ប្រភពពីប្រជាពលរដ្ឋរងគ្រោះកំពុងតែប្រមូលស្នាមផ្តិតមេដៃចំនួនប្រមាណជាង ១០០គ្រួសារហើយ នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ដើម្បីប្តឹងតវ៉ាមកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងធនាគារពិភពលោកនៅក្នុងទីក្រុងភ្នំពេញ ដែលជាម្ចាស់ជំនួយ នាពេលខាងមុខនេះ តវ៉ាអំពីការទារយកពន្ធចំពោះដីធ្លីផេ្ទរឈ្មោះនិងការជំរិតទារប្រាក់ ពី១ម៉ឺនរៀល រហូតដល់ ២០ម៉ឺនរៀល មុននឹងការចេញប្លង់កម្មសិទិ្ធដីធ្លីឲ្យប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋរស់នៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ទី១ ពីរឿងដីដែលបានសន្យាមុនវាស់ថា យកមួយហិកតារ ១ម៉ឺនដល់ចេញប្លន់មកយក ២០ម៉ឺន ហើយទី២ ពីរឿងដីរដ្ឋឲ្យមកគ្រួសារមួយហ្នឹង មានកូនមានអី ហើយកូនមានរបបរដ្ឋឲ្យដែរ តែឪពុកម្ដាយធ្វើប្លង់ជំនួស ដល់យើងធ្វើប្លង់ថ្មី បានន័យថា ឪពុកផ្ទេរសិទ្ធិឲ្យកូនទៅជាជាប់ពន្ធ»។
តំណាងប្រជាពលរដ្ឋម្នាក់ទៀតបានមានប្រសាសន៍ថា ៖ «ប្លង់ដី មិនមែនប្លង់ដីសម្រាប់តែខ្ញុំមួយទេ សូម្បីតែប្លង់ដី...ទាំងមូលដែលពាក់ព័ន្ធនឹងពន្ធដារហ្នឹង ដែលទិញត ឬឪពុកចែកឲ្យ ត្រូវជាប់ពន្ធដារ។ ថាធ្វើមិនឲ្យជាប់ពន្ធ បែរជាជាប់ពន្ធដារ»។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក នូ ម៉ានិត ប្រធានផែ្នកទំនាក់ទំនងសាធារណៈ នៃគម្រោងរៀបចំដែនដីនិងរដ្ឋបាលដីធ្លីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍បំភ្លឺថា ការទាមទារបង់ពន្ធដារលើប្លង់ដីកម្មសិទ្ធិផ្ទេរឈ្មោះនោះ គឺជាគោលការណ៍របស់ក្រសួង ហៅថាពន្ធប្រថាប់ត្រាចំនួន ៤% នៃតម្លៃដីធ្លីនោះ។
លោក នូ ម៉ានិត មានប្រសាសន៍ដូច្នេះថា ៖ «ដីតែមានប្លង់ហើយ ត្រូវផ្ទេរឲ្យអ្នកផ្សេងទៀត គឺត្រូវតែជាប់ពន្ធហើយ ត្រូវតែបង់ពន្ធ។ អាហ្នឹងគេគិតតាមតម្លៃដី គេហៅថា ពន្ធប្រថាប់ត្រា»។
ទាក់ទងនឹងការជំរិតទារប្រាក់ ប្រភពបានបំភ្លឺថា បើសិនណាប្រជាពលរដ្ឋខ្មែរជូនប្រាក់ដល់មន្រ្តីសុរិយោដីដោយស្ម័គ្រចិត្ត គេមិនអាចទាមទារប្រាក់នោះមកវិញបានទេ ប៉ុន្តែបើសិនជាមន្រ្តីសុរិយោដីជំរិតទារប្រាក់ មន្រ្តីនោះត្រូវតែប្រគល់ប្រាក់នោះឲ្យប្រជាពលរដ្ឋវិញ លុះត្រាណាប្រជាពលរដ្ឋមានភស្តុតាង ទើបនឹងងាយដោះស្រាយ។
សូមរំឭកថា ធនាគារពិភពលោកក្នុងប្រទេសកម្ពុជា ជាម្ចាស់ជំនួយជាង ៣៣លានដុល្លារអាមេរិកសម្រាប់រយៈពេល៥ឆ្នាំចំពោះគម្រោងខាងលើនេះ កាលពីថៃ្ងទី១៨ ខែវិច្ឆិកា កន្លងទៅនេះ បានចេញសេចក្តីថែ្លងការណ៍មួយអំពាវនាវសុំឲ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតដោយឯករាជមួយជុំវិញការចោទប្រកាន់ពីប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល និងខេត្តព្រៃវែងថា មានមន្រ្តីសុរិយោដីមួយចំនួនបានប្រព្រឹត្តអំពើពុករលួយជំរិតទារប្រាក់ពីប្រជាពលរដ្ឋ៕
