មន្ត្រីផ្នែករបាំបូរាណក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលរស់នៅសំណង់ប៊ូឌិញស លោកស្រី ថារី អះអាងថា អគារនេះសង់សម័យសង្គមរាស្ត្រនិយម។ អគារនេះរឹងមាំជាងអគារនៅជុំវិញផ្សារថ្មី ផ្សារចាស់ និងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ដែលបានសង់ក្នុងសម័យបារាំងគ្របគ្រងប្រទេសកម្ពុជា។
លោកស្រីបារម្ភថា ដោយសំអាងអគារទ្រុឌទ្រោមសាលាក្រុង អាចឲ្យពួកគាត់ចេញពីអគារដោយគ្មានសំណង ឬសំណងមិនសមរម្យ ៖ «វាទ្រុឌទ្រោមឯណាដូចពាក្យគេនិយាយ។ មិនអាចអ៊ីចឹងទេ ព្រោះខ្ញុំនៅយូរឆ្នាំមកហើយ។ បើគេដេញពួកខ្ញុំ ឲ្យលុយតិច ប្រហែលជាមិនអាចចេញទៅទេ ព្រោះតែមិនអាចទិញផ្ទះបាននៅផង»។
ការអះអាងនេះ បានធ្វើឡើងក្រោយពីសាលារាជធានីភ្នំពេញ កាលពីថ្មីៗនេះ បានជូនដំណឹងថា សំណង់ប៊ូឌីញស មានសភាពចាស់ទ្រុឌទ្រោម ដើម្បីជៀសវាងគ្រោះថ្នាក់ សាលារាជធានីភ្នំពេញ សូមបង្គាប់ប្រជាជនទាំងអស់ដែលកំពុងរស់នៅក្នុងសំណង់ប៊ូឌិញសនេះ ឈប់ជួសជុល ឬសង់សំណងបន្ថែមលើអគារដែលមានស្រាប់ បើគ្មានការអនុញ្ញាតពីមន្ត្រីជំនាញ។
មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ធ្វើការវាយតម្លៃទៅលើអគារនោះហើយ ប៉ុន្តែលទ្ធផលយ៉ាងណានៅមិនទាន់ដឹងនៅឡើយទេ។
តំណាងសហគមន៍ប៊ូឌិញស លោក ចំរើន បានឲ្យដឹងថា ការប្រកាសនោះ ព្រោះតែសាលារាជធានីភ្នំពេញ បានបណ្ដេញអ្នករស់នៅជុំវិញសំណង់ប៊ូឌិញស ដូចជាសំបុកចាប ដីក្រហមចេញអស់ហើយ។ នៅសល់តែសំណង់អគារប៊ូឌិញសនេះ វានៅចំកន្លែងដែលគេចង់ដេញបន្តទៀត។
លោកបន្តថា ប្រសិនបើសាលារាជធានីវាយតម្លៃថា សំណង់ប៊ូឌិញសនេះចាស់ខ្លាំង គឺអាចចរចាទិញក្នុងតម្លៃយល់ព្រមលក់តាមគ្រួសារមួយៗ ដែលសរុបប្រមាណ ៧០០គ្រួសារ កំពុងរស់នៅក្នុងអគារនេះ។
លោក ចំរើន បន្តថា ៖ «ព្រោះខ្ញុំសុទ្ធតែជាអ្នកសិល្បៈ ព្រោះគ្មានសមត្ថភាពឯណា មានលុយទៅទិញផ្ទះអីទាំងម៉ឺនដូចគេទេ ហើយបើគេដោះដូរឲ្យខ្ញុំទៅនៅដូចពួកសំបុកចាបនោះ ក៏ខ្ញុំអត់អាចទៅនៅបានដែរ ព្រោះអគារនេះមិនមែនពួកខ្ញុំមកនៅអនាធិបតេយ្យទេ។ អគារនេះអត់ចាស់ជ្រុលទេ»។
លោកស្រី ហុច នៅផ្នែករបាំបូរាណឲ្យដឹងថា ដើមដំបូងនៃការចូលមករស់នៅក្នុងសំណង់ប៊ូឌិញស គឺចាប់ពីឆ្នាំ១៩៨០មក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រមូលផ្ដុំមន្ត្រីសិល្បៈរបាំ និងសៀកជាដើម ឲ្យរស់នៅផ្ដុំគ្នាក្នុងប៊ូឌិញប្រផេះ និងប៊ូឌិញស ដើម្បីងាយចាត់ចែងការងារសិល្បៈ។ ប្រសិនបើរដ្ឋចង់អភិវឌ្ឍប៊ូឌិញស ពួកគាត់មិនជំទាស់ទេ ប៉ុន្តែសុំផ្ទះរស់នៅក្នុងទីក្រុង ដែលមិននៅជាយក្រុងដូចសហគមន៍សំបុកចាប និងដីក្រហម ដែលឲ្យទៅរស់នៅដល់ខណ្ឌដង្កោ និងខេត្តកណ្ដាល។
កញ្ញា គុជ ដែលរស់នៅក្នុងសំណង់ប៊ូឌិញសអគារខាងជើង អះអាងថា ថ្វីត្បិតតែខាងក្រៅអគារមានកន្លែងខ្លះប្រេះ ប៉ុន្តែវាមិនទាន់អាចបង្កគ្រោះថ្នាក់ទេ។
សម្ព័ន្ធក្រុមការងារសិទ្ធិលំនៅឋាន លោក សៀរ ភារម្យ បានឲ្យដឹងថា នៅជុំវិញសំណង់ប៊ូឌិញសនេះ មានសហគមន៍សំបុកចាប សហគមន៍ដីក្រហម សាលារាជធានីឲ្យពលរដ្ឋច្រើនពាន់គ្រួសារចាកចេញពីផ្ទះដោយគ្មានសំណងសមរម្យ ក្រោមកិច្ចអភិវឌ្ឍទីក្រុង។ បច្ចុប្បន្នសាលារាជធានីបានបង្ហាញថា មានសហគមន៍ចំនួន ៧ទៀតកំពុងប្រឈមនឹងគម្រោងអភិវឌ្ឍន៍ទីក្រុងនេះ មានដូចជាសហគមន៍ប៊ូឌិញស សហគមន៍វត្តប្រយូវង្ស សហគមន៍ក្រោយបុរីចំការមន សហគមន៍ក្រោយក្រសួងកសិកម្ម សហគមន៍វត្តកែវព្រះភ្លើង សហគមន៍ T85 និងសហគមន៍ T88 នៅចំពីមុខក្រសួងកសិកម្ម៕
