ពលបាលត្រីមួយរូបដែលបម្រើការងារជាតម្រួតព្រំដែនជិត១០ឆ្នាំនៃវរការពារព្រំដែន២០៣ ប្រចាំស្នងការដ្ឋានប៉ូលិសខេត្តរតនគិរី អំពាវនាវចំពោះមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃឲ្យស្វែងរកយុត្តិធម៌ ចំពោះអ្វីដែលគាត់អះអាងថា ត្រូវបានគេកាត់ឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌទាក់ទិនទៅនឹងការតវ៉ា អំពីប្រាក់បៀវត្សច្រើនខែដែលមេប៉ុស្តិ៍មិនបើកឲ្យ។
សេចក្តីអំពាវនាវនេះធ្វើឡើងតាមរយៈសមាគមការពារសិទ្ធិមនុស្សអាដហុកខេត្តរតនគិរីកាលពីដើមសប្តាហ៍នេះដើម្បីជួយអន្តរាគមន៍សុំឲ្យមានការស៊ើបអង្កេតក្នុងករណីនេះ។
ពលបាលត្រី សេង វណ្ណៈ ដែលអះអាងថាជាអ្នករងនូវអំពើរំលោភនិយាយថា ប្រាក់បៀវត្សចំនួន៥ខែជាប់គ្នាពីខែមករាដល់ខែឧសភា ឆ្នាំ២០០៨ មិនត្រូវបានបើក ហើយបន្ទាប់ពីការតវ៉ានាយប៉ុស្តិ៍បានឲ្យគាត់បើកបៀវត្សពីរខែ និងចោទប្រកាន់ថាមិនគោរពវិន័យដើរសេរី ហើយតម្រូវឲ្យធ្វើកិច្ចសន្យាក៏ប៉ុន្តែគាត់មិនយល់ព្រមទើបប្តឹងទៅមេបញ្ជាការវរការពារព្រំដែន ក៏ប៉ុន្តែមិនមានដំណោះស្រាយហើយរហូតដល់ខែវិច្ឆិកានេះទើបដឹងថាឈ្មោះគាត់ត្រូវបានកាត់ចេញពីបញ្ជីក្របខ័ណ្ឌប៉ូលិស។
លោក សេង វណ្ណៈ បានឲ្យដឹងថា ៖ «ខ្ញុំសូមឲ្យជួយរកយុត្តិធម៌ឲ្យខ្ញុំ បើខ្ញុំអត់បានសេរីទេ មេប៉ុស្តិ៍ថាខ្ញុំសេរី ឲ្យខ្ញុំធ្វើកិច្ចសន្យាឲ្យគាត់ រយៈពេល៥ខែ បើកពីរខែឲ្យខ្ញុំ ដល់ពេលអ៊ីចឹងខ្ញុំអត់ព្រម»។
តាមកំណត់ហេតុធ្វើឡើងដោយមន្ត្រីសមាគមអាដហុកខេត្តរតនគិរីពលបាលត្រី សេង វណ្ណៈ បម្រើការងារនៅប៉ុស្តិ៍ការពារព្រំដែន៥០១ មានទីតាំងនៅភូមិតាង៉ា ឃុំញ៉ាង ស្រុកអណ្តូងមាស។
កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០០៨ លោកបានសុំច្បាប់រៀបអាពាហ៍ពិពាហ៍ដល់ខែឧសភាគាត់បានចូលបំពេញការងារវិញជាមួយនឹងការសុំបើកប្រាក់បៀវត្ស ទើបកើតជម្លោះជាមួយអតីតប្រធានប៉ុស្តិ៍ លោក សឿង សាងវាសនា ហើយបន្ទាប់មកគាត់សុំកិច្ចអន្តរាគមន៍ទៅមេបញ្ជាការវរព្រំដែនលោក បុត្រ លី ក៏ប៉ុន្តែ លោក បុត្រ លី ណែនាំគាត់ឲ្យត្រឡប់ទៅផ្ទះរង់ចាំដំណោះស្រាយ ហើយក៏បាត់រហូតដល់បច្ចុប្បន្ននេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការអធិប្បាយពីអតីតប្រធានប៉ុស្តិ៍និងមេបញ្ជាការវរព្រំដែនបានទៅនៅថ្ងៃព្រហស្បតិ៍នេះ ក៏ប៉ុន្តែបើតាមស្នងការរងនគរបាលខេត្តដែលទើបចូលនិវត្តន៍នាពេលថ្មីៗនេះ លោក ហោ អង្គ មានប្រសាសន៍ថា លោកក៏បានទទួលរបាយការណ៍ខាងលើនោះដែរ ហើយលោកបានព្យាយាមធ្វើការសម្របសម្រួលដើម្បីបញ្ចប់បញ្ហា ហើយលោកមិនបានដឹងពីការសម្រេចកាត់ឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌនោះទាក់ទិនបញ្ហាអ្វីនោះទេ។
លោក ហោ អង្គ បានមានប្រសាសន៍ថា ៖ «វាដូចប្រកាន់បក្សប្រកាន់ពួកហ្នឹង អ៊ីចឹងទៅវាមានបញ្ហា។ ខ្ញុំក៏ព្យាយាមឲ្យធ្វើការសម្របសម្រួលដែរ ក៏ប៉ុន្តែឮតែអឺអើតែមាត់ ក្រោយមកទៀតវាអត់បានប្រយោជន៍»។
ចំណែកស្នងការរង លោក ព្រៃ ច្រំ ដែលជាប្រធានក្រុមប្រឹក្សាវិន័យមានប្រសាសន៍ដែរថា ក្រុមប្រឹក្សាវិន័យមិនបានស្នើដកចេញពីក្របខ័ណ្ឌគឺពលបាលត្រី សេង វណ្ណៈ អវត្តមាននៅពេលគណៈកម្មការចុះត្រួតពិនិត្យស្ថិតិកងនគរបាលទើបក្រសួងសម្រេចកាត់ឈ្មោះចេញ។
លោក ព្រៃ ច្រំ បានឲ្យដឹងថា ៖ «គោលការណ៍ក្រសួងគេចុះត្រួតពិនិត្យមនុស្ស អ្នកណាអត់មានមុខក្នុងបញ្ជី កាត់ចេញ»។
មន្ត្រីសម្របសម្រួលអង្គការអាដហុកខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់ថា នៅសប្តាហ៍ក្រោយនេះលោកនឹងធ្វើលិខិតអន្តរាគមន៍ទៅក្រសួងមហាផ្ទៃដើម្បីសុំឲ្យមានការស៊ើបអង្កេតតាមសំណើរបស់ពលបាលត្រីរូបនោះ៕
ពលរដ្ឋតវ៉ាសុំឲ្យផ្អាកការយកបរិវេណបុរីកីឡាធ្វើផ្សារ
ករណីប្ដឹងផ្ដល់រឿងប៉េអឹមវាយពលរដ្ឋត្រូវបញ្ចប់ដោយការសងជំងឺចិត្ត
ប៉េអឹមខែត្រស្ទឹងត្រែង២រូបរងការចោទថាជំរិតទារប្រាក់ពលរដ្ឋ
អាជីវករផ្សារសុវណ្ណាសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រីក្នុងការបញ្ចុះថ្លៃជួលតូប
ក្រុមអាជីវករនៅបុរីកីឡាចោទថាក្រុមហ៊ុនផានអ៊ីម៉ិចដណ្ដើមកន្លែងលក់ដូរ
ស.រ.អា.ផ្តល់ការគាំទ្រវគ្គបណ្តុះបណ្តាលព័ត៌មានវិទ្យាដល់មន្ត្រីក្រសួងយុត្តិធម៌
បញ្ហាគ្រឿងញៀននៅក្នុងប្រទេសកម្ពុជា
ការធ្វើអត្តសញ្ញាណប័ណ្ណនៅតែជាបញ្ហាសម្រាប់ពលរដ្ឋ
មនុស្ស៥នាក់ត្រូវរន្ទះបាញ់ស្លាប់ក្នុងថ្ងៃតែមួយ
បុរសម្នាក់ត្រូវប៉េអឹមខែត្របាត់ដំបងវាយឲ្យរបួសធ្ងន់ដោយសារជម្លោះពាក្យសម្ដី