មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ការដែលទំនិញគ្រប់យ៉ាងនៅទីផ្សារឡើងថ្លៃ គឺបណ្តាលមកពី ការធ្វើចរាចរណ៍សាច់ប្រាក់ច្រើន នៅលើទីផ្សារ និងអ្នកវិនិយោគទុន បានបោះទុនទិញអចលនទ្រព្យច្រើនដែរ ។
មានប្រសាសន៍នៅក្នុងការផ្សព្វផ្សាយនូវរបាយការណ៍ ស្តីពីការអង្កេតលើសេដ្ឋកិច្ច និងសង្គមកិច្ច នៃតំបន់ឤស៊ីប៉ាស៊ីហ្វិក របស់អង្គការ ESCAP នៅថ្ងៃទី៨ មេសា អគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ហង្ស ជួនណារ៉ុង ថា ៖ «វិនិយោគទុន មកច្រើនពេក ទិញដីទិញអី ផ្ទះសម្បែងអី យើងមើលកើនឡើងច្រើន... គឺដីក៏កើនឡើង ផ្ទះក៏កើនឡើង ដោយសារតែវិនិយោគហូរមកច្រើនពេក ។ បញ្ហាទីពីរ មកពីលុយហ្នឹង វាចរាចរច្រើនពេក ដោយសារតែ មនុស្សយកលុយដាក់ធនាគារច្រើន ។ យើងមើលឆ្នាំទៅ កំណើនលុយដែលប្រាក់បញ្ញើនៅធនាគារហ្នឹង កើនឡើងខុស សឹង ៧% គឺអត្រាខ្ពស់...» ។
លោកបន្តថា រដ្ឋាភិបាលក៏មានវិធានទប់ស្កាត់ ធ្វើយ៉ាងណាមិនឱ្យរូបិយវត្ថុឡើងខ្ពស់ពេក គឺកាត់បន្ថយចំណាយមិនចាំបាច់ និងដំឡើងប្រាក់បៀវត្សរ៍ ដល់មន្ត្រីរាជការ ២០% និងគ្រោងដំឡើងបន្ថែមទៀត ព្រមទាំងប្រាក់បំណាច់សម្រាប់កូននិងប្រពន្ធ គឺដំឡើង ១០០% ។
ប៉ុន្តែបើតាម អ្នកសេដ្ឋកិច្ច បណ្ឌិត កង ច័ន្ទតារារ័ត្ន ប្រធានវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា មានប្រសាសន៍ថា បើមានអ្នកវិនិយោគទុនច្រើននោះ ការឡើងថ្លៃទំនិញគ្រប់មុខ មិនប្រើរយៈពេលយូរបែបនេះទេ ។
បណ្ឌិត កង ច័ន្ទតារារ័ត្ន បានមានប្រសាសន៍ថា ៖ «ការឡើងថ្លៃដែលឤចកើនឡើង ដោយសារអ្នកវិនិយោគច្រើន លុះត្រាណាតែប្រព័ន្ធផលិតកម្មរបស់យើង ត្រូវប្រើពេញលេញ ។ មកដល់ពេលនេះ ប្រព័ន្ធផលិតកម្មយើង នៅមិនទាន់ប្រើពេញលេញ ដូចយើងក្រឡេកទៅលើ ដីស្រែចម្ការដែលបានទិញសម្រាប់វិនិយោគ យើងឃើញថាមានទំនេរច្រើន ហើយប្រជាជននៅមានការងារធ្វើហ្នឹងតិចតួច អ្នកអត់ការងារធ្វើក៏មានច្រើន ។ ហើយតម្លៃនៃផលិតផលក្នុងស្រុក មានកើនច្រើន ដោយសារបរិមាណដែលយើងផលិតហ្នឹង វាមានតិច ភាគច្រើនយើងនាំចូល ។ មូលហេតុដែលធ្វើឱ្យ អតិផរណាកើតមានឡើង វាជារឿងមួយដោយឡែក» ។
តាមការផ្សព្វផ្សាយនូវរបាយការណ៍ស្តីពី ការអង្កេតលើសេដ្ឋកិច្ច និងសង្គមកិច្ច នៃតំបន់ឤស៊ីប៉ាស៊ីហ្វិច របស់អង្គការ ESCAP បានឱ្យដឹងថា ការឡើងថ្លៃនៃស្បៀងឤហារ នៅឆ្នាំ២០០៧ មួយផ្នែក គឺបណ្តាលមកពីគ្រោះរាំងស្ងួត នៅប្រទេសអូស្ត្រាលី ទឹកជំនន់នៅប្រទេសចិន និងឤកាសធាតុស្ងួតនៅអឺរ៉ុប ។ គេមានសម្ពាធបន្ថែម ដែលបណ្តាលមកពីតម្រូវការចំពោះជីវឥន្ធនៈ ចំពោះដំណើរឆ្ពោះទៅរកជីវឥន្ធនៈ ដែលទំនងជាមិនឤចបញ្ឈប់បាន ។ ចំណែកឯ ការឡើងថ្លៃរូបិយវត្ថុបន្តទៀត ចាប់តាំងពីឆ្នាំ២០០៦ ក្នុងតំបន់បានឡើងថ្លៃធៀបនឹងដុល្លារ ៕
