មន្ត្រី​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បារម្ភ​ពី​គ្រោះ​ធម្មជាតិ

មន្ត្រី​ជាន់​ខ្ពស់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា បាន​សំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ដូចជា​ខ្យល់​ព្យុះ ភ្លៀង​ខ្លាំង និង​រន្ទះ​បាញ់​ជាដើម បាន​សំលាប់​ប្រជាពលរដ្ឋ​ជា​ញឹកញាប់​នៅ​ដើម​ឆ្នាំ​២០១២ កន្លង​មក​នេះ។

0:00 / 0:00

របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ជំនាញ​ឧតុនិយម បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ៤​ខែ ដើម​ឆ្នាំ​២០១២ កន្លង​មក​នេះ រន្ទះ​បាញ់​បាន​សំលាប់​ប្រជាពលរដ្ឋ​ចំនួន ៥​នាក់ រង​របួស​ចំនួន ៣​នាក់ និង​ខ្យល់​ព្យុះ បាន​បំផ្លាញ​ផ្ទះ​សំបែង​ប្រជាពលរដ្ឋ​ចំនួន​ជាង ២០០​ខ្នង និង​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់ ១​នាក់ និង​រង​របួស​ចំនួន ១២​នាក់។

ការ​ព្រួយ​បារម្ភ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ខូចខាត​ដោយសារ​គ្រោះ​ទឹក​ជំនន់​នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ត្រូវ​បាន​លើក​មក​ពិភាក្សា​រវាង​អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា ជាមួយ​បេសកជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម (Margareta Wahlstrom) ទទួល​បន្ទុក​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​របស់​អង្គការ​សហ​ប្រជាជាតិ ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា។

អនុ​ប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា គ្រោះ​ធម្មជាតិ​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​លើ​ពិភពលោក។ ប្រទេស​កម្ពុជា បាន​រង​គ្រោះ​ខ្លាំង​ជាង​គេ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (ASIA PACIFIC) កន្លង​មក​នេះ។

លោក ញឹម វណ្ណដា៖ «ខ្យល់​ព្យុះ​ឥឡូវ​នេះ​វា​អត់​ប្រាប់​មុន​ទេ វា​មក វា​ខ្មៅ​នៅ​លើ ...​វា​មក​ចំ​ត្រង់​ណា​កួច​យក​ផ្ទះ​ត្រង់​ហ្នឹង​តែម្ដង។ ហើយ​ជាមួយ​នោះ ភ្លៀង​មក​ទៀត ហើយ​ភ្លៀង​មក​ទៀត ថែម​ទាំង​រន្ទះ​បាញ់​ទៀត ហើយ​ក្ដៅ​ណាស់​ដល់​ថ្ងៃ​នេះ គឺ​គ្រប់​កន្លែង​ក្ដៅ​ណាស់ ហើយ​ភ្លៀង​មិន​ទៀង​ទាត់។ តាម​ខ្ញុំ​ដឹង​នៅ​តាម​សមុទ្រ និង​ខេត្ត​មួយ​ចំនួន​ជួប​ការ​រាំង​ស្ងួត​ខ្លាំង​ណាស់»

លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម បាន​មាន​ប្រសាសន៍​ថា លោកស្រី​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពង្រឹង​ប្រព័ន្ធ​ការពារ និង​សង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​បាន​ឆាប់​រហ័ស និង​ទាន់​ពេល​វេលា នៅ​គ្រា​ដែល​មាន​គ្រោះ​មហន្តរាយ​គ្រោះ​ធម្មជាតិ និង​ហានិភ័យ ដូច​ជា​ខ្យល់​ព្យុះ និង​ទឹក​ជំនន់​ជាដើម។

ប្រជាពលរដ្ឋ ឈ្មោះ លឹម កាំង អាយុ ៥១​ឆ្នាំ នៅ​ស្រុក​គូលែន​ខាង​ជើង ខេត្ត​ព្រះវិហារ បាន​និយាយ​ថា ប្រជាពលរដ្ឋ​តែង​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ពីព្រោះ​ខ្លាច​រន្ទះ​បាញ់ និង​ខ្យល់​ព្យុះ៖ «ចាស់ ពី​ដើម ពេល​ខ្ញុំ​មិន​ទាន់​កើត​មិន​ដែល​មាន​ភ្លៀង​រន្ទះ​បាញ់​មនុស្ស ហើយ​និង​ខ្យល់​ព្យុះ ដូរ​ធាតុ​អាកាស​មក​ក្ដៅ​ប្រែប្រួល​អ៊ីចឹង អត់​ដែល​មាន​ទេ ទើប​តែ​មក​សម័យ​នេះ​ខ្ញុំ​ឆ្ងល់​បណ្ដោយ។ ខ្ញុំ​សង្ស័យ​ថា មក​ពី​អស់​ព្រៃ​ឈើ ក្រុមហ៊ុន​ចុះ​មក​វា​អស់​រាប់​ម៉ឺន​រាប់​ពាន់​ហិកតារ បាន​វា​ទៅ​ជា​រាល់​ថ្ងៃ វា​ប្រែប្រួល​រាល់​ថ្ងៃ»

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៅ​ក្នុង​រយៈពេល ៣​ខែ ដើម​ឆ្នាំ​២០១២ កន្លង​មក​នេះ បាន​ឲ្យ​ដឹង​ថា រន្ទះ​បាញ់​បាន​សំលាប់​ប្រជាពលរដ្ឋ ៥​នាក់ រង​របួស​ចំនួន ៣​នាក់​ងាប់​ក្របី​ចំនួន ៣​ក្បាល នៅ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង និង​ខេត្ត​កំពត។

នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ រន្ទះបាញ់​បាន​សំលាប់​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៦៥​នាក់។

បេសកជន​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ លោកស្រី ម៉ាហ្គារ៉េតា វ៉ូលស្រ្តម ទទួល​បន្ទុក​កាត់​បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ បាន​ឯកភាព​ថា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​អង្គការ UNDP និង​រដ្ឋាភិបាល​គប្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ឲ្យ​បាន​ជិតស្និទ្ធ ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​ភ្លាមៗ​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​កើត​ឡើង​នៅ​កម្ពុជា៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។