មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថារដ្ឋាភិបាលកម្ពុជាបានធ្វើការបិទច្រកនោះដោយភ័យខ្លាចថា អាចមានការប៉ះទង្គិចគ្នារវាងភាគីខ្មែរនិងថៃ ។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ៖ «បើថានៅតែមានបាតុកម្មជ្រួលច្របល់ទៀត អាហ្នឹងយើងបិទសិន យើងអត់ទាន់កំណត់ទេ ខ្លាចមានគេសម្រុកចូលអីទៅវានាំប៉ះពារគ្នា» ។
គួរជម្រាបថានេះជាថ្ងៃទីបីហើយដែលភាគីកម្ពុជាបានធ្វើការបិទច្រកប្រាសាទព្រះ វិហារ បន្ទាប់ពីមានប្រជាពលរដ្ឋថៃប្រមាណ១០០នាក់ ដោយមានការជួយការពារពីក្រុមប៉ូលិសនិងយោធាឈុតខ្មៅ កាលពីថ្ងៃច័ន្ទបានធ្វើបាតុកម្មនៅទីនោះ ប្រឆាំងរដ្ឋាភិបាលថៃថាបានកាត់ដីជិតប្រាសាទព្រះវិហារមកឲ្យកម្ពុជា ។
ការតវ៉ារបស់ប្រជាពលរដ្ឋថៃបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃបានយល់ព្រមលើផែនទីប្រាសាទព្រះវិហារថ្មី ដែលភាគីកម្ពុជាបានគូរដើម្បីបញ្ជូនទៅឲ្យអង្គការយូណេស្កូត្រួតពិនិត្យ ក្នុងដំណើរការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
តាមការអះអាងរបស់ប្រជាពលរដ្ឋរស់នៅលើខ្នងភ្នំជិតប្រាសាទព្រះវិហារបានឲ្យដឹងថា បន្ទាប់ពីមានការបិទច្រកចេញចូលមកប្រាសាទព្រះវិហារមានសភាពស្ងប់ស្ងាត់ ៕
