ផែ្អកតាមឯកសារនៃរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញសូរិយោដីដែលវិទ្យុអាស៊ីសេរីទទួលបានរបាយការណ៍នោះបាននិយាយថា ទាក់ទងនឹងការចោទប្រកាន់ពីអ្នកភូមិនៅភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ថាមានមន្រ្តីសូរិយោដីមួយចំនួនបានតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ជាច្រើនកន្លែងសរុបទាំងអស់ប្រមាណ២០ដុល្លារអាមេរិកជាថ្នូរនឹងការធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនោះ គឺពុំមានការជំរិតទារប្រាក់ដូចការចោទប្រកាន់នោះទេ។
ប៉ុនែ្តគណៈកម្មការស៊ើបអង្កេតនោះបានរកឃើញថា មានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តផ្តល់ប្រាក់រវាងពី៤០០០រៀលរហូតដល់១ម៉ឺនរៀលជាមនោសញ្ចេតនា។
របាយការណ៍ស៊ើបអង្កេតដដែលបានបន្តថា ទាក់ទងនឹងការចោទប្រកាន់ពីប្រជាពលរដ្ឋខែ្មររស់នៅភូមិតងទ្បងទី២ ឃុំព្រៃខ្លា ស្រុកព្រៃវែង ខេត្តព្រៃវែង ការស្រាវជ្រាវបានរកឃើញថាមិនមានបញ្ហាទារប្រាក់កាក់ដូចការចោទប្រកាន់នោះទេ។
មន្រ្តីមួយរូបមានតួនាទីជាប្រធានផែ្នកទំនាក់ទំនងសាធារណៈគម្រោងរៀបចំដែនដីនិងរដ្ឋបាលដីធ្លីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សុំមិនបញ្ចេញឈ្មោះនិងសំឡេងបានឲ្យដឹងថា គម្រោងធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋនោះបានចាប់ផ្ដើមតាំងពីឆ្នាំ២០០២រហូតដល់ឆ្នាំ២០០៧កន្លងទៅក្នុងខេត្តក្រុងចំនួន១១ ហើយមន្ត្រីក្រុមជំនាញបានធ្វើប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋបានចំនួនជាង១លានក្បាលដីហើយមកទល់ពេលនេះ។
ប្រភពដដែលបានបន្តថា គេគ្រោងនឹងបញ្ចប់គម្រោងនោះនៅឆ្នាំ២០០៩ខាងមុខ។ ក្រុមមន្រ្តីជំនាញសូរិយោដីមានចំនួនប្រមាណ៧០០នាក់ដោយបានទទួលរបបជាប្រាក់ខែពីគម្រោងនោះចំនួនប្រមាណ១៥០ដុល្លារអាមេរិកក្នុងម្នាក់ៗជាប្រាក់ឧបត្ថម្ភ។
សូមរំឭកថា សេចក្តីបំភ្លឺរបស់មន្រ្តីជំនាញសូរិយោដីខាងលើបានធ្វើឡើងក្រោយពីមានការចោទប្រកាន់នានាពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាលនិងខេត្តព្រៃវែងថា មានមន្រ្តីសូរិយោដីមួយចំនួនដែលបានចុះធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនោះបានជំរិតទារប្រាក់ពី៥ដុល្លាររហូតដល់២០ដុល្លារអាមេរិក ហើយការិយាល័យធនាគារពិភពលោកប្រចាំក្នុងប្រទេសកម្ពុជាដែលជាម្ចាស់ជំនួយជាង៣៣លានដុល្លារអាមេរិកកាលពីឆ្នាំ២០០១ សម្រាប់រយៈពេល៥ឆ្នាំនោះ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីដើមសប្តាហ៍កន្លងទៅថ្មីៗនេះអំពាវនាវសុំឲ្យរដ្ឋាភិបាលកម្ពុជាបើកកិច្ចស៊ើបអង្កេតប្រកបដោយឯករាជ្យជុំវិញការចោទប្រកាន់ថាមានអំពើពុករលួយ។
លោក សេក បរិសុទ្ធ ប្រធានផែ្នកប្រឆាំងអំពើពុករលួយនៃអង្គការ Pact ប្រចាំក្នុងប្រទេសកម្ពុជា បានអត្ថាធិប្បាយចំពោះការរកឃើញនិងការបដិសេធរបស់មន្ត្រីសូរិយោដីខាងលើនេះថា ៖ «ត្រឹមត្រូវឬមិនត្រឹមត្រូវ ព្រោះយើងមិនមានលទ្ធភាពមើលរបាយការណ៍ហ្នឹងបានច្រើនទេ អ្នកស៊ើបអង្កេតហ្នឹងជាអ្នកអាចពាក់ព័ន្ធដែរ»។
លោកបានបន្តថា ដរាបណាគ្មានការស៊ើបអង្កេតពីស្ថាប័នឯករាជ្យណាមួយលទ្ធផលនៃការស៊ើបអង្កេតដោយឯកតោភាគីខាងលើមិនអាចជឿទុកចិត្តបាននៅទ្បើយ៕
