មន្ត្រីតំណាងអង្គការសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពធនធានរ៉ែ និងមន្ត្រីតំណាងអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាពនៅកម្ពុជា នៅថ្ងៃទី២៦ ខែតុលា បានទទូចសុំឲ្យរដ្ឋាភិបាលគ្រប់គ្រងប្រាក់ចំណូលពីធនធានប្រេង និងរ៉ែ ឲ្យមានប្រសិទ្ធភាព តម្លាភាព និងជៀសវាងអំពើពុករលួយនៅគ្រាដែលក្រុមហ៊ុនរុករកប្រេងរបស់សហរដ្ឋអាមេរិក ឈ្មោះ សឺវរ៉ុន (Chevron) មានផែនការបូមយកប្រេងនៅថ្ងៃអនាគត។
ប្រភពអ្នកសិក្សាស្រាវជ្រាវ បានឲ្យដឹងថា ក្រុមហ៊ុន សឺវរ៉ុន នោះ បានសម្រេចពន្យារពេលបូមយកប្រេងនៅបាតសមុទ្រកម្ពុជា នៅខេត្តព្រះសីហនុ នៅប្លុកអេ (Block A) រហូតដល់ឆ្នាំ២០១៦ ដោយសារតែកម្ពុជា កំពុងតែធ្វើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលប្រេង និងឧស្ម័ននៅឡើយ។ មួយវិញទៀត ក្រុមហ៊ុន សឺវរ៉ុន និងរដ្ឋាភិបាលកម្ពុជា មិនទាន់បានចុះហត្ថលេខាស្ដីពីការធ្វើអាជីវកម្មប្រេងនៅឡើយ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនកំពុងតែស្ថិតនៅក្នុងដំណើរការរុករកប្រេងនៅឡើយ។
ប្រភពបានឲ្យដឹងទៀតថា ភាគីក្រុមហ៊ុន និងរដ្ឋាភិបាលកម្ពុជា មិនទាន់បានចរចាគ្នាផ្ដោតលើការបែងចែកប្រាក់ចំណូល និងប្រាក់ចំណេញពីធនធានប្រេងនោះនៅឡើយដែរ។ កន្លងមក ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានប្រកាសថា ក្រុមហ៊ុន សឺវរ៉ុន គ្រោងបូមយកដំណក់ប្រេងដំបូងនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ នៅវេលាម៉ោង ១២។
នាយកអង្គការសម្ព័ន្ធភាពកម្ពុជា ដើម្បីតម្លាភាពធនធានរ៉ែនៅកម្ពុជា លោក ឆាយ សារ៉ាត ដែលបានសិក្សាស្រាវជ្រាវកន្លងមកស្ដីពីការធ្វើអាជីវកម្មប្រេង និងរ៉ែនោះ បានមានប្រសាសន៍ថា ការគ្រប់គ្រងប្រាក់ចំណូលពីធនធានប្រេង និងរ៉ែ គឺជាការចាំបាច់ណាស់ មិនឲ្យមានអំពើពុករលួយ៖ «ព្រោះថា មានមនុស្សប៉ុន្មាននាក់នៅតុចរចា? អត់មានច្រើនទេ អីចឹងហើយលទ្ធភាពនៃអំពើពុករលួយក៏វាខ្ពស់ដែរ។ ក្រុមហ៊ុនគាត់អត់ខ្លាចចំណាយលុយផ្តល់ឲ្យទៅមន្ត្រីរដ្ឋាភិបាលម្នាក់ ១លាន ២លាន (ដុល្លារអាមេរិក) ដោយសារតែបើសិនជា ១លាន ឬ២លាន (ដុល្លារអាមេរិក) ផ្លាស់ប្ដូរនូវលក្ខខ័ណ្ឌក្នុងកិច្ចសន្យាណាមួយបន្តិចបន្តួចរយៈពេល ៣០ឆ្នាំ បើសិនជាគុណមើលទៅ គាត់បានចំណេញដោយស្រួល អីចឹងគាត់អត់ខ្លាចអីនឹងឲ្យទេ»។
ចំណែកឯអ្នកសម្របសម្រួលនៃអង្គការភាពជាដៃគូក្នុងសកម្មភាពនៅកម្ពុជា ផ្ដោតលើផលប៉ះពាល់លើបរិស្ថាន និងឧស្សាហកម្ម លោក ធី ទ្រី បានមានប្រសាសន៍ថា កន្លងមករដ្ឋាភិបាលបានផ្តល់ព័ត៌មានតិចតួចណាស់អំពីការធ្វើអាជីវកម្មរុករកប្រេង និងរ៉ែនៅកម្ពុជា គឺបានបង្កឲ្យមានជម្លោះជាច្រើននៅក្នុងសហគមន៍ និងជម្លោះរវាងសហគមន៍ជាមួយក្រុមហ៊ុន៖ «ឆ្នាំ២០១៦ ជាឆ្នាំមួយដែលអាចមានដំណក់ប្រេង ប៉ុន្តែបើយើងក្រឡេកទៅលើបទដ្ឋានគតិយុត្តិវិញ វាជារឿងមួយប្រឈមនៅក្នុងខណៈពេលដែលមានការអភិវឌ្ឍក្នុងវិស័យធនធានរ៉ែ និងធនធានប្រេងហ្នឹង ហើយយើងអត់មានច្បាប់ស្តីអំពីការគ្រប់គ្រងទៅលើវិស័យហ្នឹង ក៏ដូចជាច្បាប់នៃការទារពន្ធអំពីវិស័យរ៉ែនេះ»។
មន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងមន្ត្រីមកពីអាជ្ញាធរជាតិប្រេងកាតកម្ពុជា មិនបានមកចូលរួមក្នុងកិច្ចពិភាក្សានេះទេ ប៉ុន្តែអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការព្រួយបារម្ភនេះ ប៉ុន្តែរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហានេះដែរ៖ «ដូច្នេះ ការសម្របសម្រួលទាំងអស់ហ្នឹង និងការប្រយ័ត្នប្រយែងរបស់រាជរដ្ឋាភិបាល គឺឆ្លើយតបនឹងតម្លាភាព ឆ្លើយតបនឹងចំណូលក្នុងស្រុកហ្នឹង។ រាជរដ្ឋាភិបាលពិនិត្យខ្ពស់ណាស់ ពីព្រោះ សម្ដេច ហ៊ុន សែន តែងតែមានមហិច្ឆតាមួយថា លោកមិនចង់ឲ្យប្រទេសយើងក្រីក្រ លោកចង់ឲ្យជាប្រទេសមួយដែលអាចមានលទ្ធភាពផ្តល់ជំនួយដល់ប្រទេសដទៃទៀត»។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានឲ្យដឹងថា អង្គការរូបិយវត្ថុអន្តរជាតិ អាយ.អ៊ឹម.អែហ្វ (IMF=International Monetary Fund) បានព្យាករណ៍ថា ប្រាក់ចំណូលពីធនធានប្រេងនៅកម្ពុជា ចាប់ពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២១ គឺមានចំនួនរវាងពី ១៦៨លានដុល្លារអាមេរិក ដល់ ១.៧០០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
អ្នកសិក្សាស្រាវជ្រាវបានបន្តថា ក្រុមហ៊ុន សឺវរ៉ុន អាចបូមយកប្រេងចំនួន ២ម៉ឺនបារ៉ែល ក្នុង១ថ្ងៃ សម្រាប់រយៈពេល ៣០ឆ្នាំ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណចំនួន ១៦២អាជ្ញាប័ណ្ណ ឲ្យទៅក្រុមហ៊ុនឯកជនរុករកប្រេង និងរ៉ែនៅកម្ពុជា ចំនួន ២៦តំបន់ រាប់ទាំងដែនទឹក និងដែនគោក ក្នុងនោះមានក្រុមហ៊ុនវៀតណាម ក្រុមហ៊ុនចិន និងប្រទេសដទៃទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
