ប្រពន្ធ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​ធ្វើ​ទារុណកម្ម​កុមារ​ជា​អ្នក​បម្រើ

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កំពុង​ធ្វើការ​តាម​ឃ្លាំ​មើល​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋាភិបាល ចំពោះ​ការ​ធ្វើ​ទារុណកម្ម​របស់​ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​ប៉ូលិស​ក្រសួង​​មហា​ផ្ទៃ ទៅ​លើ​ក្មេង​វ័យ​ជំទង់​២​នាក់ ជា​អ្នក​បម្រើ។

0:00 / 0:00

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ កំពុង​ធ្វើ​ការ​តាម​ដាន​សំណុំ​រឿង​ស្ត្រី​ជា​ប្រពន្ធ​មន្ត្រី​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ ពាក់​ស័ក្ដិ​៤​កន្លះ​ម្នាក់ ជា​ម្ចាស់​ផ្ទះ​ក្នុង​ខណ្ឌ​សែន​សុខ ក្រុង​ភ្នំពេញ ដែល​បាន​ធ្វើ​ទារុណកម្ម​លើ​កុមារ​រង​គ្រោះ​២​នាក់​បង​ប្អូន​ជា​ក្មេង​បម្រើ​ក្នុង​ផ្ទះ។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​លីកាដូ បាន​ឲ្យ​ដឹង​ថា អង្គការ​លីកាដូ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត ធ្វើ​យ៉ាង​ណា​បញ្ជូន​ជន​ប្រព្រឹត្ត​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក​ថា ធ្វើ​ដូច្នេះ​ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ និង​ជៀស​វាង​ការ​ដោះ​លែង និង​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ ៖ «ឥឡូវ​យើង​កំពុង​តែ​ទាក់​ទង​ជាប់ គឺ​យើង​សុំ​ឲ្យ​គេ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បញ្ជូន​អ្នក​ហ្នឹង​ទៅ​តុលាការ​ធ្វើ​ការ​តាម​នីតិ​វិធី ហើយ​យើង​ផ្ដល់​មេធាវី​ជួយ​ជន​រង​គ្រោះ​នៅ​តុលាការ​ជា​បន្ត​ទៀត ពី​ព្រោះ​ជា​អំពើ​អមនុស្សធម៌ ឃោរឃៅ​យង់ឃ្នង ដែល​មិន​ថា​តែ​អង្គការ​សង្គម​ស៊ីវិល​ទេ ទោះបី​ជា​ប្រជា​ពល​រដ្ឋ​ទាំង​អស់ ក៏​លោក​មិន​អាច​ទទួល​យក​បាន​នូវ​អំពើ​ឃោរឃៅ​ទាំង​អស់​នេះ​បាន​ដែរ»

កាល​ពី​ថ្ងៃ​ទី​១៣ សីហា កន្លង​ទៅ​នេះ ប៉ូលិស​បាន​ចាប់​ខ្លួន​ស្ត្រី​ម្ចាស់​ផ្ទះ​ឈ្មោះ សៅ ចន្ធី អាយុ​៤២​ឆ្នាំ មុខ​របរ​ជា​អ្នក​លក់​ចាន​ឆ្នាំង​នៅ​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ដែល​ប្ដី​របស់​គាត់​ឈ្មោះ ម៉ិច ម៉ី អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ពាក់​ស័ក្ដិ​៤​កន្លះ ពី​បទ​ចោទ​ថា បាន​ធ្វើ​ទារុណកម្ម​យុវវ័យ​ឈ្មោះ ឃឹម សា​រ៉ាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ និង​ប្អូន​ស្រី​ឈ្មោះ ឃឹម ស្រី​ម៉ៅ ភេទ​ស្រី អាយុ​១៤​ឆ្នាំ។

ជន​រង​គ្រោះ​បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ថា ពួក​គេ​តែង​តែ​ត្រូវ​ម្ចាស់​ផ្ទះ​ឈ្មោះ សៅ ចន្ធី ជេរ​ប្រមាថ និង​វាយ​តប់​ជា​ញឹក​ញាប់ នៅ​ពេល​ដែល​ធ្វើ​ខុស​ម្ដងៗ ដូច​ជា​យក​កូន​កាំបិត​ស្រួច​មក​ឆូត​លើ​ផ្ទៃ​មុខ​ជា​ដើម ហើយ​កាល​ពី​ថ្ងៃ​ទី​៣ សីហា ស្ត្រី​ម្ចាស់​ផ្ទះ​រូប​នេះ បាន​ជះ​ទឹក​ក្ដៅ​ស្រោច​លើ​ខ្លួន​ក្មេង​ប្រុស​ឈ្មោះ ឃឹម សា រ៉ាយ នាំ​ឲ្យ​រលាក​ស្ទើរ​ពេញ​ដង​ខ្លួន និង​ដៃ ធ្វើ​ឲ្យ​ផ្អើល​ដល់​អ្នក​ជិត​ខាង ហើយ​បែក​ការណ៍​ដឹង​ដល់​អង្គការ​សង្គម​ស៊ីវិល ហើយ​ក៏​បាន​ជួយ​អន្តរាគមន៍។

ទោះ​ជា​យ៉ាង​ណា អធិការ​ខណ្ឌ​សែន​សុខ លោក ម៉ុក ហុង មាន​ប្រសាសន៍​ដោយ​ខ្លី​ថា លោក និង​មន្ត្រី​ក្រោម​ឱវាទ​កំពុង​ចាត់​វិធាន​ទៅ​តាម​ផ្លូវ​ច្បាប់ ៖ «បាទ​ឥឡូវ​យើង​កំពុង​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ហើយ​ហ្នឹង បញ្ជូន​ទៅ​តុលាការ​ហ្នឹង​ហើយ»

មេធាវី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក​ស្រី សន ស៊ូដា​លែន បាន​ថ្លែង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​បង​ប្អូន​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ថែ​ទាំ​បណ្ដោះ​អាសន្ន​របស់​អង្គការ​លីកាដូ ដោយ​សារ​មាន​សំណូមពរ​ពី​ម្ដាយ​របស់​ពួក​គេ ៖ «ពួក​យើង​ស៊ើប​អង្កេត​រឿង​ហ្នឹង​ទៅ​លើ​ការ​អនុវត្តន៍​ច្បាប់ នៅ​លើ​នីតិ​វិធី​ហ្នឹង​ថា​តើ​ប៉ូលិស គេ​នឹង​ធ្វើ​យ៉ាង​ម៉េច​ជា​មួយ​នឹង​ជន​ល្មើស​អ៊ីចឹង ហើយ​ខាង​យើង​ហ្នឹង​ផ្ដល់​សេវា​មេធាវី​ការ​ពារ​ឲ្យ​គាត់ ទាល់​តែ​ថ្ងៃ​ច័ន្ទ​បាន​ខ្ញុំ​បាន​ធ្វើ​ការ​ជា​មួយ​លោក​ព្រះ​រាជ​អាជ្ញាធរ ខ្ញុំ​ចូល​ជួប​គាត់​សុំ​ការ​ពារ​ក្មេង​២​នាក់»

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ មាន​ស្រុក​កំណើត​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ បាន​ស្នាក់​នៅ​ជា​អ្នក​បម្រើ​ស៊ី​ឈ្នួល​នៅ​ផ្ទះ​របស់​ស្ត្រី​រូប​នេះ ដោយ​បាន​កម្រៃ​ក្នុង​១​ខែ ៥​ម៉ឺន​រៀល តាំង​ពី​ឆ្នាំ​២០០៤ និង​ប្អូន​ស្រី​មក​រស់​នៅ​ឆ្នាំ​២០០៧៕