ប្រធានកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ង៉ាន់ ចន្ថា អំពាវនាវដូច្នេះនាពេលដែលជំងឺគ្រុនឈាមបានចាប់ផ្តើមកម្រើកឡើងវិញបន្តិចក្នុងរដូវភ្លៀងបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈកន្លងមក។
លោកវេជ្ជបណ្ឌិតឲ្យដឹងថា នៅក្នុងឆ្នាំ២០០៨នេះជំងឺគ្រុនឈាមទើបបានកើតឡើងតែជាង៦ពាន់ករណីទេ មានមនុស្សស្លាប់៥០នាក់ នេះបើតាមស្ថិតិអ្នកជំងឺចូលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ មានមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។
លោកវេជ្ជបណ្ឌិត ង៉ាន់ ចន្ថា បានឲ្យដឹងថា ៖ «សូមឲ្យបងប្អូនប្រជាជនរបស់យើងហ្នឹងមេត្តាចាប់អារម្មណ៍បន្តិច ថ្វីត្បិតតែគ្រុនឈាមនៅឆ្នាំ២០០៨នេះ គឺថាមានភាពល្អប្រសើរជាងឆ្នាំកន្លងមក ក៏ប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្ននិងរួមគ្នាកម្ចាត់មូសខ្លាដែលជាភ្នាក់ងារចម្លង»។
កុមារា សុភារៈ អាយុ១៣ឆ្នាំ រស់នៅក្រុងភ្នំពេញ ឲ្យដឹងថាគេឈឺខ្លាំងក្នុងពោះនិងក្តៅខ្លួនច្រើនថ្ងៃ ៖ «គ្រុនឈាម ក្ដៅខ្លួនបីថ្ងៃ លេបថ្នាំបាត់មួយភ្លែត ក្ដៅវិញ»។
អ្នកស្រី ឃាន សុខែម ជាម្តាយកុមារាឲ្យដឹងថា ជំងឺគ្រុនឈាមនេះបានកើតឡើងនៅពេលដែលអ្នកស្រីនាំកូនទៅលេងបុណ្យកាន់បិណ្ឌឯស្រុកកំណើតខេត្តកំពង់ចាម ហើយបាននាំកូនមកសំរាកនៅគ្លីនិកឯកជនឯទីក្រុងភ្នំពេញ។
អ្នកស្រី ឃាន សុខែម បានមានប្រសាសន៍ថា ៖ «បានពីរថ្ងៃយកទៅជួសឈាមទៀតនៅពេទ្យកុមារជាតិហ្នឹង ដឹងច្បាស់ថាវាគ្រុនឈាមហើយនិងគ្រុនពោះវៀន ហើយខ្ញុំក៏យកវាមកព្យាបាលនៅពេទ្យឯកជន...»។
លោកវេជ្ជបណ្ឌិត ង៉ាន់ ចន្ថា ឲ្យដឹងថា ជំងឺគ្រុនឈាមមិនមែនកើតតែលើកុមារនោះទេ មនុស្សចាស់មួយចំនួនបានកើតជំងឺនេះដែរ។ បច្ចុប្បន្នប្រទេសកម្ពុជាក៏មានមនុស្សចាស់ស្លាប់ រីឯក្នុងតំបន់អាស៊ីជិតខាងប្រទេសកម្ពុជាជំងឺគ្រុនឈាមបានកើតលើមនុស្សចាស់និងកុមារដែលអត្រាអ្នកជំងឺមានកម្រិត៥០%ស្មើគ្នា។
លោកថា ឆ្នាំ២០០៨ ជំងឺគ្រុនឈាមកើតតិចជាងឆ្នាំ២០០៧ បើប្រៀបធៀបរយៈពេលដូចគ្នា។ លោកឲ្យដឹងថា នៅឆ្នាំ២០០៧ ជំងឺគ្រុនឈាម រាតត្បាត៣៩៨៥១ករណីមានអ្នកជំងឺស្លាប់៤០៧នាក់។
លោកបានអំពាវនាវសុំឲ្យក្រុមគ្រួសារត្រូវរហ័សបញ្ជូនអ្នកជំងឺមានអាការៈក្តៅខ្លួនស្រដៀងនឹងជំងឺផ្តាសាយមកមន្ទីរពេទ្យ ហើយមិនត្រូវព្យាបាលនៅមន្ទីរពេទ្យឯកជនទេ ត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលមានគ្រូពេទ្យជំនាញនិងមានឧបករណ៍ជួយសង្រ្គោះគ្រប់គ្រាន់។
លោក ង៉ាន់ ចន្ថា បន្តថា ដើម្បីរួមចំណែកជួយការពារជំងឺគ្រុនឈាមមន្ទីរសុខាភិបាលរាជធានីភ្នំពេញកំពុងដាក់ថ្នាំអាបេដជាលើកទីពីរជូនប្រជាជន។ ប៉ុន្តែការដាក់ថ្នាំអាបេដនេះបានរើសយកតែចំណុចរស់នៅកខ្វក់ខ្លាំងនៃតំបន់សំណង់អនាធិបតេយ្យ តំបន់គំនរសំរាម និងមានទឹកលិចពាសពេញ ហើយអាជ្ញាធរភូមិនិងមហាជនសុំរួមចំណែកលុបគំនរសំរាម លុបកន្លែងទឹកដក់ ដុតសំបកកង់ឡាន ជម្រះកន្លែងស៊ុបទ្រុប ត្រូវបើកទ្វារឲ្យមានពន្លឺចេញចូលនិងសំរាកក្នុងមុងជាប្រចាំដើម្បីការពារជំងឺគ្រុនឈាម៕
