ប្រាក់​ចំណូល​ពី​ប្រេង​អាច​បង្ក​ភាព​វឹកវរ​ដល់​កម្ពុជា

ក្រុម​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បង្ហាញ​ពី​តម្លាភាព និង​គណេយ្យភាព​នៃ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​វិស័យ​ប្រេង​របស់​ខ្លួន​នា​ពេល​ខាង​មុខ។

0:00 / 0:00

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​នៅ​កម្ពុជា​ទាំង​នេះ និយាយ​ថា ការ​ចាត់ចែង​ចំណូល​ថវិកា​រដ្ឋ​ដោយ​តម្លាភាព​គ្មាន​ការ​លាក់លៀម​ជា​កត្តា​សំខាន់​ណាស់​សម្រាប់​កសាង​ទំនុក​ចិត្ត​ពី​ប្រជារាស្ត្រ និង​ដើម្បី​ឲ្យ​កម្ពុជា គេច​ផុត​ពី​បណ្ដាសា​ប្រេង​ដូច​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក។

ងើប​ចេញ​ពី​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍ និង​សង្គ្រាម​ស៊ីវិល​កម្ពុជា បាន​រក​ឃើញ​អណ្ដូង​ប្រេង​ក្នុង​ឈូង​សមុទ្រ​របស់​ខ្លួន​ដែល​សាធារណជន​សង្ឃឹម​ថា នឹង​អាច​ជួយ​ដល់​ការ​អភិវឌ្ឍ​ប្រទេស​បាន​យ៉ាង​ឆាប់​រហ័ស ប៉ុន្តែ​ទស្សនៈ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ធនធាន​ធម្មជាតិ​ទាំង​នោះ​អាច​ជា​ប្រភព​បាតុភូត​មួយ​អាក្រក់ ជា​ការ​ដាក់​បណ្ដាសា បង្ក​ភាព​វឹកវរ និង​ការ​បង្ហូរ​ឈាម​ខ្មែរ​គ្នា​ឯង​ម្ដង​ទៀត ប្រសិន​បើ​ការ​គ្រប់គ្រង និង​ការ​ចាត់ចែង​ចំណូល​ថវិកា​ពី​ប្រេង​នេះ​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ។

កាសែត Guardia របស់​ប្រទេស​អង់គ្លេស​មួយ បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ ទី​២១ មិថុនា ថា កម្ពុជា​សង្ឃឹម​តំណក់​ប្រេង​ដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ​២០១២ ខណៈ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា កម្ពុជា​អាច​ដូចជា​ប្រទេស​នីហ្សេរីយ៉ា ដែល​ផលិតផល​ប្រេង​នៅ​ទី​នោះ​បាន​បណ្ដាល​ឲ្យ​មាន​អំពើ​ពុករលួយ​យ៉ាង​ខ្លាំងក្លា និង​ការ​បំផ្លាញ​ដល់​បរិស្ថាន​យ៉ាង​ធ្ងន់ធ្ងរ។

នៅ​កម្ពុជា​វិញ អង្គការ​ឃ្លាំមើល​បរិស្ថាន​ពិភពលោក Global Witness កាល​ពី​ឆ្នាំ​២០០៩ រាយការណ៍​ថា អាជ្ញាប័ណ្ណ​រុករក​រ៉ែ​ប្រេង​ត្រូវ​បាន​ផ្ដល់​យ៉ាង​សម្ងាត់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ដែល​ម្ចាស់​ក្រុមហ៊ុន​ទាំង​នោះ​ជា​ក្រុម​អ្នក​នយោបាយ​កាន់​កំណាច​ធំៗ និង​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់។ ចាប់​តាំង​ពី​ពេល​នោះ​មក សាធារណជន​មិន​ត្រូវ​បាន​គេ​ប្រឹក្សា​យោបល់​អ្វី​ឡើយ​អំពី​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការ​រុករក​ធនធាន​ធម្មជាតិ។

កាសែត​ដដែល​បាន​បន្ត​ថា បញ្ហា​ខ្វះ​តម្លៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មិន​មែន​ជា​ការ​ភ្ញាក់ផ្អើល​ទេ ខណៈ​មេដឹកនាំ​នៃ​ប្រទេស​នេះ​កាន់​អំណាច​ជិត​បី​ទសវត្ស​មក​ហើយ​នោះ។ ប៉ុន្តែ​បើ​ទោះ​ជា​មាន​ការ​លំបាក​យ៉ាង​នេះ​ក្ដី អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​នៅ​តាម​មូលដ្ឋាន​កំពុង​ជំរុញ​ការ​គ្រប់គ្រង​ប្រេង​របស់​កម្ពុជា ឲ្យ​មាន​តម្លាភាព​ដល់​ប្រជាពលរដ្ឋ​ចំពោះ​លទ្ធផល​នៃ​ប្រាក់​ចំណូល​ពី​វិស័យ​ប្រេង​នៅ​ពេល​អនាគត ហើយ​ក្រុមហ៊ុន​ប្រេង​ទាំង​ឡាយ​ក៏​ត្រូវ​មាន​គណេយ្យភាព ឬ​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​សកម្មភាព​របស់​ពួកគេ​ផង​ដែរ ប្រសិន​បើ​ពួកគេ​ចង់​ឃើញ​កម្ពុជា មាន​ការ​អភិវឌ្ឍ​ដ៏​ល្អ​ប្រសើរ​មែន​នោះ។

អង្គការ​តម្លាភាព​នៃ​ចំណូល​ពី​ធនធាន​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​ពិភាក្សា​ដោយ​ចំហ​ជា​សាធារណៈ និង​ការ​ទទួល​បាន​ព័ត៌មាន​នឹង​ជួយ​ដល់​ពលរដ្ឋ​កម្ពុជា គ្រប់​រូប​អាច​ទទួល​បាន​ព័ត៌មាន​ពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​របស់​ក្រុមហ៊ុន និង​ព័ត៌មាន​ពី​ហិរញ្ញវត្ថុ។ បញ្ហា​នេះ​អាច​ផ្ដល់​លទ្ធភាព​ដល់​ពួកគេ​ឲ្យ​មាន​ការ​ចូលរួម​ពិភាក្សា​ថា តើ​ប្រាក់​ចំណូល​ទាំង​នោះ​គួរ​ត្រូវ​បាន​ប្រើប្រាស់ ហើយ​ប្រភេទ​នៃ​ការ​គម្រោង​អភិវឌ្ឍន៍​របៀប​ណា​ដែល​ជា​បញ្ហា​សម្រាប់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​ឃើញ​មាន​ពន្លឺ​នៃ​ក្ដី​សង្ឃឹម​ខ្លះៗ​ដែរ ខណៈ​ការ​បង្ហាញ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តាម​រយៈ​គេហទំព័រ​របស់​ខ្លួន​អំពី​ព័ត៌មាន​នៃ​ប្រាក់​ចំណូល​ពី​ការ​ជួល​ដី​សម្បទាន​ដែល​ខ្លួន​ទទួល​បាន​ពី​ការ​ប្រើប្រាស់​ដីធ្លី​សម្រាប់​ឧស្សាហកម្ម​រុករក​រ៉ែ​នោះ។

អង្គការ​តម្លាភាព​នៃ​ចំណូល​ពី​ធនធាន​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា នេះ​ជា​ជំហាន​ដ៏​សំខាន់​ក្នុង​ទិស​ដៅ​ដ៏​ត្រឹមត្រូវ​មួយ៕