អ្នកភូមិបានប្រាប់ដូច្នេះ ៖ «ដូចថាមួយឆ្នាំៗ ខែច្រូតឡើង អត់មានស្រូវអង្ករមួយកំប៉ុងដាក់លើផ្ទះទេ ព្រោះគាត់ជំពាក់គេផង ហើយខែធ្វើស្រែហ្នឹងគាត់ជំពាក់ស្លឹកគេនោះ មួយឆ្នាំៗឮសូថា១២-១៣-១៤ស្លឹក ហ្នឹងការងារខ្វះខាតរបស់គេក្នុងខែវស្សា។ គាត់សងអាចាស់ផង ហើយគាត់រកស៊ីថ្មីបន្តទៀតផង»។
នៅពេលដែលវិទ្យុអាស៊ីសេរី បានចូលទៅដល់ក្នុងភូមិដាច់ស្រយាល តាមផ្លូវលំគេឃើញផ្ទះអ្នកស្រុកភាគច្រើនសង់អំពីឈើ ប្រក់ស្លឹក នៅព័ទ្ធទៅដោយវាលស្រែដែលពោរពេញដោយដីខ្សាច់ ហាក់ដូចជាមិនសូវមានជីជាតិសម្រាប់ការដាំដុះឡើយ។
ជួបជាមួយនឹងអ្នកស្រី ស៊ុំ ឡៃ ភរិយារបស់បុរសដែលទើបនឹងស្លាប់កាលពីថ្ងៃអង្គារ ទី ១២ ខែ ឧសភា នៅខ្ទមស្លឹកមានទំហំប្រហែល ៤ម៉ែត្របួនជ្រុង អ្នកស្រីបានអះអាងថា ការខ្វះនូវចំណីអាហារក្នុងការបរិភោគប្រចាំថ្ងៃ និងការខ្វះប្រាក់ក្នុងការថែថួនរាងកាយពេលមានជំងឺតម្កាត់ បាននាំប្តីអ្នកស្រីចូលមរណភាព។
អ្នកស្រី ស៊ុំ ឡៃ បានឲ្យដឹងដូច្នេះ ៖ «អត់អង្ករហូបអត់អី កាលគាត់នៅរស់អត់ហូបបានឆ្អែតៗទេ ព្រោះអត់អង្ករដាំ។ ម្ហូបអាហារអត់មានលុយទិញ ជួនកាលបុកអំបិលនឹងម្ទេស»។
គ្រួសារនេះមានកូនចំនួន ៤នាក់។ ពួកគេទើបនឹងមករស់នៅភូមិត្រពាំងកក់នេះជាង ១០ឆ្នាំប៉ុណ្ណោះ ដូច្នេះក្រុមគ្រួសារនេះមិនមានដីធ្លីសម្រាប់ធ្វើដំណាំកសិកម្មដែលត្រូវរដ្ឋអំណាចចែកឲ្យនោះឡើយ។ ស្រី្តកសិកររូបនេះអត្ថាធិប្បាយបន្តទៀតថា ម្តាយក្មេកចែកដីផ្ទះនិងស្រែ១អារឲ្យធ្វើស្រែ ផលស្រូវមិនបានច្រើនមកពីដីខ្សាច់គ្មានជីជាតិ។ ពេលច្រូតស្រូវបានត្រឹមសងគេវិញ ហើយនាំគ្នាដើរស៊ីឈ្នួលខួបប្រាំងវស្សាសងគេផងរកហូបប្រចាំថ្ងៃផង។ ប្តីគាត់ត្រូវគេជួលឡើងត្នោតនិងពុះដើមត្នោត។ រីឯកូនៗដើររែកដីដើម្បីប្តូរយកប្រាក់ក្នុងមួយថ្ងៃ ៥.០០០រៀល មកទិញអង្ករនិងទិញថ្នាំពេទ្យ។
យុវជន ហម កៀន អាយុ ១៨ឆ្នាំ អះអាងថា ដោយសារតែគ្រួសារគេក្រីក្រ ប្អូនស្រីពៅអាយុ ១០ឆ្នាំ កាលពីឆ្នាំ ២០០៤ ត្រូវជនអន្ធពាលចាប់យកទៅរំលោភហើយសម្លាប់ចោល។ ម៉ែឪគេឈឺចិត្តរីងរៃដោយច្បាប់មិនជួយរកខុសត្រូវតាមការប្តឹង។ គេនិងបងជួយរែកដីរកប្រាក់ខណៈឪពុកឈឺបាក់ទឹកចិត្តរហូតដល់ស្លាប់នេះ។
យុវជន ហម កៀន បានឲ្យដឹងថា ៖ «អត់ដីធ្វើស្រែធ្វើចម្ការហើយក៏អត់មានគោ ពិបាកណាស់។ខ្វះខាតគ្រប់កន្លែង ខ្ចីអង្ករស្រូវដល់ខែធ្វើសងគេអ៊ីចឹងទៅ ហើយជំពាក់គេទៀតទៅ»។
យុវជន ហម ឡោះ អះអាងថា ៖ «គេតាមជិតខាងអ៊ីចេះៗ ក្នុង១ឆ្នាំ ៣-៤ដងដែរ គេជួយឲ្យអង្ករហូបខ្លះ ប៉ុន្តែយូរដែរហើយគេជួយហ្នឹង។ ពុកស្លាប់អត់ដឹងផង ខ្ញុំនៅធ្វើការនៅភ្នំពេញឯណោះ ធ្វើនៅរោងចក្រ អត់ទាន់បានបើកលុយផង មកដៃទទេ មិនទាន់បានលុយឲ្យគេផង រកលុយធ្វើបុណ្យអត់មាន»។
ប្រភពពីអាជ្ញាធរនិងអ្នកស្រុកឃុំពោធិ៍អង្រ្គងបញ្ជាក់ថា ដីសម្រាប់ដាំដំណាំកសិកម្មចេះតែរេចរឹលទៅៗ ប៉ុន្តែចំនួនគ្រួសាររបស់ប្រជាជនចេះតែកើនឡើងជាលំដាប់ ហើយអាជ្ញាធរភូមិ ឃុំ ក៍គ្មានដីសង្គមកិច្ចសម្រាប់ចែកឲ្យគ្រួសារដែលទើបរៀបការក្រោយៗនោះឡើយទេ។
លោក ស៊ុំ ហួន អាជ្ញាធរភូមិត្រពាំងកក់ បន្តថា អ្នកមានជីវភាពខ្សត់ខ្លាំងមកពីបញ្ហាច្រើនយ៉ាង គឺភាពជាស្រីមេម៉ាយ គ្រួសារកើតអេដស៍ និងគ្រួសារខ្លះចូលមករស់នៅភូមិកំណើតក្រោយគេចែកដី គ្រួសារខ្លះលក់ដីមើលជំងឺ។ ឯដីក្នុងភូមិគ្មានទំនេរសម្រាប់ត្រៀមចែកឲ្យទេ។
លោកបញ្ជាក់ថាបុរសឈ្មោះ មាន គង្គា ទើបស្លាប់ថ្មីៗ គ្រួសារនោះក្រៅពីធ្វើស្រែបានផលត្រឹមសងគេ។ គ្រួសារនោះជំពាក់គេវ័ណ្ឌក សូម្បីតែផ្ទះនៅក៏សហគមន៍ជួយសង់ឲ្យដែរ។ លោកថាសហគមន៍បានធ្វើសង្គហទានប្រមូលថវិកាជួយដល់ ៣០គ្រួសារ ដែលខ្វះខាតខ្លាំងនោះ។ រីឯការស្នើសុំស្បៀងទៅសង្គមកិច្ចកាកកបាទក្រហម គ្រប់គ្រងគ្រោះមហន្តរាយមិនបានឆ្លើយតបតាមសំណើទាន់ពេល។
លោក ស៊ុំ ហួន មានប្រសាសន៍ថា ៖ «ក្រុមគ្រួសារហ្នឹងខ្វះខាតខ្លាំងណាស់ រឿងម្ហូបអាហារអីបែបអត់ទេ ប៉ុន្តែរកបានហូបតិចៗ ជួយគ្នាអ៊ីចឹងទៅ»។
គ្រូពេទ្យព្យាបាលនៃអង្គការលីកាដូ លោក ញាណ សារិន ឲ្យដឹងថា ជំងឺផ្លូវចិត្តក៍អាចធ្វើឲ្យមនុស្សចុះខ្សោយរាងកាយផងដែរ។ រីឯអាហារបំប៉នសុខភាព បើខ្វះបន្លែ ផ្លែឈើ សាច់ ស្ករ ទឹក អំបិល មិនគ្រប់ជីវជាតិអាហារទេ នាំឲ្យចុះខ្សោយសុខភាពទៅជាហេវហត់ ជំរុញឲ្យសេចក្តីស្លាប់ទៅជាឆាប់កើតឡើងដែរ។
លោក ញាណ សារិន ឲ្យដឹងដូច្នេះថា ៖ «កាលណាមិនមានចំណីអាហារគ្រប់គ្រាន់ ខ្វះប្រូតេអ៊ីន ហើយនិងខ្វះកាឡូរី ខ្វះវីតាមីន គឺធ្វើឲ្យគាត់វិលមុខទន់ខ្សោយ គ្មានកម្លាំងនៅក្នុងខ្លួនទេ ហើយអាចស្លាប់»។
ជំទប់ទី២ ឃុំពោធិ៍អង្គ្រង លោក ពៅ ជិន មានប្រសាសន៍ថា ឃុំនោះមានជាង ៣០០គ្រួសារ ក្នុង ១៩ភូមិ រស់នៅក្រោមបន្ទាត់ក្រីក្រ។ លោកថាក្រុមប្រឹក្សាឃុំស្រង់ចំនួនគ្រួសារនោះបញ្ជូនទៅសង្គមកិច្ចកាកកបាទក្រហម និងគ្រោះមហន្តរាយហើយ ប៉ុន្តែចម្លើយតបវិញបានពន្យារពី១ខែទៅ១ខែ ទើបភូមិ ឃុំ និងអ្នកស្រុក ជួយគ្នាប្រមូលថវិកាឧបត្ថម្ភគ្រួសារក្រីក្រនោះបានម្តងម្កាល។ លោកថា ក្នុង១ឆ្នាំបាន១ ទៅ ២គ្រួសារប៉ុណ្ណោះ។
លោក ពៅ ជិន មានប្រសាសន៍ថា ៖ «ស្រុកបានប្រជុំហើយថាឲ្យយើងរៀបចំឈ្មោះដើម្បីបើកអង្ករដើម្បីចែកជូនអ្នកក្រីក្រ ប៉ុន្តែការងារដោះស្រាយនេះ គឺថាតាំងពីរៀបខែមុនមករហូតដល់ខែនេះ មិនទាន់បានស្អីចែកជូនប្រជាជនអ្នកក្រីក្រនៅឡើយទេក្នុងបញ្ហាខ្វះខាត»។
ថ្វីបើគ្រូពេទ្យនិងអ្នកភូមិបានអះអាងថា បុរសម្នាក់នោះបានស្លាប់ដោយសារខ្វះអាហារទទួលទាន ប៉ុន្តែអភិបាលខេត្តកំពង់ស្ពឺ លោក កង ហ៊ាន បានបដិសេធរឿងនេះ។ យ៉ាងដូច្នេះក្តី លោកមានប្រសាសន៍បន្តថា លោកបានទទួលសំណើសុំស្បៀងជួយឧបត្ថម្ភដល់ជនក្រីក្រនោះហើយ។ លោកថានឹងបញ្ជូនគណៈកម្មការចុះពិនិត្យរឿងនេះ។
តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ លោក នុត រំដួល មានប្រសាសន៍ថា រដ្ឋាភិបាលគួរមានដីកសិកម្មចែកជូនគ្រួសារមិនទទួលដីពីរដ្ឋសោះ និងមានជីវភាពក្រីក្រជាជាងយកដីទៅសម្បទានច្រើនម៉ឺនហិកតារឲ្យឯកជន។ ឯកសិករត្រូវការដីដាំដំណាំចិញ្ចឹមជីវិតបែរជាគ្មានដី នាំឲ្យមានមនុស្សឈឺស្លាប់ដោយការហូបចុកមិនគ្រប់គ្រាន់ ខ្វះជីវជាតិអាហារនោះ។
គួរជម្រាបជូនថា របាយការណ៍របស់ធនាគារពិភពលោកកាលពីពេលថ្មីៗនេះបានអះអាងថា អ្នករស់នៅក្រោមបន្ទាត់នៃភាពក្រីក្រនៅកម្ពុជា មានចំនួនប្រហែល ៣០ភាគរយ គឺស្មើនឹងបួនលាននាក់ ដែលរកប្រាក់ចំណូលក្នុងមួយថ្ងៃ ២.០០០រៀល ស្មើនឹងកន្លះដុល្លារអាមេរិក។
ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុធំៗនៅប្រទេសកម្ពុជា ក៏បានសម្ដែងការព្រួយបារម្ភផងដែរថា អ្នកក្រីក្រនៅកម្ពុជា នឹងកាន់តែក្រីក្រទៅៗ ថែមទៅទៀត នៅគ្រាដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយសារអ្នកទាំងនោះត្រូវប្រឈមមុខនឹងភាពអត់ការងារធ្វើ រួមជាមួយការគ្មានដីធ្លីស្រែចម្ការសម្រាប់ដាំដុះ និងកំណើនបន្ទុកនៅក្នុងក្រុមគ្រួសារ៕