ចាប់តាំងពីសមាគមមនុស្សចាស់ ផ្សារដើមថ្កូវ នៅក្នុងក្រុងភ្នំពេញ បង្កើតឡើងនៅឆ្នាំ២០១០ មក បច្ចុប្បន្នសមាគមនេះមានសមាជិកជិត ៥០០នាក់ហើយបានចូលរួម។
លោក សុក កូ ជាប្រធានសមាគមមនុស្សចាស់សង្កាត់ផ្សារដើមថ្កូវ។ លោកមានប្រសាសន៍ថា លោកបានសម្រេចបង្កើតសមាគមនេះឡើងដោយឃើញចាស់ៗនៅក្នុងមូលដ្ឋានរបស់លោកមានការលំបាកខ្លាំងពេក ជាពិសេសចាស់ៗដែលគ្មានទីពឹងហើយមានជំងឺថែមទៀត៖ «ក្នុងនោះមានច្រើនណាស់ មានអ្នកលើសឈាម មានអ្នកទឹកនោមផ្អែម មានអ្នកពិការដោយលើសឈាម ពិការនៅជាប់កន្ទេល មានអ្នកជំងឺដោយជរាដល់កម្រិតងើបលែងរួចក៏មាន»។
លោក សុក កូ ដែលអះអាងថា គាត់លះបង់ដើម្បីសមាគមហើយសុខចិត្តយកផ្ទះធ្វើជាទីស្នាក់ការសមាគមនោះ លោកបានកំណត់ថា សមាជិកជាមនុស្សចាស់កឺចាប់បីអាយុ ៥៥ឡើង ហើយម្នាក់ៗអាចបង់ប្រាក់វិភាគទានចំនួន ២ពាន់រៀលប្រចាំខែ តែចំពោះសមាជិកណាដែលវេទនាពេកមិនបាច់បង់ក៏បាន។
ចំពោះសកម្មភាពសមាគមវិញ លោកថា ផ្ដោតជួយមនុស្សចាស់គ្មានទីពឹង និងចាស់ជរាឈឺដេកដួលលើកន្ទេល ដែលអាចផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១០ម៉ឺនរៀលសម្រាប់ធ្វើបុណ្យជួយថ្លៃសេវាព្យាបាល។ ក្រៅពីនេះ សមាគមមានតួនាទីចុះសួរសុខទុក្ខចាស់ៗឈឺនៅតាមផ្ទះ ផ្សព្វផ្សាយធម៌ដើម្បីលើកទឹកចិត្តជាដើម។
លោកយាយ កាន់ យ៉ុន អាយុ ៧២ឆ្នាំ បានស្ម័គ្រចិត្តបម្រើសមាគមនេះ បើទោះបីជាលោកយាយខ្លួនឯងឈឺក៏ដោយ។ លោកយាយអះអាងថា លោកយាយជាអ្នកចុះសួរសុខទុក្ខមនុស្សចាស់ដែលមានជំងឺនៅតាមផ្ទះ ដើម្បីប្រមូលព័ត៌មានអំពីសុខទុក្ខ និងសេចក្ដីត្រូវការរបស់គាត់ ជាពិសេសចាស់ជរាដែលគ្មានទីពឹង។
លោកយាយឲ្យដឹងថា ក្នុងសមាគមសព្វថ្ងៃមានចាស់ៗឈឺធ្ងន់ ១០នាក់ឈឺដួលនៅកន្ទេល ខ្លះមានកូនចៅជួយថែទាំ ក៏ប៉ុន្តែអ្វីដែលអាណោចអាធ័មនោះ គឺអ្នកមនុស្សចាស់ជរាខ្លះគ្មានទីពឹងហើយឈឺដួននៅកន្ទេលរាប់ខែ រលួយឆ្អឹងខ្នងរហូតដល់មានដំបៅដង្កូវចោះក៏មាន ព្រោះគ្មានអ្នកថែទាំ៖ «មានអ្នកក្រមែនទែន អត់មានទីពឹង មានចៅឆ្ងាយធ្វើបាបក៏មានដែរ វាក្រវាខ្វះខាតវាគ្មានអីជួយ។ រឿងហ្នឹងគឺគាត់លើសឈាម ដល់ដេកលើសឈាមងាប់ដៃងាប់ជើងអស់ទៅ បែរមិនរួចនៅរលាករលួយខ្នង គាត់ស្លាប់អស់ហើយ។ ហើយយើងមានជួយអ្នកស្លាប់ ក្រពេក យើងសុំមឈូសសប្បុរសជនយកទៅបូជាទៅ»។
សមាគមមនុស្សចាស់ផ្សារដើមថ្កូវ ជាសមាគមមួយក្នុងចំណោមសមាគមមនុស្សចាស់ដទៃទៀតនៅទូទាំងប្រទេស ដែលបង្កើតឡើងដោយប្រជាពលរដ្ឋ ខណៈដែលរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយសន្តិសុខសង្គមកិច្ចដើម្បីជួយមនុស្សចាស់។ ទោះយ៉ាងណា លោកប្រធានសមាគមត្អូញត្អែរថា កិច្ចប្រឹងប្រែងនិងជំនួយឧបត្ថម្ភរបស់សមាគម ទាំងថវិកា ទាំងការគាំទ្រផ្នែកផ្លូវចិត្ត មិនបានឈ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់មនុស្សចាស់ជរានៅក្នុងសមាគមដែលត្រូវការយ៉ាងធំធេងនោះទេ។ លោកបានអំពាវនាវឲ្យសប្បុរសជន រួមទាំងរដ្ឋាភិបាលជួយលើកស្ទួយមនុស្សចាស់ជរាផង។
ក៏ប៉ុន្តែលោក មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងយុវនីតិសម្បទា មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជួយមនុស្សចាស់ហើយ។ ជាងនេះទៅទៀតនោះ រដ្ឋាភិបាលកម្ពុជា នឹងធ្វើជាគំរូសម្រាប់ប្រទេសអាស៊ានទាំងអស់ ក្នុងការរៀបចំគោលការណ៍ជួយមនុស្សចាស់ជរានេះ៖ «អាហ្នឹងជាគោលការណ៍ រដ្ឋាភិបាលកំពុងជំរុញ យកចិត្តទុកដាក់ជាទូទៅ ឲ្យក្មេងជំនាន់ក្រោយឲ្យដឹងមនុស្សចាស់។ គឺចាត់ទុកមនុស្សដូចម៉ែឪយើងជាគោលការណ៍រួមរបស់រដ្ឋាភិបាលបច្ចុប្បន្ន ហើយដោយឡែក កម្ពុជានឹងរៀបចំជាគំរូសម្រាប់អាស៊ីផង»។
របាយការណ៍របស់អង្គការជនចាស់ជរាអន្តរជាតិ ហៅថា ហែល្ភ អេហ្ជ (Help Age) សរសេរថា កាលណាមនុស្សមានវ័យចំណាស់ ប្រព័ន្ធការពារសរីរាង្គក៏ចុះខ្សោយដែរ ធ្វើឲ្យមនុស្សចាស់មានជំងឺនានា ដូចជា ជំងឺសន្លាក់ដៃជើង លើសឈាម គាំងបេះដូង ទឹកនោមផ្អែម ។ល។ ហើយបើប្រព័ន្ធសេវាសុខាភិបាលកម្ពុជា នៅមានកម្រិតដូចសព្វថ្ងៃ ដូច្នេះកឺពិតជាធ្វើឲ្យសុខភាពមនុស្សចាស់ និងជនចាស់ជរា ប្រឈមគ្រោះថ្នាក់កាន់តែខ្លាំង អាចពិការកាន់តែច្រើន រួមទាំងអាចធ្វើឲ្យអត្រាស្លាប់កាន់តែកើនឡើង។
លទ្ធផលស្រាវជ្រាវរបស់អង្គការ ហែល្ភ អេហ្ជ ឆ្នាំ១៩៩៧ បង្ហាញថា ការចំណាយលើសេវាសុខាភិបាលថ្លៃហួសហេតុនៅកម្ពុជា សម្រាប់មនុស្សចាស់ក្នុងគ្រួសារ គឺជាបន្ទុកយ៉ាងធ្ងន់របស់កូនចៅ រហូតមានអ្នកខ្លះលក់ក្របីលក់ដីស្រែសម្រាប់ព្យាបាលឪពុកម្ដាយចាស់ជរា។ រីឯកូនចៅខ្លះមិនមានប្រាក់ ស៊ូបណ្ដោយឲ្យឪពុកម្ដាយចាស់ជរាឈឺស្លាប់ទៅតាមកម្ម។ ក្រៅពីនេះ មនុស្សចាស់ជរាខ្មែរភាគច្រើនរស់ទីពឹងលើកូនចៅ ជាពិសេសរស់នៅជាមួយកូនស្រី ខណៈដែលចាស់ជរាគ្មានទីពឹងរស់នៅឯកកោ ឬស្នាក់អាស្រ័យតាមវត្តអារាម និងអាគារសាសនានានាជាដើម។
របាយការណ៍របស់អង្គការជនចាស់ជរាអន្តរជាតិដដែល ចុះផ្សាយនៅថ្ងៃ១៧ មេសា ឆ្នាំ២០១២ បង្ហាញថា នៅដំណាច់ឆ្នាំ២០១៥នេះ ចំនួនមនុស្សចាស់ដែលមានអាយុជាង ៦០ឆ្នាំនឹងកើនឡើងដល់ទៅជាង ៨៩០លាននាក់នៅលើពិភពលោក។ ក្នុងនោះ ជនចាស់ជរាជាង ១០០លាននាក់រកប្រាក់ចំណូលដើម្បីចិញ្ចឹមជីវិតបានត្រឹមតែមួយដុល្លារក្នុងមួយថ្ងៃ ដែលជាក្ដីព្រួយបារម្ភត្រូវដោះស្រាយ។
ដោយលែកនៅប្រទេសកម្ពុជា មន្ត្រីក្រសួងសង្គមកិច្ចនិងយុវនីតិសម្បទា ឲ្យដឹងថា នៅប្រទេសកម្ពុជា មានមនុស្សវ័យចំណាស់ និងចាស់ជរាមានចំនួនជិត ៩សែននាក់ ដែលគេជឿថា ភាគច្រើនជាចាស់ជរាគ្មានទីពឹង ឬគ្មានប្រាក់ចំណូល៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។