និងធ្វើការគំរាមកំហែងសងសឹកអ្នកភូមិ ។
លោក វិន សុខឃីម រៀបរាប់ដូច្នេះថា ៖ «អ្នកណាចាប់ម៉ាស៊ីនគាត់ហ្នឹង គាត់ថារកមុខ អ្នកណាចាប់ អត់រួចខ្លួនទេ ។ រឿងឈើកូនចៅអ្នកអារ អារហើយគាត់បើកឡានទៅយក» ។
ឆ្លើយតបចំពោះសេចក្ដីចោទប្រកាន់ខាងលើ នាយអាវុធហត្ថ លោក ឆៃ វិបុល ទទួលស្គាល់ថា ដោយសារជីវភាពខ្វះខាត លោកបានអារឈើប្រណីតបន្តិចបន្តួចលក់សម្រាប់អ្នកផលិតគ្រឿងសង្ហារិម ។ លោកថា អ្នកភូមិចាប់រណារយន្ត ហើយទាមទារប្រាក់ពីលោក ទើបកើតមានទំនាស់ពាក្យសម្ដីនឹងគ្នាតែប៉ុណ្ណោះ ។
លោក ឆៃ វិបុល មានប្រសាសន៍ថា ៖ «ខ្ញុំដឹងហើយ របស់អ៊ីចឹងៗ វាត្រូវតែខុសហើយ ធ្វើម៉េចយើងឆ្លៀត អត់ហើយ ពួកវាកាលមុនក៏លក់ឈើឲ្យខ្ញុំដែរ ២-៣ដើមដែរ» ។
នាយផ្នែកខណ្ឌរដ្ឋបាលព្រៃឈើប្រចាំស្រុកអូរជុំ លោក សៅរ៍ រ៉ានី មានប្រសាសន៍បញ្ជាក់ថា ការប្រើប្រាស់រណារយន្តគ្មានច្បាប់អនុញ្ញាតត្រូវហាមឃាត់ និងរឹបអូសដើម្បីដុតបំផ្លាញចោល ។
លោកថា ប្រជាសហគមន៍មានសិទ្ធិគ្រប់គ្រង ថែរក្សាការពារព្រៃឈើ ហើយត្រូវផ្ដល់របាយការណ៍ និងវត្ថុតាងល្មើសមកស្ថាប័នព្រៃឈើ នៅមូលដ្ឋានដើម្បីចាត់ការតាមផ្លូវច្បាប់ ដោយពុំអាចធ្វើការផាកពិន័យដោយផ្ទាល់ខ្លួនបានឡើយ ៖ «យើងរាយការណ៍ សង្កាត់ហ្នឹងគេចុះទៅ គេធ្វើកំណត់ហេតុដកហូតត្រង់ស៊ីន័រហ្នឹង មកកន្លែងរដ្ឋបាលព្រៃឈើវិញ ។ ដកហូតតែម្ដង មិនមានពិន័យអីទេ បទបញ្ជាថ្មីៗចេញមក ដុតកម្ទេចចោលទៀតអាហ្នឹង» ។
បើតាមសហគមន៍ឲ្យដឹងថា ពួកគេមិនយល់ព្រមប្រគល់រណារយន្ត ជាថ្នូរនឹងការប្រគល់ប្រាក់នោះទេ ពួកគាត់អះអាងថា នឹងធ្វើពាក្យបណ្ដឹង រួមទាំងវត្ថុតាងប្រគល់ទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីដាក់ពិន័យនាយអាវុធហត្ថក្នុងបទល្មើសព្រៃឈើ ។
នៅខេត្តរតនគិរីរបាយការណ៍ប្រចាំឆ្នាំ២០០៨ របស់អាជ្ញាធរខេត្តរតនគិរី ឲ្យដឹងថា បានបង្រ្កាបបទល្មើសព្រៃឈើ ៤១ករណី និងរឹបអូសឈើប្រណីតបាន ៩៤ម៉ែត្រគូប និងធ្វើការរឹបអូសរណារយន្ត បាន ៤៥គ្រឿង ។
ដោយឡែកការទប់ស្កាត់បង្ក្រាបការរុករានឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើក្នុងឆ្នាំ ២០០៧ បាន ២២ករណី ដែលកើតមាននៅក្នុងស្រុកលំផាត់ ស្រុកបានលុង កូនមុំ អូរយ៉ាដាវ និងស្រុកបរកែវ ដែលទន្រ្ទានលើផ្ទៃដីចំនួនជាង ៤០០ហិកតា ។
ក៏ប៉ុន្តែរបាយការណ៍ស៊ើបអង្កេតរបស់សមាគមអាដហុកខេត្តឲ្យដឹងថា នេះគឺជាតួលេខតិចតួចបំផុត បើប្រៀបធៀបទៅនឹងបទល្មើសព្រៃឈើរាប់រយករណី និងការប្រើប្រាស់រណារយន្តរាប់ពាន់គ្រឿងដោយបំពានច្បាប់ ហើយដែលប្រជាសហគមន៍កំពុងទាមទារឲ្យអាជ្ញាធរខេត្តអនុវត្តច្បាប់ និងបទបញ្ជាលោកនាយករដ្ឋមន្រ្តី ក្នុងកិច្ចបង្រ្កាបបញ្ហានេះ ៕
