ផ្អែកតាមប្រភពបានឲ្យដឹងថា បើសិនណាក្រុមគ្រួសារប្រជាពលរដ្ឋណាមិនបង់ប្រាក់ឲ្យទេ ក្រុមមន្ត្រីនោះមិនធ្វើប្លង់កម្មសិទ្ធិដីធ្លីនោះឲ្យទេ ដោយយកលេសថាដីនោះមានបញ្ហាឬមិនប្រក្រតី។
ការវាស់វែងដីធ្លីនៅតាមភូមិជូនប្រជាពលរដ្ឋនោះបានធ្វើឡើងរយៈពេលជាងមួយខែមកហើយមកទល់នឹងពេលនេះ។
តំណាងប្រជាពលរដ្ឋរស់នៅក្នុងភូមិតងទ្បងទី២ ឃុំព្រៃខ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង បានត្អូញត្អែរប្រាប់វិទ្យុអាស៊ីសេរីថា នៅក្នុងភូមិរបស់លោកមានប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារត្រូវតែបង់ប្រាក់គ្រប់ៗគ្រួសារទើបមន្ត្រីនោះចេញប្លង់កម្មសិទ្ធិដីធ្លីឲ្យ ៖ «ក្នុងមួយក្បាលដី គេយក១ម៉ឺន ២ម៉ឺន (រៀល) បានគេចុះឈ្មោះឲ្យយើងនៅក្នុងបញ្ជី។ បើយើងមិនឲ្យលុយគេទេ គេថាដីយើងមានបញ្ហា អ៊ីចឹងទេគេអត់ដាក់ឈ្មោះឲ្យយើងទេ»។
តំណាងប្រជាពលរដ្ឋម្នាក់ទៀតបានមានប្រសាសន៍ឲ្យដឹងថា ក្រុមមន្រ្តីសូរិយោដីនោះបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់មុនទើបគេចេញប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ៖ «មិនទាន់បានប្លង់ផង គាត់យកដូចថា មួយប្លង់គាត់យក ១០រៀល (ដុល្លារ) ឬក៏ ៥រៀលអ៊ីចឹង។ ចំពោះខ្ញុំជាអ្នកក្រីក្រហ្នឹងវាធ្ងន់ធ្ងរណាស់»។
មន្រ្តីសូរិយោដីមួយរូបសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍ថា ក្រុមជំនាញរបស់លោកគ្មានការពាក់ព័ន្ធក្នុងការទាមទារប្រាក់ពីប្រជាពលរដ្ឋនោះទេ វាជារឿងរបស់អាជ្ញាធរមូលដ្ឋានភូមិឃុំតែប៉ុណ្ណោះ។
មន្ត្រីដដែលបានឲ្យដឹងថា ៖ «អានេះរឿងវាផ្សេងអ៊ីចេះទេ ដីវាពាក់ព័ន្ធនឹងអាជ្ញាធរទេ ដូចជាដីសកម្មភាពភូមិ ដីអីៗ រឿងអាជ្ញាធរតើ! ខាងជំនាញមិនមានការពាក់ព័ន្ធទេ»។
មិនអាចទាក់ទងសុំសេចក្តីប្រតិកម្មបានភ្លាមៗទេពីក្រុមមន្ត្រីអាជ្ញាធរមូលដ្ឋានជុំវិញការចោទប្រកាន់ខាងលើនេះ។
ទាក់ទងនឹងរឿងអាស្រូវចោទប្រកាន់ខាងលើ ធនាគារពិភពលោកប្រចាំនៅក្នុងប្រទេសកម្ពុជាបានចេញសេចក្តីថែ្លងការណ៍មួយទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបើកកិច្ចស៊ើបអង្កេតហ្មត់ចត់មួយជុំវិញរឿងនេះ។
សូមរំឭកថា ធនាគារពិភពលោកប្រចាំនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០០១កន្លងទៅធ្លាប់បានប្រកាសចាប់ផ្តើមជំនួយថវិកាចំនួនជាង៣៣លានដុល្លារអាមេរិកសម្រាប់រយៈពេល៥ឆ្នាំដល់ប្រទេសកម្ពុជាផ្តោតលើគម្រោងការរៀបចំប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋខ្មែរដើម្បីឲ្យពួកគេមានសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន។ ដោយទ្បែករដ្ឋាភិបាលអាល្លឺម៉ង់នៅពេលនោះក៏បានប្រកាសជំនួយថវិកាចំនួន៣លាន៥សែនដុល្លារអាមេរិកផងដែរគាំទ្រគម្រោងនោះ៕
