មន្ត្រី​តុលាការ​បំភ្លឺ​ការ​ចោទ​ថា​មាន​អំពើ​ពុករលួយ​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង

មន្ត្រី​តុលាការ​ខេត្ត​កំពង់ឆ្នាំង បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​អតីត​ទណ្ឌិត​ម្នាក់ ដែល​ចោទ​ថា មាន​អំពើ​ពុក​រលួយ​កើត​ឡើង​យ៉ាង​ខ្លាំង និង​មាន​ការ​រើស​អើង​ចំពោះ​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ។
ដោយ មណ្ឌល កែវ
2012-08-09
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា តាម​ការ​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ពន្ធនាគារ​ពុំ​ឃើញ​មាន​ចំណុច​ទាំង​ឡាយ​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ទោស​ដែល​ចេញ​ពី​ពន្ធនាគារ​ផ្ដល់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ។

លោក ពេញ វិបុល ជា​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង។ លោក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៧ សីហា បន្ទាប់​ពី​វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​ព័ត៌មាន​ថា មាន​អំពើ​ពុករលួយ​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​៦ សីហា លោក​បាន​សហការ​ជាមួយ​អង្គការ​លីកាដូ ចុះ​ទៅ​ត្រួត​ពិនិត្យ​ស្ថានភាព​ក្នុង​ពន្ធនាគារ​នេះ។

លោក​បន្ត​ថា តាម​ការ​ពិនិត្យ និង​ស្រាវជ្រាវ​ពុំ​ឃើញ​មាន​បញ្ហា​ណា​មួយ​កើត​មាន​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ទោស​ដែល​ចេញ​ពី​ពន្ធនាគារ​បាន​ផ្ដល់​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នោះ​ទេ។ យ៉ាង​នេះ​ក្ដី​ករណី​ខ្លះ​លោក​ថា លោក​នឹង​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដូចជា​ករណី​ការ​ប្រើប្រាស់​សេវា​ទូរស័ព្ទ និង​ការ​នាំ​ស្រី​ពេស្យា​ចូល​ក្នុង​ពន្ធនាគារ​ជាដើម។

លោក ពេញ វិបុល៖ «អ្នក​ទោស​គឺ​គេ​បែង​ចែក​ទៅ​តាម​កម្រិត​ទោស​ឧក្រិដ្ឋ នៅ​តាម​ឧក្រិដ្ឋ​មជ្ឈិម នៅ​តាម​មជ្ឈិម ដល់​អ៊ីចឹង​ទៅ​អ្នក​មិន​ដឹង​ថា​គេ​បែង​ចែក​វណ្ណៈ​អ្នក​ទោស មិន​មែន​ទេ។ គេ​មិន​គិត​ថា អ្នក​មាន ឬ​អ្នក​ក្រ​អី​ទេ។ អត់​មាន​ការ​បែង​ចែក​វណ្ណៈ​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ទោស​ដែល​ទើប​តែ​ចេញ​ពី​ពន្ធនាគារ​នោះ​ទេ...»

កាល​ពី​ថ្ងៃ​ទី​៤ សីហា ទណ្ឌិត​រួច​ផុត​ពី​ទោស​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​ពន្ធនាគារ​មាន​ការ​បែងចែក​វណ្ណៈ​អ្នក​ទោស ដូច​ជា​ប្រភេទ​អ្នក​ទោស​ដែល​ជាប់​ពន្ធនាគារ​ដោយសារ​រឿង​លួច​ឆក់​កំប៉ិកកំប៉ុក ពោល​គឺ​អ្នក​ទោស​ក្រីក្រ​មាន​ជីវភាព​ត្រដាបត្រដួស បរិភោគ​បាយ​ដែល​ដាំ​ដោយ​អង្ករ​ប្រភេទ​អន់​ដូច​បាយ​ជ្រូក។ ចំណែក​អ្នក​ទោស​ដែល​មាន​លុយ​បង់​ប្រចាំ​ខែ​ឲ្យ​អ្នក​ដឹកនាំ​ពន្ធនាគារ មិន​ត្រឹម​តែ​បរិភោគ​បាយ​អង្ករ​ល្អ​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ តែ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ហៅ​ចេញ​ទៅ​ខាង​ក្រៅ​បាន​ដោយ​សេរី និង​មាន​បន្ទប់​ឯកជន​ទៀត​ផង៖ «អ្នក​ទោស​ឈឺ​អត់​មាន​ថ្នាំ​ទេ កេង​លើ​ថ្នាំ​អ្នក​ទោស ហើយ​អង្ករ​គេ​ឲ្យ​ស៊ី​អង្ករ​នាងមិញ គេ​ដូរ​ឲ្យ​ស៊ី​អង្ករ​ក្រហម ឯ​ការ​ដេក​វិញ បើ​គេ​អ្នក​មាន​លុយ​បង់ គឺ​មាន​បន្ទប់​គ្រែ​ពូក​មាន​កង្ហារ...»

អនុ​ប្រធាន​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង លោក ឈុន ផល្លី បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។ លោក​ពន្យល់​ថា ការ​លើក​ឡើង​បែប​នេះ គឺ​ជា​ការ​មួលបង្កាច់​របស់​ទណ្ឌិត​ដែល​បាន​ចេញ​ពី​ពន្ធនាគារ ព្រោះ​ពេល​ជាប់​ក្នុង​ពន្ធនាគារ​គាត់​មិន​ពេញ​ចិត្ត​ចំពោះ​វិន័យ និង​វិធី​អប់រំ​កែប្រែ​របស់​ពន្ធនាគារ។

លោក​ថា​ករណី​ចោទ​ប្រកាន់​ទាំង​នេះ​មិន​អាច​កើត​មាន​ក្នុង​ពន្ធនាគារ​នោះ​ទេ៖ «យើង​មិន​អាច​ធ្វើ​ដូច​ពាក្យ​ចោទ​ប្រកាន់​របស់​គាត់​បាន​ទេ ព្រោះ​យើង​នៅ​កៀក​តុលាការ ហើយ​ក៏​មាន​ការ​ត្រួត​ពិនិត្យ​ពី​ព្រះរាជអាជ្ញា​ជា​ប្រចាំ។ មិន​តែ​ប៉ុណ្ណោះ ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក៏​តែង​តែ​ចុះ​មក​ធ្វើការ​ត្រួត​ពិនិត្យ ហើយ​អង្គការ​លីកាដូ ក៏​តែង​តែ​តាម​ដាន​ជាប់​ជា​ប្រចាំ​ផង​ដែរ យើង​មិន​អាច​ធ្វើ​អ្វី​ខុស​ឆ្គង​បាន​ទេ​បង!»

ទាក់ទិន​ចំពោះ​បញ្ហា​នេះ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ទមុនី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ទណ្ឌិត​ដែល​បាន​ចេញ​ពី​ពន្ធនាគារ​នោះ​ទេ។ លោក​ថា នេះ​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ជន​គ្រប់​រូប​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​រដ្ឋធម្មនុញ្ញ។

របាយការណ៍​របស់​អង្គការ​លីកាដូ បង្ហាញ​ថា គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១២ ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង មាន​ផ្ទុក​អ្នក​ទោស​ចំនួន ៤៣៦​នាក់ កើន​ឡើង ១០០​នាក់​ធៀប​នឹង​ខែ​ដដែល​នៃ​ឆ្នាំ​២០១១។

យ៉ាង​នេះ​ក្ដី ទំហំ​ផ្ទុក​នៃ​ពន្ធនាគារ​នេះ​ក៏​មាន​ការ​កើន​ឡើង​ដល់ ៣៥០​នាក់ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១ ដែល​ទំហំ​ផ្ទុក​បាន​តែ ១៥០​នាក់​នោះ ដោយ​ពន្ធនាគារ​នេះ​បាន​កសាង​បន្ថែម​បាន​អាគារ​ចំនួន ២ ក្រោម​ជំនួយ​របស់​អង្គការ​ស៊ីស៊ីជេប (CCJEP) ប្រទេស​អូស្ត្រាលី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល