បំរាម​ផ្អាក​ការរៀបការ​រវាង​ស្ត្រី​ខ្មែរ​និង​ជន​បរទេស​មិន​ទាន់​ក្លាយ​ជា​អចិន្ត្រៃយ៍​ទេ

មន្រ្តី​ជាន់ខ្ពស់​របស់​ក្រសួង​មហាផ្ទៃ​ប្រទេស​កម្ពុជា​ដែល​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ ផែ្អក​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​គេ​នៅ​មិន​ទាន់​បាន​យល់ព្រម​ឲ្យ​មាន​ការដាក់​បំរាម​របស់​រដ្ឋាភិបាល​ជា​អចិន្រ្តៃយ៍​នៅ​ទ្បើយ​ទេ ក្នុង​ការផ្អាក​ការរៀប​អាពាហ៍​ពិពាហ៍​រវាង​ស្រ្តី​ខែ្មរ​ជាមួយ​នឹង​ជន​បរទេស​នោះ ។

លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ​នៃ​ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថៃ្ង​សុក្រ​នេះ​ថា ៖ «អនុក្រឹត្យ​ព្រាង​ហើយ​ប៉ុន្តែ​មិន​ទាន់​បាន​ឯកភាព​គ្នា មិន​ទាន់​ដាក់​ប្រជុំ​អន្តរ​ក្រសួង​នៅ​ឡើយ​ទេ ។ ក្រសួង​ពាក់ព័ន្ធ​មាន​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី ក្រសួង​ការ​បរទេស ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ ។ ព្រាង​ដើម្បី​ដាក់ជូន​ទៅ​រាជ​រដ្ឋាភិបាល​សម្រេច ។ និយាយ​រួម​ក្រុម​ជំនាញ​ដែល​យើង​ធ្វើ​ហ្នឹង​គឺ​ជំនាញ​របស់​ក្រសួង​មហាផ្ទៃ និយាយ​អំពី​នីតិ​វិធី​នៃ​ការធ្វើ​គឺ​ធ្វើ​យ៉ាងម៉េច ហើយ​និង​លក្ខខណ្ឌ​ចំពោះ​ជនជាតិ​ខ្មែរ​យើង​ត្រូវ​មាន​លក្ខខណ្ឌ​អី ហើយ​ជន​ជាតិ​បរទេស​ត្រូវ​មាន​លក្ខខណ្ឌ​អី​ខ្លះ»

លោក​បាន​បញ្ជាក់​ថា​ដរាបណា​អនុក្រឹត្យ​នៃ​ការផ្អាក​ជា​អចិន្រៃ្តយ៍​មិន​ទាន់​បាន​ប្រកាស​នៅឡើយ ដរាប​នោះ​ការផ្អាក​ជា​បណ្តោះអាសន្ន​នៃ​អាពាហ៍​ពិពាហ៍​រវាង​ស្រ្តី​ខែ្មរ​ជាមួយ​ជន​បរទេស​កំពុងតែ​ស្ថិត​នៅ​ជា​ធរមាន​ជា​ដដែល ។

លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ប្រតិកម្ម​ថា ៖ «ខ្ញុំ​សោកស្ដាយ​ណាស់​បើ​ទៅ​ជា​អចិន្ត្រៃយ៍​គឺ​ជា​ការមិន​ល្អ​មួយ​សម្រាប់​សិទ្ធិ​របស់​ស្ត្រី ព្រោះ​នេះ​ជា​ការរំលោភ​សិទ្ធិ​របស់​ស្រ្តី​ហើយ ។ ស្ត្រី​មាន​សិទ្ធិ​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​បុរស​ណា យើង​អត់​ត្រូវ​រើសអើង​ពី​សាសនា​ឬ​ពី​សញ្ជាតិ​របស់​បុរស​នោះ​ទេ ។ ម៉្យាងទៀត​ខ្ញុំ​យល់ឃើញ​ថា​រដ្ឋាភិបាល​លោក​ចង់​ផ្អាក​ហ្នឹង​ដើម្បី​ទប់ស្កាត់​ការជួញដូរ​ស្ត្រី ខ្ញុំ​យល់ ប៉ុន្តែ​នេះ​មិនមែន​ជា​មធ្យោបាយ​ល្អ​ទេ​សម្រាប់​ទប់ស្កាត់​នឹង​អំពើ​ជួញដូរ​ស្ត្រី​ទៅ​បរទេស យើង​អាច​រក​មធ្យោបាយ​ផ្សេងៗ​ទៀត​ធ្វើ​បាន ។ បើ​ផ្អាក​ជា​បណ្ដោះអាសន្ន​ហើយ​លែង​ផ្អាក​វិញ​ជា​ការត្រឹមត្រូវ ព្រោះ​យើង​អាច​ផ្សព្វផ្សាយ​ឲ្យ​ស្ត្រី​ហ្នឹង​ប្រុង​ប្រយ័ត្ន»

លោកស្រី​បាន​បន្ទោស​ទៅ​លើ​បញ្ហា​នៃ​ភាព​ក្រីក្រ​និង​បញ្ហា​គ្មាន​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​ខ្មែរ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ខែ្មរ​មួយចំនួន​ធ្វើការ​ជ្រើសរើស​យក​អាពាហ៍​ពិពាហ៍​ជាមួយ​នឹង​ជន​បរទេស​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​របស់​ខ្លួន​ល្អ​ប្រសើរ​ឡើង ។

សូម​រំឮក​ថា​ក្រសួង​មហាផ្ទៃ​នៃ​ប្រទេស​កម្ពុជា កាលពី​ថៃ្ង​ទី​២៩ ខែ​មីនា​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការអនុញ្ញាត​នានា​នៃ​អាពាហ៍​ពិពាហ៍​រវាង​ប្រជាពលរដ្ឋ​ខែ្មរ​ជាមួយ​នឹង​ជន​បរទេស ដោយ​មាន​ហេតុផល​ថា​អាពាហ៍​ពិពាហ៍​កន្លង​មក​គឺ​ជា​អាពាហ៍​ពិពាហ៍​ក្លែងក្លាយ បោក​បញ្ឆោត និង​មាន​អ្នក​រត់ការ​ជា​ខែ្ស​បណ្តាញ​ឬ​ក្រុមហ៊ុន​អាជីវកម្ម ដើម្បី​យក​ស្រ្តី​ខែ្មរ​ទៅ​បម្រើ​តាម​ផ្ទះ​ឬ​លក់​ទៅ​ឲ្យ​មេ​បន​បម្រើ​ផ្លូវ​ភេទ ។

ប្រភពពី​អង្គការ​សិទ្ធិ​មនុស្ស​មួយចំនួន​ដែល​បាន​តាមដាន​អំពី​ករណី​នេះ​បាន​ឲ្យ​ដឹង​ថា ស្រ្តី​ខែ្មរ​ភាគ​ច្រើន​ត្រូវ​បាន​គេ​រៀបការ​នាំ​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ច្រើន​ជាង​កោះ​តៃវ៉ាន់ ហើយ​ស្រ្តី​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​ផ្លូវ​ភេទ និង​រង​ការធ្វើ​ទារុណកម្ម​នានា ភាគតិច​ណាស់​ត្រូវ​បាន​គេ​ដឹងឮ​និង​ត្រូវ​បាន​ជួយ​សង្រ្គោះ​មក​កម្ពុជា​វិញ ៕