សកម្មជនសិទ្ធិមនុស្សប្រចាំស្រុកបរកែវ លោក ជុ សាវ៉ាត មានប្រសាសន៍បញ្ជាក់ថា ជំងឺអាសន្នរោគនេះចាប់ផ្តើមយាយីអ្នកភូមិតាំងពីថ្ងៃពុធ សប្តាហ៍មុន ធ្វើឲ្យអ្នកភូមិម្នាក់ស្លាប់និងម្នាក់ទៀតបានសង្គ្រោះរួចផុតពីសេចក្តីស្លាប់ ហើយនៅថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០១០ អ្នកភូមិម្នាក់ទៀតដែលមានផ្ទះជាប់នឹងអ្នកភូមិដែលស្លាប់នោះ បានឆ្លងជុះងឺអាសន្នរោគនេះបន្តទៀត។
លោក ជុ សាវ៉ាត មានប្រសាសន៍ដូច្នេះ ៖ «ជនជាតិភាគតិចមិនសូវដឹងអី ទុកខ្មោចយូរចេះតែឆ្លងគ្នាបន្តៗ។ ខ្ញុំសំណូមពរឲ្យក្រសួងសុខាភិបាលចុះណែនាំឲ្យគេចេះការពារ ចេះប្រុងប្រយ័ត្ននៅក្នុងភូមិ»។
អ្នកភូមិដែលរងការឆ្លងរាលដាលនៃជំងឺអាសន្នរោគទាំង៣នាក់ មានលំនៅជិតគ្នាក្នុងភូមិតែមួយ។ អ្នកស្លាប់មានឈ្មោះ នឿង ហាំង អាយុ១៣ឆ្នាំ។ អ្នកភូមិដែលសង្គ្រោះរួចជីវិតមានឈ្មោះ តង់ អាយុ៥៥ឆ្នាំ ហើយអ្នកភូមិម្នាក់ទៀតឈ្មោះ នុ ហ្វាន់ អាយុ៣៦ឆ្នាំ ត្រូវរថយន្តសង្គ្រោះនៃមន្ទីរពេទ្យបានដឹកជញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តហើយនៅថ្ងៃអង្គារ ទី៩ ខែកម្ភៈនេះ។
ប្រធានមណ្ឌលសុខភាពស្រុកបរកែវ លោក ប៉ាន់ សារ៉ន មានប្រសាសន៍ថា អ្នកភូមិពីរនាក់ដំបូងដែលរងជំងឺរាករូសបណ្តាលមកពីបរិភោគផ្លែឈើមានដង្កូវ ហើយម្នាក់ទៀតបានស្លាប់ដោយសារក្រុមគ្រួសារសុំយកអ្នកជំងឺទៅព្យាបាលនៅផ្ទះ មិនធ្វើតាមការណែនាំពីគ្រូពេទ្យទើបមេរោគរាតត្បាតបន្តទៀត ធ្វើឲ្យអ្នកជំងឺស្លាប់នៅផ្ទះរបស់គេតែម្តង។ លោកបន្តថា មិនទាន់មានរបាយការណ៍ពីមន្ត្រីមណ្ឌលសុខភាពមូលដ្ឋានស្តីពីការឆ្លងរាលដាលនេះទេ។
លោក ប៉ាន់ សារ៉ន មានប្រសាសន៍ដូច្នេះ ៖ «ចង់ចូលទៅលុងឃុង ក្រែងលោវាបណ្ដាលមកពីការរាតត្បាតនៃជំងឺអាសន្នរោគហ្នឹង»។
នេះជាលើកទីមួយហើយដែលមានករណីឆ្លងរាលដាលជំងឺអាសន្នរោគនៅតំបន់សហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរី នៅឆ្នាំ២០១០។ ករណីឆ្លងរាលដាលជំងឺអាសន្នរោគនៅក្នុងមូលដ្ឋានអ្នកភូមិជនជាតិដើមដូចគ្នានេះកាលពីអំឡុងឆ្នាំ១៩៩៩ ធ្វើឲ្យមន្ត្រីសុខាភិបាលខេត្តនិងថ្នាក់ជាតិបានចាត់វិធានការសង្គ្រោះអ្នកភូមិយ៉ាងរួសរាន់។
អ្នកភូមិលុងឃុង ឈ្មោះ រម៉ាម សូត្រ មានប្រសាសន៍ថា អ្នកភូមិជនជាតិដើមមិនមានការយល់ដឹងច្រើនពីជំងឺអាសន្នរោគកាចសាហាវនេះទេ ភាគច្រើនអ្នកភូមិមានជំនឿទៅលើសែនអារក្សអ្នកតាព្រៃភ្នំ មិនបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យទេ ហើយរក្សាទុកសពអ្នកស្លាប់យូរថ្ងៃដើម្បីធ្វើពិធីសែនព្រេនតាមប្រពៃណី ៖ «ធ្លាប់ប្រពៃណីខាងខ្ញុំហ្នឹងគេរកគ្រូ គេទស្សន៍ទាយខុសត្រូវអីហ្នឹង»។
អនុប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោកវេជ្ជបណ្ឌិត ថា ប៊ុនថាក់ មានប្រសាសន៍ថា មន្ទីរសុខាភិបាលនឹងចាត់វិធានការទប់ស្កាត់ករណីនេះជាបន្ទាន់។ លោកអំពាវនាវឲ្យអ្នកភូមិប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារឲ្យមានអនាម័យ ហូបទឹកដាំពុះ ហើយប្រញាប់រួសរាន់នាំអ្នកជំងឺរាករូសមកកាន់មន្ទីរពេទ្យ បាចកំបោរជុំវិញលំនៅឋាន ភូមិឃុំនិងកន្លែងរស់នៅផ្សេងទៀតរបស់អ្នកភូមិដែលផ្ទុះចេញនូវជំងឺរាករូសនេះ ជាពិសេសអ្នកភូមិត្រូវប្រញាប់កប់ឬបូជាសពអ្នកស្លាប់ដោយសារជំងឺអាសន្នរោគដោយប្រុងប្រយ័ត្នចៀសវាងការឆ្លងរាលដាលទៅកន្លែងផ្សេៗទៀត៕
