មន្ត្រី​បរិស្ថាន​ថ្លែង​ការពារ​ការបាញ់​គំរាម​អ្នក​ភូមិនៅ​ស្រុក​សំឡូត​ខែត្រ​បាត់ដំបង

លោក យ៉ង ភីរម្យ ប្រធាន​ស្នាក់ការ​បរិស្ថាន​ប្រចាំ​ស្រុក​សំឡូត បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ ទី​១៥ កញ្ញា​ថា ការ​ដែល​មន្ត្រី​របស់​លោក​ឈ្មោះ ឈឹម សុភី យក​កាំភ្លើង​អាកា​បាញ់​​​គំរាម​ប្រជា​ពលរដ្ឋ​នោះ គឺ​ដើម្បី​ការពារ​ខ្លួន ព្រោះ​ប្រជាពលរដ្ឋ​ទាំង​១៥​នាក់​នោះ បាន​សម្រុក​ចូល​ក្នុង​ទីស្នាក់ការ​បរិស្ថាន​របស់​លោក​ប្រដាប់​ដោយ​ដុំ​ថ្ម​និង​កាំបិត ដណ្ដើម​យក​រទេះ​និង​ក្របី​ដែល​បាន​ចាប់​រក្សាទុក​នៅ​ទីនោះ​ទាំង​បំពាន។

0:00 / 0:00

លោក យ៉ង ភីរម្យ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «រឿង​បាញ់​ហ្នឹង តាម​ពិត យើង​អត់​មាន​ខុស​ទេ ព្រោះ​យើង​នៅ​កន្លែង​របស់​យើង អ៊ីចឹង​បើ​សិន​ជា​គេ​ចូល​មក​យក​ទ្រព្យ​សម្បត្តិ​ហ្នឹង​ទៅ​ហើយ អាហ្នឹង​គិត​ថា​វា​ជា​ចោរ​ហើយ អ៊ីចឹង​បើ​ខ្ញុំ​បាញ់​ងាប់ អាហ្នឹង​ទៅ​ជា​រឿង​ប្លន់​ហើយ ព្រោះ​គេ​ចូល​ក្នុង​ដី​របស់​ខ្ញុំ ផ្ទះ​របស់​ខ្ញុំ​ហើយ​ហ្នឹង។ បើ​សិន​ជា​គាត់​ចូល​មក​យប់ មុន​ម៉ោង​៦​ព្រឹក ប្រហែល​ជា​មាន​ការបាញ់​មនុស្ស​តែ​ម្ដង»

កាលពី​វេលា​ម៉ោង ៦ និង ១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា ប្រជាពលរដ្ឋ​ចំនួន ១៥​នាក់ បាន​លើក​គ្នា​សម្រុក​ចូល​ទៅ​ទីស្នាក់ការ​បរិស្ថាន ដណ្ដើម​យក​រទេះ​និង​ក្របី​មួយ​នឹម ដែល​មន្រ្តី​បរិស្ថាន​បាន​ចាប់​រក្សា​ទុក ប៉ុន្តែ​ត្រូវ​បាន​មន្រ្តី​បរិស្ថាន​យក​កាំភ្លើង​អាកា​បត់ បាញ់​គំរាម​បង្ហើរ​លើ​ក្បាល​ចំនួន ២​គ្រាប់។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទំនាក់ទំនង​សុំ​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ទាំង​១៥​នាក់​នោះ​បាន​ទេ ប៉ុន្តែ លោក ហុក ហឿត អធិការ​រង​ស្រុក​សំឡូត បាន​បញ្ជាក់​ថា ម្ចាស់​រទេះ​ក្របី ឈ្មោះ តូ កឿន អាយុ ៤២​ឆ្នាំ និង​ប្រជាពលរដ្ឋ​ដទៃ​ទៀត រស់​នៅ​ភូមិ​ឆករកា ឃុំ​សំឡូត បាន​មក​សុំ​បង់​លុយ ៦០​ម៉ឺន​រៀល ឲ្យ​ទៅ​មន្ត្រី​បរិស្ថាន ដើម្បី​ដោះដូរ​យក​រទេះ​និង​ក្របី​មួយ​នឹម ប៉ុន្តែ​មន្ត្រី​បរិស្ថាន​មិន​ព្រម ហើយ​ទាមទារ​ឲ្យ​បង​លុយ​ចំនួន​២​លាន​រៀល។

លោក តុល ផន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​សំឡូត បាន​ថ្លែង​ថា ក្រុម​មន្ត្រី​បរិស្ថាន​គួរ​អប់រំ​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​នោះ ៖ «គួរ​តែ​ព្រមាន​គាត់​សិន ធ្វើ​កិច្ចសន្យា​អី​អ៊ីចឹង ព្រោះ​អី​សុទ្ធ​តែ​អ្នក​ស្រុក​នៅ​ហ្នឹង​ទាំង​អស់»

ទោះជា​យ៉ាង​នេះ​ក្តី លោក យ៉ង ភីរម្យ បាន​ថ្លែង​ថា មន្ត្រី​របស់​លោក​គ្រាន់​តែ​អនុវត្ត​តាម​ច្បាប់។

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ លោក បែន សុវណ្ណ អភិបាល​រង​ស្រុក​សំឡូត បាន​មាន​ប្រសាសន៍​ថា សាលា​ស្រុក​និង​កោះ​ប្រជុំ​ដើម្បី​ដោះស្រាយ​ពី​បញ្ហា​ការ​បាញ់​គំរាម ដែល​កើត​ឡើង​ដោយសារ​តែ​ជម្លោះ​ចាប់​ឈើ ប៉ុន្តែ លោក យ៉ង ភីរម្យ ប្រធាន​ស្នាក់ការ​បរិស្ថាន​ប្រចាំ​ស្រុក​សំឡូត​បាន​ថ្លែង​ថា លោក​មិន​ទាន់​បាន​ទទួល​ការកោះ​នោះ​ទេ។

សូម​បញ្ជាក់​ថា ឈើ​ពីរ​សន្លឹក​ដែល​មន្ត្រី​បរិស្ថាន​ចាប់​ទារ​លុយ​២​លាន​រៀល​នោះ ជា​ប្រភេទ​ឈើ​ធ្នង់ មាន​បណ្តោយ​ប្រវែង​២​ម៉ែត្រ ទំហំ ៣០​សង្ទីម៉ែត្រ គុណ​នឹង ១០​សង្ទីម៉ែត្រ និង​មួយ​សន្លឹក​ទៀត ទំហំ ៨០​សង្ទីម៉ែត្រ​គុណ​នឹង ១០​សង្ទីម៉ែត្រ បច្ចុប្បន្ន​កំពុង​រក្សា​ទុក​នៅ​ទីស្នាក់ការ​របស់​មន្ត្រី​បរិស្ថាន​ក្រោយ​ពី​ចាប់។ ចំណែក​ឯ រទេះ​១ និង​ក្របី​មួយ​នឹម​ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ចេញ​ទៅ​វិញ​ហើយ៕