ឆ្នាំ​២០០៨​នេះ​ផលិតផល​ស្រូវ​នឹង​មាន​បរិមាណ​គ្រប់គ្រាន់

មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប៉ាន់​ប្រមាណ​ថា ផលិតផល​ស្រូវ​រដូវ​វស្សា​សម្រាប់​ឆ្នាំ​២០០៨​នេះ​នឹង​មាន​បរិមាណ​គ្រប់គ្រាន់​ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ចុង​ឆ្នាំ​កាលពី​ពេល​ថ្មីៗ​នេះ ហើយ​កសិករ​ខែ្មរ​កំពុង​តែ​ធ្វើការ​ច្រូត​កាត់​ប្រមូល​ផល​រដូវ​វស្សា​នោះ។

0:00 / 0:00

លោក ម៉ាក់ សឿន អនុ​ប្រធាន​នាយកដ្ឋាន​ផែនការ ស្ថិតិ និង​សហប្រតិបត្តិការ​អន្តរជាតិ របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា នៅ​ឆ្នាំ​២០០៨​នេះ មាន​ការកើនទ្បើង​នៃ​ការធ្វើ​ស្រូវ​រដូវ​វស្សា​រហូត​ដល់​ជាង​២​លាន​២​សែន​ហិកតារ​ច្រើន​ជាង​ឆ្នាំ​២០០៧​កន្លង​ទៅ ដូច្នេះ​លោក​រំពឹង​ថា ផលិតផល​ស្រូវ​រដូវ​វស្សា​ឆ្នាំ​២០០៨​នេះ​នឹង​មាន​ការកើនឡើង​ជាង​ឆ្នាំ​២០០៧​កន្លង​ទៅ​នោះ។

លោក ម៉ាក់ សឿន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បូក​សរុប​យើង​បង្កបង្កើន​ផល​ជាង​២​លាន​២​សែន​ហិកតារ គិត​រដូវ​វស្សា ប្រាំង​អត់​ទាន់​បូក​សរុប។ មើល​អាកាសធាតុ​ដែល​អំណោយ​ផល​ចុង​ឆ្នាំ​ហ្នឹង យើង​សង្ឃឹម​ថា​បាន​អាច​លើស​ឆ្នាំ​ទៅ​មិញ ផ្ទៃ​ដី​បង្កបង្កើន​ផល​លើស​ដែរ យើង​បាន​លើស​ឆ្នាំ​ទៅ​មិញ​ដែរ»

លោក​បាន​ឲ្យ​ដឹង​ថា ផលិតផល​ស្រូវ​កាលពី​ឆ្នាំ​២០០៧​កន្លង​ទៅ គឺ​មាន​ចំនួន​ប្រមាណ​៧​លាន​៦​សែន​តោន​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

ទាក់ទង​នឹង​ស្ថានការណ៍​ធ្វើ​ស្រូវ​រដូវ​វស្សា​ឆ្នាំ​២០០៨​នេះ កសិករ​ឈ្មោះ ជុំ ជួប រស់នៅ​ក្នុង​ភូមិ​ក្តុយ ឃុំ​ស្តើងជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា ស្រូវ​រដូវ​របស់​លោក​ចំនួន​៣​ហិកតារ​បាន​ទទួល​រងគ្រោះ​ការរាំងស្ងួត ហើយ​ក្រោយ​មក​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​រងគ្រោះ​នឹង​ទឹក​ជំនន់​ទៀត​នៅ​ចុង​ឆ្នាំ​២០០៨​នេះ។

លោក ជុំ ជួប បាន​ឲ្យ​ដឹង​ថា ៖ «ស្រែ​ស្រូវ​ខូច​អស់​៧០%​ហើយ... រាំង​ក៏​ខូច ហើយ​ដល់​បាន​តិចតួច​មក ជំនន់​ខូច​បន្តិច​ទៀត ស្រូវ​ខ្ញុំ​៣​ហិកតារ ...អ្នក​ភូមិ​ដទៃ​ទៀត​ក៏​អ៊ីចឹង ខូច​ជាង​២០០​គ្រួសារ»

លោក ភូ ភឿន ជា​មេ​ភូមិ​ក្តុយ ឃុំ​ស្តើងជ័យ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​មាន​ប្រសាសន៍​ថា ៖ «សព្វថ្ងៃ​ហ្នឹង​បើ​និយាយ​ពី​ការព្រួយ​បារម្ភ វា​មាន​ការព្រួយ​បារម្ភ​តាំងពី​ខែ​ដើម​ឆ្នាំ​មក ដោយសារ​ទី​១ គឺ​អំណោយ​ផល​ទឹក​ភ្លៀង​បាន​មិន​ដល់ ហើយ​ទី​២ ប្រជាកសិករ​ហ្នឹង​គាត់​ផលិត​ក្នុង​រដូវ​បង្កបង្កើន​ផល​ហ្នឹង​បាន​តិចតួច​មក ភ្លៀង​ហ្នឹង​វា​រាង​ជ្រមុជ​បន្តិច​មក ដើម​ស្រូវ​វា​ទន់​បន្តិច​ទៅ ហើយ​ភាគ​ច្រើន​គឺ​គាត់​ចេញ​ដំណើរ​ទៅ​ប្រកប​មុខរបរ​រក​ទទួល​ទាន​នៅ​ភូមិ​ក្រៅ​ឆ្ងាយៗ​ហ្នឹង​ភាគ​ច្រើន»

សូម​រំឭក​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​៣៥​លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​ជា​ស្បៀង​អង្ករ​សង្រ្គោះ​បន្ទាន់​ចែក​ជូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ដែល​គ្មាន​ដី​ស្រែ​ចម្ការ គ្រួសារ​ជន​ពិការ អ្នក​មាន​ជំងឺ​រ៉ាំរ៉ៃ មនុស្ស​គ្មាន​ទីពឹង ជា​ច្រើន​ពាន់​គ្រួសារ នៅ​ក្នុង​ខេត្ត​ចំនួន​៧​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​សម្រាប់​រយៈពេល​បី​ឆ្នាំ​ចាប់​ពី​ឆ្នាំ​២០០៨​រហូត​ដល់​ឆ្នាំ​២០១១៕