លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអាទិត្យ ទី៧ ខែកញ្ញា ឆ្នាំ២០០៨ ៖ «បញ្ហាទឹកជំនន់នៅពេលនេះ យើងមិនមានការព្រួយបារម្ភខ្លាំងក្លាពេកទេ យើងព្រួយបារម្ភខ្លាំងនៅពេលនេះ មុខសញ្ញាមួយ គឺការរាំងស្ងួត»។
តាមរយៈការផ្សាយពីស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក បានឲ្យដឹងថា ដីស្រែមួយចំនួន កំពុងខ្វះទឹកនាំឲ្យសំណាបក្រៀមងាប់។ ហើយរដ្ឋមន្រ្តីក្រសួងកសិកម្ម បានចុះជួយបូមទឹកស្រោចស្រពស្រូវនិងសំណាបដែលក្រៀមនោះ នៅស្រុកខ្លះនៃខេត្តកំពង់ស្ពឺ តាកែវ ព្រៃវែង និងស្វាយរៀង ជាដើម។ មិនតែប៉ុណ្ណោះ លោកបានចែកគ្រាប់ពូជស្រូវជូនកសិករ។ ហើយបានអប់រំណែនាំកសិករ ឲ្យដំាស្រូវស្រាល ដើម្បីឆាប់បានផលដោះស្រាយបញ្ហាស្បៀង។
រីឯទំហំនៃការខូចខាតទាំងទឹកជំនន់និងរាំងស្ងួត មិនត្រូវបានឲ្យដឹង ពីមន្រ្តីនៃក្រសួងពាក់ព័ន្ធឡើយ ប៉ុន្តែមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា គ្រោះមហន្តរាយទឹកជំនន់ និងខ្យល់ព្យុះ រហូតមកទល់បច្ចុប្បន្ន បើប្រៀបធៀបឆ្នាំមុន ឆ្នាំនេះគ្រោះមហន្តរាយតិចតួចជាងឆ្នាំមុន។ ឯតួលេខមិនទាន់បានស្រង់បូកសរុបនិងវាយតម្លៃការខូចខាតនៅឡើយ។
ចំណែករដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ លោក លឺ ឡាយស្រេង មានប្រសាសន៍ថា លោកបារម្ភពីគ្រោះមហន្តរាយរាំងស្ងួត ដោយបច្ចុប្បន្នអាងស្តុកទឹកនៅតាមជនបទ មានទឹកដក់ អាចប្រើប្រាស់បាន តែប្រមាណ២៥%។ ទឹកនោះ ប្រើប្រាស់ក្នុងរយៈពេល៣ខែ វានឹងស្ងួតរីងអស់ទៅតាមការផ្លាស់ប្តូរធាតុអាកាស ដែលកំពុងតែក្តៅខ្លាំងនេះ។
លោកថា ប្រសិនបើគម្រោងស្តារស្រះនិងបឹង មិនអាចមានថវិកាគ្រប់គ្រាន់ក្នុងការជួយអភិវឌ្ឍប្រទេសទេនោះ ការខ្វះទឹកនៅតាមជនបទនឹងកើនឡើង។
រីឯលោកអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា មានប្រសាសន៍ថា ថ្វីត្បិតតែបច្ចុប្បន្ន ភាពរាំងស្ងួតមិនទាន់កើតមានទូទាំងប្រទេស ប៉ុន្តែការរៀបចំត្រៀមជួយសង្រ្គោះដល់ប្រជាកសិករនោះ គឺក្រសួងកសិកម្ម នឹងត្រៀមចែកជូនស្រូវពូជ។ ឯក្រសួងធនធានទឹកនិងជួយបង្ហូរទឹក ពីទំនប់ដែលត្រៀមទុក បើក ឬបូម ជួយសង្រ្គោះស្រូវរបស់ប្រជាកសិករ ដែលជួបគ្រោះរាំងស្ងួតនោះ។
ឯគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងធ្វើរបាយការណ៍បញ្ជូនទៅរដ្ឋាភិបាល៕
