លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. បានមានប្រសាសន៍ឲ្យដឹងថា ការប្រកាសលទ្ធផលបោះឆ្នោតផ្លូវការនេះ រួមមានការប្រកាសចំនួនសន្លឹកឆ្នោតគាំទ្ររបស់គណបក្សនយោបាយនីមួយៗទទួលបានចំនួនអាសនៈ ដែលបក្សទទួលបាននិងឈ្មោះបេក្ខជនតំណាងរាស្រ្តសម្រាប់អាណត្តិទី៤។
លោក ទេព នីថា មានប្រសាសន៍ដូច្នេះថា ៖ «តាមពិតទៅ ក្រោយការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺអាចថារក្សាលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោត យើងប្រកាសទាំងអស់ ទាំងសំឡេងឆ្នោត ទាំងចំនួនអាសនៈ ទាំងបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ដ»។
ការប្រកាសលទ្ធផលជាផ្លូវការនេះ បានធ្វើតាមវិទ្យុនិងទូរទស្សជាតិ។
យោងតាមលទ្ធផលផ្លូវការ ដែលប្រកាសដោយ គ.ជ.ប. បានឲ្យដឹងថា ក្នុងការបោះឆ្នោតទូទាំងប្រទេសជ្រើសរើសតំណាងរាស្រ្ដអាណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា បានទទួលកៅអីសភា ចំនួន ៩០អាសនៈ គណបក្សសមរង្ស៊ី បានទទួល ២៦អាសនៈ គណបក្សសិទ្ធិមនុស្ស ទទួលបាន ៣អាសនៈ គណបក្សនរោត្តម រណឫទ្ធិ បានទទួល ២អាសនៈ និងគណបក្សហ៊្វុនស៊ិនប៉ិច បានទទួល ២អាសនៈ។
លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ី ដែលជាគណបក្សបានទទួលសំឡេងឆ្នោតគាំទ្រទី២នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៧ កក្កដា កន្លងមកនេះ បានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះទេ។
លោក សម រង្ស៊ី មានប្រសាសន៍ថា ៖ «គឺយើងបានប្រកាសហើយថា ការបោះឆ្នោតហ្នឹង មិនត្រឹមត្រូវទេ ការបោះឆ្នោតហ្នឹង គឺជាការបំភ្លៃឆន្ទៈប្រជារាស្រ្ដ ហើយគណបក្សសមរង្ស៊ី មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតបែបហ្នឹងទេ។ ខ្ញុំនឹងធ្វើដំណើរទៅទ្វីបអឺរ៉ុប ទៅទីក្រុងប៉ារីស ទៅទីក្រុងប្រ៊ូសែ្សល ទៅទីក្រុងញូវយ៉ក និងទៅទីក្រុងវ៉ាស៊ីនតោន ដើម្បីទៅប្ដឹងសហគមន៍អន្តរជាតិ ប្ដឹងអំពីការបោះឆ្នោត ដែលមិនត្រឹមត្រូវហ្នឹង ប្ដឹងអំពីការលុបឈ្មោះ លួចឈ្មោះ បំបាត់សិទ្ធិអ្នកបោះឆ្នោត»។
តាមលទ្ធផលបណ្តោះអាសន្នកន្លងមក បានឲ្យដឹងថា គណបក្សដែលបានទទួលសំឡេងឆ្នោតគាំទ្រច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា បានទទួលសន្លឹកឆ្នោតគាំទ្រចំនួន ៣.៤៩២.២៧៤សន្លឹក ក្នុងចំណោមសន្លឹកឆ្នោតបានការចំនួន ៦.០១០.២៧៧សន្លឹក គណបក្សសមរង្ស៊ីបានទទួលចំនួន ១.៣១៦.៧១៤សន្លឹក ក្នុងចំណោមសន្លឹកឆ្នោតបានការចំនួន ៦.០១០.២៧៧សន្លឹកនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៧ កក្កដា កន្លងមកនេះ ហើយនៅពេលនោះ មានគណបក្សចំនួន១១ បានចូលរួមប្រកួតក្នុងការបោះឆ្នោត។
ការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ បានកើតមានឡើង ក្រោយពេលមានការប្តឹងតវ៉ាពីគណបក្សនយោបាយនានា ទៅ គ.ជ.ប. និងក្រុមប្រឹក្សាធម្មនុញ្ញរួចមក។
តាមច្បាប់របស់ប្រទេសកម្ពុជា ការកោះប្រជុំសភា ត្រូវរៀបចំឡើងក្នុងរយៈពេល ៦០ថ្ងៃ យ៉ាងយូរ ក្រោយការបោះឆ្នោត ហើយគណបក្សណាបានទទួលសំឡេងឆ្នោតគាំទ្រ ៥០% បូកមួយ ជាអ្នករៀបចំរដ្ឋាភិបាលគ្រប់គ្រងប្រទេស៕
